ភ្នំពេញ៖ មានកំណើតក្នុងគ្រួសារមានជីវភាពក្រីក្រ ធ្លាប់ជួបអំពើហឹង្សាបង្កដោយឳពុកទៅលើម្តាយ បានធ្វើឲ្យយុវតីម្នាក់ឈ្មោះ គោល សិលា រស់នៅខ្វះភាពកក់ក្តៅ។ សិលា នាងបានក្លាយជាកូនកំព្រាឪពុក រស់នៅជាម្តាយនិងបងប្អូនស្រីបួននាក់ទៀតដោយប្រកបរបរលក់នំនែកបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិត។ ទីបំផុត សិលា បានជម្នះឧបសគ្គគ្រប់យ៉ាង ភាពក្រីក្រ និងអំពើហិង្សាក្នុងគ្រួសារ បង្ហាញភាពក្លាហ៊ានធ្វើការងារជួយសង្គម ព្រមទាំងក្លាយជាមនុស្សម្នាក់មានគោលជំហរជីវិតរឹងមាំ។
សមាជិកគ្រួសារសុទ្ធសឹងជាស្ត្រីព្រមទាំងមានជីវភាពក្រីក្រ សិលានិងក្រុមគ្រួសារតែងទទួលពាក្យបង្អាប់បន្តុះមើលងាយពីអ្នកជិតខាងជានិច្ច។ ការមិនផ្តល់តតម្លៃឱ្យនេះ បានកែប្រែចិត្តរបស់នាងឱ្យជម្នះឧបសគ្គគ្រប់យ៉ាង រហូតដល់រៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
«ស្ត្រីគ្រប់រូបត្រូវចៀសឱ្យឆ្ងាយពីពាក្យថា ស្ត្រីបង្វិលចង្ក្រានមិនជុំ ត្រូវតាំងចិត្តខ្លួនឯងថាស្ត្រីនៅក្នុងពេលបច្ចុប្បន្ននេះ មិនដូចស្ត្រីសម័យចិតសិបប្រាំបួនទេ ត្រូវក្រោកឈរឡើងចៀងឱ្យផុតពីការរំលោភបំពានផ្សេងៗពីបុរស… មានតែស្ត្រីខ្លួនឯងប៉ុណ្ណោះដែលអាចជួយខ្លួនឯងបាន»។ នេះជាគោលជំហររបស់យុវតី គោល សិលា ដែលតែងទន្ទេញជាប់ក្នុងចិត្តជានិច្ចនៅពេលគិតដល់អតីតកាលរបស់ខ្លួន។
សិលា និយាយថា អំពើហឹង្សាក្នុងគ្រួសារបង្កឡើងដោយឪពុកនិងភាពក្រីក្រ បានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់នាងយ៉ាងខ្លាំង ជាអន្ទាក់ធ្វើឱ្យបងប្អូនស្រីៗទាំងប្រាំរបស់នាងពុំមានឱកាសសិក្សាពេញលេញដូចគេ ហើយបន្ទុកគ្រួសារត្រូវធ្លាក់អៅលើម្តាយជាទម្ងន់។
យុវតីមានស្រុកកំណើតនៅខេត្តកំពតរូបនេះ បានរៀបរាប់ពីរឿងរ៉ាវរបស់ខ្លួនបន្តទៀតថា រដូវវស្សាម្តាយនិងបងប្អូនស្រីទាំងអស់គ្នា តែងដើរស៊ីឈ្នួលដកស្ទួងឱ្យគេជារៀងរាល់ថ្ងៃ។ ទោះជីវភាពគ្រួសារក្រីក្រ ខ្វះខាតគ្រប់យ៉ាងក៏ពិតមែន ប៉ុន្តែឆន្ទៈចង់រៀនបានខ្ពង់ខ្ពស់ដូចគេមិនបានឱ្យសិលានៅស្ងៀម ផ្តេកផ្តួលលើហេតុផលនេះឡើយ។
គ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ ស្របពេលក្មេងស្រីកម្សត់ម្នាក់នេះបានបន្តការសិក្សានៅថ្នាក មហាវិទ្យាល័យ។ សិលា បានក្លាយជាយុវតីម្នាក់ក្នុងចំណោមយុវជនច្រើននាក់បានចូលរួមធ្វើ ការងារស្ម័គ្រចិត្តជួយសង្គមជាច្រើន តាមរយៈអង្គការយុវជនមួយចំនួន។
ការងារស្ម័គ្រចិត្តទាំងនោះមានដូចជាជួយបង្រៀនពីច្បាប់ សិទ្ធិនិងតួនាទីជាពលរដ្ឋ សម្របសម្រួលកម្មវិធីប្រឹក្សាយោបល់ទៅដល់យុវជននិងប្រជាពលរដ្ឋរស់នៅ តាមបណ្តាខេត្តនាន ព្រមទាំងនៅតាមសហគមន៍រងគ្រោះដោយសារបញ្ហាដីធ្លីនៅកម្ពុជាមួយចំនួន ។
គំនិតចង់ជួយសង្គមកើតមានចំពោះ សិលា ខណៈនាងមកបន្តការសិក្សានៅក្រុងភ្នំពេញនៅឆ្នាំ ២០១១ ។ «ខ្ញុំមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត នានា។ ពួកគាត់កំពុងរងការរំលោភបំពានសិទ្ធិ សេរីភាពជារៀងរាល់ថ្ងៃ ហើយកំពុងតែទទួលរងអំពើអយុត្តិធម៌ពីអ្នកមានអំណាច-បុណ្យស័ក្តិ ខ្ពស់ កំពុងដង្ហើយហៅត្រូវការអ្នកជួយ។ មិនតែប៉ុណ្ណោះរឿងនេះរដ្ឋាភិបាលមិនបានគិតគួរដោះស្រាយឱ្យពលរដ្ឋរង គ្រោះទាំងនោះឡើយ ឃើញបែបនេះទើបជំរុញចិត្តខ្ញុំឱ្យចាប់ផ្តើមគិតបញ្ហាសង្គម»។
ចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្តនៅក្នុងសង្គម មិនមែនជារឿងងាយស្រួលឡើយចំពោះស្ត្រី។ យុវតីមានវ័យ ២២ ឆ្នាំរូបនេះ បានឱ្យដឹងបន្ថែមទៀតថា៖ «ពេលខ្លះខ្ញុំត្រូវទៅរៀនផងធ្វើការងារផ្សេងៗក្នុងសង្គមផង ហើយម្តាយតែងជំទាស់នឹងកិច្ចការដែលនាងធ្វើជានិច្ច ព្រោះគាត់មិនចង់ឱ្យខ្ញុំធ្វើកិច្ចការសង្គមទេ…និយាយទៅគាត់ ខ្លាចមានគ្រោះថ្នាក់ព្រោះខ្លួនជាមនស្សស្រី តែក្រោមមកគាត់ឃាត់មិនស្តាប់គាត់ក៏ឈប់ហាមឃាត់»។
ជុំវិញរឿងរ៉ាវខាងលើនេះអ្នកស្រី ស៊ុន សុខហ៊ុយ អាយុ ៥២ ឆ្នាំ ជាម្តាយរបស់សិលាមានប្រសាសន៍ថា៖ «ខ្ញុំមិនចង់ឱ្យកូនស្រីធ្វើការងារផ្សេងៗពាក់ព័ន្ធនឹងសង្គមឡើយ … ដូចជាការចូលរួមចេញតវ៉ាបាតុកម្ម ព្រោះចេះតែខ្លាចមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។ ប៉ុន្តែនៅពេលដែលកូនវាពន្យល់ហេតុផលផ្សេងៗខ្ញុំក៏មិនអាចហាមឃាត់ មានតែឱ្យគេធ្វើទៅ»។
និយាយបណ្តើរញញឹមបណ្តើរ ភ្លាមនោះសិលាព្រលយសម្ដីថា៖ «ការងារសង្គមបានផ្តល់ផលតបស្នងមកខ្ញុំវិញជាច្រើន ដូចជាបានផ្តល់ចំណេះដឹងបន្ថែមលើជំនាញដែលសិក្សានៅមហាវិទ្យាល័យ ធ្វើឱ្យការគិតរបស់ខ្ញុំរឹងមាំ ខ្ញុំក្លាយខ្លួនជាពលរដ្ឋសកម្មម្នាក់យល់ដឹងពីរឿងរ៉ាវគ្រប់យ៉ាងនៅ ក្នុងសង្គម»។
សិលា យល់ថា សកម្មភាពការងាររបស់យុវជននៅក្នុងសង្គម បានធ្វើឱ្យរាជរដ្ឋាភិបាលចាប់ផ្តើមជុំរុញមន្ត្រីរបស់ខ្លួនឱ្យ មកនិយាយជាមួយយុវជនក្នុងវេទិការសាធារណៈផ្សេងៗ ដើម្បីរកដំណោះស្រាយចំពោះបញ្ហាដែលកំពុងកើតឡើង។

ក្នុងនាមជា មន្ត្រីសម្របសម្រួលគម្រោងផ្នែកតស៊ូមតិនៃបណ្តាញយុវជនកម្ពុជា បច្ចុប្បន្នសិលាកំពុងចូលរួមសកម្មភាពរៀបចំវេទិការសម្តែងមតិយោបល់ជា សាធារណៈទៅកាន់រដ្ឋាភិបាល ទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែន រដ្ឋាភិបាល ដែលសង្គមស៊ីវិលទាំងអស់នៅក្នុងស្រុកពុំគាំទ្រឱ្យច្បាប់នេះ។
កន្លងទៅកញ្ញា គោល សិលា បានរៀបចំវេទិការយុវជនជាច្រើនបង្ហាញពីការព្រួយបារម្ភរបស់យុវជន ចំពោះសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាននិងគមនាគមន៍។ ការរៀបចំកម្មវិធីយុវជននេះ ជាគំនិតមួយដែលរូបគេធ្លាប់ទទួលបានបទពិសោធន៍ពីការសិក្សារយៈពេល ខ្លីនៅប្រទេសអូស្ត្រាលី ដោយបង្កើតខិតប័ណ្ណជាញតិចែកជាសាធារណៈដល់យុវជនសរសេរមតិយោបល់ ផ្សេងៗជុំវិញសេចក្តីព្រាងច្បាប់នេះដើម្បីដាក់ជូនរដ្ឋាភិបាល៕