ក្រុងប៉េកាំង ៖ គ្រោះរញ្ជួយដីកម្រិត ៦,៥ រ៉ិចទ័រដ៏មានឥទ្ធិពលមួយ បានវាយប្រហារនៅជាយក្រុងនៃតំបន់ភ្នំនៃភាគខាងលិចប្រទេសចិន កាល ពីថ្ងៃសុក្រ ទី២៥ ខែ វិច្ឆិកា ដោយបានសម្លាប់មនុស្សម្នាក់ និងបានបំផ្លាញផ្ទះពលរដ្ឋចំនួនមួយខ្នង។ តំបន់នេះជាញឹកញាប់តែងតែទទួលការញាំញីដោយគ្រោះរញ្ជួយដី។
តាមការស្ទាបស្ទង់ភូមិសាស្ត្ររបស់អាមេរិកបានឱ្យដឹងថា ការរញ្ជួយដីនេះបានបន្តវាយប្រហារនៅភាគខាងត្បូង ខេត្តស៊ីនជាំង ដែលជាតំបន់ធំមួយជាប់ព្រំដែនតំបន់អាស៊ីកណ្តាលជម្រៅប្រមាណ ១២ គីឡូម៉ែត្រ។
គ្រោះរញ្ជួយដីនេះ ក៏បានវាយប្រហារនៅជិតព្រំដែន Tajik និងនៅភាគខាងលិចនៃទីក្រុង Kashgar របស់ប្រទេសចិន។
ប្រជាជនបានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា អ្នកភូមិម្នាក់បានស្លាប់ដោយសារការបាក់រលំផ្ទះ ខណៈអគារចំនួនប្រាំមួយក្នុងតំបន់នោះ ក៏ទទួលរងការខូចខាតរប៉ាត់រប៉ាយផងដែរ៕ប្រភព៖CNA