ភ្នំពេញៈ មកដល់ពេលនេះមានខេត្តចំនួន១១ហើយដែលប្រឈមនឹងការខ្វះខាតទឹកធ្វើស្រូវប្រាំងក្នុងឆ្នាំ២០២៥នេះ តាមទិន្នន័យដែលរាយការណ៍ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាមបណ្តាខេត្តទាំងនោះ បានឱ្យដឹងថា សរុបមានស្រូវចំនួនប្រមាណជិត៣ម៉ឺនហិកតា ដែលប្រឈមនឹងការខ្វះខាតទឹក តែស្រូវប្រាំងទាំងអស់មិនទាន់មានការខូចខាតនៅឡើយទេ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកសុទ្ធ គឹមកុលមុន្នី បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៧ ខែមករាឆ្នាំ២០២៥នេះថា ខេត្តទាំង១១ដែលប្រឈមនឹងការខ្វះខាតទឹករួមមាន ខេត្តក្រចេះ កំពង់ធំ កណ្ដាល តាកែវ បន្ទាយមានជ័យ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ពោធិ៍សាត់ កំពង់ចាម និងខេត្តសៀមរាប រីឯខេត្តដទៃទៀតក៏មានការប្រឈមបន្តិចបន្តួចដែរ។ ពាក់ព័ន្ធការចុះសង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករនេះដែរ លោកថា ក្រសួងជំនាញ ក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពិសេសប្រជាពលរដ្ឋកសិករ បានសស្រាក់ សស្រ៊ាំក្នុងការចូលរួម អន្តរគមន៍បូមទឹកសង្រ្គោះស្រូវប្រាំង ដែលខ្វះខាត ទឹក និងកន្លែងណាដែលមានប្រភពទឹក។
លោកសុទ្ធ គឹមកុលមុន្នី៖«ជារួមការអន្តរាគមន៍ឆ្លើយតប ពីជំនាញ ក៏ដូចជាក្រុមការងារចុះជួយតាមបណ្តាខេត្ត និងប្រជាកសិករយើងរហូតមកដល់ពេលនេះគឺបានជិត២ម៉ឺនហិកតាហើយ នៅតំបន់ដែលមានប្រភពទឹក ជារួមមកដល់ពេលនេះមិនទាន់មានការខូចខាត ស្រូវប្រាំងរបស់ប្រជាកសិករនៅយើងនៅឡើយទេ»។
ជាមួយគ្នានេះ លោកសុទ្ធ គឹមកុលមុន្នី បានអំពាវនាវដល់ប្រជាកសិករ ត្រូវប្រើប្រាស់ទឹក ដោយសន្សំសំចៃ ព្រោះកុំឱ្យខ្វះខាតទឹកសម្រាប់ប្រើប្រាស់ទាំងមនុស្ស និងសត្វនៅថ្ងៃខាងមុខ ហើយលោកសូមណែនាំឱ្យប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាព។
ទោះជាយ៉ាងណាលោក បញ្ជាក់ថា ការអន្តរាគមន៍ឆ្លើយតបធ្វើតាមលទ្ធភាពដែលអាចធ្វើទៅបាន តំបន់ដែលមានប្រភពទឹក បើតំបន់អត់ប្រភពទឹកក៏មានការលំបាកផងដែរ។
លោកសុទ្ធ គឹមកុលមុន្នី៖« ក្នុងការអន្តរាគមន៍នេះក៏យើងគិតគូអំពីតម្រូវការជួយសង្គ្រោះស្រូវផង ក៏គិតគូរអំពីទឹកប្រើប្រាស់សម្រាប់សត្វក៏ដូចជាទឹកស្អាតសម្រាប់មនុស្សប្រើប្រាស់ផងដែរ ពេលនេះរដូវប្រាំងមិនទាន់បញ្ចប់នៅរយៈពេលបី បួនខែទៀតអ៊ីចឹងវាជាពេលវេលាមួយយូរដែរក្នុងការតម្រូវការទឹកប្រើប្រាស់ទឹកសម្រាប់មនុស្ស និងសត្វ និងការប្រើប្រាស់ផ្សេងៗអ៊ីចឹងការអន្តរាគមន៍នេះក៏យើងត្រូវពិចារណាអំពីតម្រូវការទាំងអស់នេះ អ៊ីចឹងត្រូវរក្សាទឹកដើម្បីជួយផ្គត់ផ្គង់ទៅសត្វក៏ដូចជាមនុស្សផងដែរ»។
លោកសុទ្ធ គឹមកុលមុន្នី បានឱ្យដឹងទៀតថា គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយលោកទេសរដ្ឋ គន់ គឹម អនុប្រធានទី១ បានចុះពិនិត្យស្ថានភាពនិងវាយតម្លៃស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្តមួយចំនួនដែលរងផលប៉ះពាល់នៃការខ្វះខាតទឹកនេះ ដោយបានចាត់វិធានការភ្លាមៗជាមួយមន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយជូនប្រជាកសិករ ជារួមមកទល់ពេលនេះការអន្តរាគមន៍ឆ្លើយតបពីជំនាញក៏ដូចជាក្រុមការងារ ចុះជួយតាមបណ្តាខេត្ត និងប្រជាកសិករបានជាង២ម៉ឺនហិកតានៅតំបន់ដែលមានប្រភពទឹក។ជាការកត់សម្គាល់ មិនទាន់មានការខូចខាតលើស្រូវប្រាំងរបស់ប្រជាកសិករនៅឡើយទេ៕
ប្រភពរូបៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ