ពលរដ្ឋទាំង ៤នាក់ បានចូលរួមសវនាការនៅតុលាការកំពូល នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ រូបភាពពីCCFC។
តុលាការកំពូលនៅព្រឹកថ្ងៃទី៧ ខែតុលានេះ បានបើកសវនាការជំនុំជម្រះករណីវិវាទដីធ្លីរវាងសហគមន៍ស្រែប្រាំង ស្ថិតនៅខេត្តត្បូងឃ្មុំ ជាមួយក្រុមហ៊ុនចិន Harmony Win Investment ដោយប្រជាសហគមន៍ចំនួន ៤នាក់ ដែលរងបណ្ដឹងពីក្រុមហ៊ុនចិន ស្នើឱ្យតុលាការពិចារណាទម្លាក់បទចោទមកលើពួកគេ។ លោក គីម ចាន់ចាវ រាយការណ៍
ជនជាប់ចោទទាំង ៤នាក់នោះរួមមាន៖ អ្នកស្រី ឃឹម សុខជាង លោក វឿន វឿ លោក ចក់ ជ័យ និងលោក ពុំ ពេជ្រ។ ប្រជាសហគមន៍ទាំងបួននាក់ខាងលើនេះត្រូវសាលាដំបូងបានចោទពីបទ«ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្ត មានបុគ្គលច្រើនរូប ដែលធ្វើសកម្មភាពក្នុងឋានៈជាសហចារី» ដែលប្រព្រឹត្តនៅចំណុចទួលពពែល ស្ថិតក្នុងភូមិសែប្រាំង ឃុំត្រពាំងព្រីង ស្រុកដំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
អ្នកស្រី ឃឹម សុខជាង ពលរដ្ឋរងគ្រោះម្នាក់ក្នុងករណីវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៧ ខែតុលានេះថា ការចូលរួមសវនាការព្រឹកនេះ គឺអនុវត្តទៅតាមដីកាកោះហៅរបស់តុលាការ ពាក់ព័ន្ធនឹងបទចោទខាងលើតាំងពីឆ្នាំ២០២០ នៅចំណុចទួលពពែល ស្ថិតក្នុងភូមិសែប្រាំង ។ ចំពោះលទ្ធផលនៃសវនាការនេះយ៉ាងណា អ្នកស្រីមិនទាន់ដឹងនៅឡើយនោះទេ ប៉ុន្តែចំពោះបទចោទកន្លងមកនេះ គឺអ្នកស្រីបដិសេធថាប្រជាសហគមន៍ពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់សាលាដំបូងឡើយ។ ជាងនេះអ្នកស្រីអះអាងថា ទំនាស់ដីធ្លីនេះ ធាតុពិតកើតឡើងដោយសារភាគីក្រុមហ៊ុនចិន បានរំលោកភយកដីរបស់អ្នកស្រីដែលអាស្រ័យផលតាំងពីដូនតាមក ប៉ុន្តែបែរជាក្រុមហ៊ុនមកប្ដឹងឱ្យអ្នកស្រីមានទោសទៅវិញ។
អ្នកស្រីបន្តរៀបរាប់ទៀតថា ដីដែលក្រុមហ៊ុនចិនរំលោភយក មានទំហំប្រមាណ ៣ហិកតា ដែលស្ថិតនៅក្នុងភូមិស្រែប្រាំង ខណៈដីនេះកន្លងមកអ្នកស្រី និងគ្រួសារ អាស្រ័យផលដាំដំណាំដំឡូងមី។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០២០ ដែលក្រុមហ៊ុនរំលោភយកមក អ្នកស្រីថា ក្រុមហ៊ុនមិនបានផ្ដល់សំណងជូនឡើយ ដូច្នេះហើយធ្វើឱ្យគ្រួសារអ្នកស្រីប្រឈមនឹងជីវភាពខ្វះខាតធ្ងន់ធ្ងរ និងត្រូវប្រឈមបណ្ដឹងនៅតុលាការថែមទៀត។
អ្នកស្រី ឃឹម សុខជាង៖ «ពិបាក ណាមួយយើងអត់មានលុយធ្វើដំណើរ ណាមួយខ្លួនយើងឈឺ។ ចុងក្រោយខ្ញុំមានតែស្នើសុំគាត់ឱ្យខាងតុលាការទម្លាក់បទចោទ ព្រោះអីយើងវាក្រខ្សត់អត់មានលុយធ្វើដំណើរចុះឡើងៗ»។
បទចោទប្រកាន់មកលើពលរដ្ឋទាំង ៤នាក់នេះ ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួន ២ឆ្នាំ ប៉ុន្តែការអនុវត្តទោសនេះ ត្រូវបានព្យួរ។
ចំណែកលោក វឿន វឿ ជនជាប់ចោទម្នាក់ទៀតដែលបានចូលបំភ្លឺតាមដីការបស់តុលាការ ប្រាប់ថា ការចូលរួមសវនាការនេះ គឺតាមដីកាកោះរបស់តុលាការ តាមរយៈការប្ដឹងទាស់របស់លោក និងសមាជិកផ្សេងទៀត ចំពោះការសម្រេចរបស់សាសាឧទ្ធរណ៍ត្បូងឃ្មុំ ដែលឱ្យលោក និងសមាជិក ៣នាក់ផ្សេងទៀតជាប់ពន្ធនាគារចំនួន ២ឆ្នាំ។ ចំពោះបទចោទនេះ លោកអះអាងថា រាល់សកម្មភាពដែលលោក និងសមាជិកផ្សេងទៀតបានធ្វើ គឺគ្រាន់តែទាមទារដីរបស់ខ្លួនត្រឡប់មកវិញប៉ុណ្ណោះ តែបែរជាត្រូវរងការចោទប្រកាន់ថាបានបំផ្លិចបំផ្លាញទ្រព្យរបស់ភាគីក្រុមហ៊ុនទៅវិញ។
យ៉ាងណាការប្ដឹងជំទាស់របស់លោក និងសមាជិក ៣នាក់ទៀត គឺភាគីក្រុមហ៊ុនតែងតែអវត្តមាន ក្នុងការចូលរួមជំនុំជម្រះ ជាក់ស្ដែងបច្ចុប្បន្ននេះមកដល់តុលាការកំពូលហើយ នៅតែក្រុមហ៊ុនចិន មិនមកចូលរួមដដែល។
លោក វឿន វឿ ៖ «ខ្ញុំមានប៉ះពាល់ព្រោះអីខ្ញុំធ្វើក្នុងចំនួនដីហ្នឹងវា ៣ហិកកន្លះដែរ ដល់ពេលឥលូវក្រុមហ៊ុនចិនវាយកអស់ហើយអត់មានអីត្រូវធ្វើទៀត មានតែស៊ីឈ្នួលធ្វើការសំណង់ឱ្យគេ។ ណាមួយកូនខ្ញុំ ក៏មិនបានរៀនតទៅដែរ រៀនបានត្រឹមថ្នាក់ទី៥ ដើរខ្ញុំគេដូចជាខ្ញុំដែរ»។
រូបភាពពីហ្វេសប៊ុកសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)។
សូមរំលឹកបន្តិចថា ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់ពេលនេះ ដីដែលក្រុមហ៊ុនចិនរំលោភយកមានទំហំប្រមាណ ៧៥៨ហិកតា ក្នុងនោះមានប្រជាសហគមន៍ចំនួន៣ភូមិ រួមមាន ភូមិកំប្រើស ភូមិត្រពាំងព្រីង និងភូមិស្រែប្រាំង ដែលស្ថិតក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយគ្មានផ្ដល់សំណងអ្វីឡើយ។
ជុំវិញសវនាការនេះ លោកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូល បដិសេធចំពោះលទ្ធផលនៃសវនាការរបស់ពលរដ្ឋដែលរងគ្រោះដីធ្លីនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយហេតុផលលោកស្រី ជាប់រវល់ប្រជុំ មិនបានចូលរួមក្នុងសវនាការនេះឡើយ។
លោកស្រី ម៉ៅ ធីតា៖ «ដោយសារព្រឹកនេះខ្ញុំមានកិច្ចការប្រជុំ ហើយនិងការងារសវនាការថ្ងៃនេះ អ៊ីចឹងខ្ញុំឆែកជាមួយក្រឡាបញ្ជី»។
យោងតាមឯកសារមួយចងក្រងដោយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានបង្ហាញថា ប្រជាពលរដ្ឋក្នុងសហគមន៍ស្រែប្រាំង បានចូលមកកាន់កាប់ដីនៅតំបន់នេះនៅឆ្នាំ២០០២។ សហគមន៍នេះមាន ២៥០គ្រួសារ និងកាន់កាប់ដីទំហំ ៧៨០ហិកតា។
សូមបញ្ជាក់ថា ដីព្រៃលិចទឹករបស់សហគមន៍ស្រែប្រាំង និងសហគមន៍បុស្សស្នោ ទំហំ៥៨០ហិកតា ផ្តើមមានជម្លោះជាមួយក្រុមហ៊ុនចិន Harmony Win Investment ចាប់តាំងពីឆ្នាំ២០១៤មក និងដីទំហំ ២០០ហិកតាទៀតមានជម្លោះជាមួយឧកញ៉ា ម៉ែន ចាន់ធឿន។ ចាប់ពីពេលនោះមក ពលរដ្ឋនៅក្នុងសហគមន៍តែងចូលរួមតវ៉ា និងទប់ស្កាត់ប្រឆាំងនិងការឈូសឆាយដីពីសំណាក់ក្រុមហ៊ុន និងបានឡើងមកភ្នំពេញញឹកញាប់ដើម្បីដាក់ញត្តិទៅក្រសួងពាក់ព័ន្ធឱ្យជួយអន្តរាគមន៍រកដំណោះស្រាយ រួមមាន៖ ក្រសួងដែនដី ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជាដើម៕