ត្រឹមមួយខែប៉ុណ្ណោះ គឺក្នុងខែតុលាឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងថ្មីចំនួន ៣០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២២៦លានដុល្លារអាម៉េរិក ដោយអាចបង្កើតការងារបានប្រមាណ ១៦ពាន់កន្លែង។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី០៦ ខែវិច្ឆិកា។
(កញ្ញា ងិន ស៊ាងលីម ជូនសេចក្តីរាយការណ៍)
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បញ្ជាក់ថា គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១គម្រោង និងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួ ន១០គម្រោង។
ក្នុងចំណោមគម្រោងវិនិយោគទាំង ៣១នោះ មានគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ចំនួន១, ក្រៅពីនោះផ្តោតលើឧស្សាហកម្ម រួមមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង កាបូប គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈបរិក្ខារសម្រាប់បោះតង់ គ្រឿងសង្ហារឹម គ្រឿងតុបតែងលម្អ និងគម្រោងផ្សេងៗទៀត។
គួរបញ្ជាក់ថា ក្នុងខែតុលា ឆ្នាំ២០២៤ នេះ ប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥៣,៣៩% នៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុកគ្របដណ្តប់ ២៩,៤៧% ។
រីឯឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងបានចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន ២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន ៧១ ត្រូវបានបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងទាំងនេះមានទុនវិនិយោគសរុបប្រមាណជិត ៤,៩ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣០៧,០០០កន្លែង។ ក្នុងនោះ ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មបានចូលរួមចំណែកដល់ទៅប្រមាណ ៩២% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦% បានមកពីវិស័យនេះ។ ជារួម រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរង្វង់ប្រមាណ ២២% ធៀបនឹងឆ្នាំ២០២២ ។
គួរបញ្ជាក់ដែរថា រំហូរទុនវិនិយោគក្នុងឆ្នាំ ២០២៣ ភាគច្រើនមានប្រភពមកពីប្រទេសចិន និងក្នុងស្រុក ដោយបានរួមចំណែកជិត ៩០% នៃទុនវិនិយោគសរុប៕
អត្ថបទដោយ៖ កញ្ញា ងិន ស៊ាងលីម