គណបក្សសម រង្ស៊ី បានច្រានចោលការចោទប្រកាន់ទោសលើ សមាជិកព្រឹទ្ធសភាគណបក្សរបស់ខ្លួនពីបទក្លែងឯកសារ និងមានទោសក្បត់ជាតិនោះ ថាជាការចោទប្រកាន់មិនត្រឹមត្រូវ។
លោកគង់ គាំ ប្រធានគណបក្សសម រង្ស៊ី បានចេញសេចក្ដីថ្លែងការណ៍ថានៅរសៀលថ្ងៃព្រហស្បតិ៍ទី១៣ ខែសីហា ឆ្នាំ២០១៥ នេះ ដោយច្រានចោលការចោទរបស់លោក ហ៊ុន សែន ចំពោះសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោកហុង សុខហួរ ទាក់ទងនឹងការលើកពីចំណុចមួយនៃសន្ធិសញ្ញាសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ រវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ១៩៧៩ ថាជាអំពើក្លែងឯកសារ និងជាទោសក្បត់ជាតិ។
ក្នុងសេចក្ដីថ្លែងការណ៍នេះបញ្ជាក់ថា គណបក្សសមរង្ស៊ី ពិនិត្យយល់ថា ការប្រើឯកសារមិនផ្លូវការ និងការបកស្រាយរបស់លោកហុង សុខហួរ ក្នុងឋានៈជាសមាជិកព្រឹទ្ធសភា មិនមែនជាអំពើក្បត់ជាតិ ដូចការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រីទេ។ ប្រសិនបើការប្រើឯកសារ និងការបកស្រាយមិនត្រឹមត្រូវ លោកហុង សុខហួរ អាចធ្វើការកែតម្រូវចំពោះសាធារណជនឡើងវិញបាន។
សូមជម្រាបថា លោកហុង សុខហួរ ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី។ កាលពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៥នេះ ក្នុងឱកាសប្រគល់ផែនទីជូនរាជបណ្ឌិតសភាកម្ពុជាលោកផ្តាំផ្ញើឲ្យអ្នកស្រាវជ្រាវនៅរាជបណ្ឌិតសភាពិនិត្យចំណុចនៅតំបន់ចំពុះទា ក្នុងខេត្តស្វាយរៀង លោកបាននិយាយថា តាមការបកស្រាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅឆ្នាំ២០០៥ ចំណុចនោះជនជាតិវៀតណាមបានចូលមកទឹកដីកម្ពុជាប្រមាណ ១១០០ហិកតា ឯកម្ពុជាបានចូលទៅខាងវៀតណាមជាង ២០០ហិកតា។
ម្យ៉ាងទៀត កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ម្សិលមិញនេះ លោកបានបង្ហាញឯកសារមួយថា សន្ធិសញ្ញាឆ្នាំ១៩៧៩ រវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋប្រជាមានិតវៀតណាម ជាកិច្ចព្រមព្រៀងរំលាយព្រំដែនប្រទេសទាំងពីរ ហើយបោះបង្គោលព្រំដែនថ្មី៕