en     km
en     km

ខេត្ដកំពង់ឆ្នាំង ៖ ឡានកុងតឺន័របុកឡានដឹកកម្មករ បណ្ដាលឲ្យកម្មករ-កម្មការិនី ២១នាក់រងរបួស

Share

ភ្នំពេញ ៖ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ម្សិលមិញ ឡានកុងតឺន័រមួយគ្រឿងបានជ្រុលចង្កួតទៅបុកឡានដឹកកម្មករ ដែលកំពុងបើកបញ្រ្ចាស់ទិសគ្នា។ នេះបើយោងតាមបេឡាជាតិរបបសន្ដិសុខសង្គម ផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកានេះ។ ហេតការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅឃុំសែប ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំ បណ្ដាលឲ្យកម្មករ-កម្មការិនីចំនួន ២១នាក់​រងរបួសស្រាល។

ប.ស.ស ឲ្យដឹងទៀតថា កម្មករ-កម្មការិនីទាំងអស់ គឺធ្វើការនៅរោងចក្រ TRIPOS INTERNATIONA ស្ថិតក្នុងភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំ។

ក្រោយកើតហេតុ មន្រ្ដី ប.ស.ស ប្រចាំខេត្ដកំពង់ឆ្នាំង បានបញ្ជូនជនរងគ្រោះទាំង ២១នាក់ ទៅមន្ទីរពេទ្យ និងបានធ្វើការស៊ើបអង្កេតករណីគ្រោះចរាចរណ៍នេះ។ បេឡាជាតិរបបសន្ដិសុខសង្គម បញ្ជាក់ថា ការចុះស៊ើបអង្កេតករណីនេះ គឺក្នុងគោលបំណងដើម្បីឲ្យប្រាកដថា ជនរងគ្រោះពិតជា ជួបគ្រោះថ្នាក់ការងារពិតមែន ឬយ៉ាងណា។ លើសពីនេះ ប.ស.ស បន្ថែមថា ការស៊ើបអង្កេតនេះ គឺដើម្បីងាយស្រួលក្នុងការសិក្សាកម្រិតបាត់បង់សមត្ថភាពរបស់ជនរងគ្រោះ ក៏ដូចជាកម្រិតដែលត្រូវផ្ដល់ឲ្យជនរងគ្រោះវិញ នូវអត្ថប្រយោជន៍ផ្សេងៗពី ប.ស.ស។

សូមជម្រាបថា យោងតាមរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិ របបសន្ដិសុខសង្គម (ប.ស.ស) គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៨។

ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានចុះផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្ដដឹកកម្មករ និងកម្មករ និយោជិត មាន  អ្នកបើកបរចំនួន ៤ ៣៦៩នាក់ ក្នុងនោះមានបណ្ណបើកបរចំនួន ៣​ ៥៩១នាក់ ស្មើនឹង ៨២ភាគរយ និងអ្នកគ្មានបណ្ណបើកបរចំនួន ៧៧៨នាក់ ស្មើនឹង ១៨ភាគរយ។

លើសពីនេះ ស.ផ.ក បានបញ្ជាក់ថា ដើម្បីឲ្យអ្នកបើកបរយាន្ដយន្ដដឹកកម្មករនិយោជិតមានបណ្ណបើកបរស្របតាមប្រភេទយានយន្ដ ប.ស.ស បានសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចុះបណ្ដុះបណ្ដាលប្រឡងយកបណ្ណបើកបរ ជាលើកទី២ ដែលចាប់ដំណើរការកាលពីខែកក្កដា ឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្នបានចំនួន ១៤លើក។ តាមសកម្មភាពការងារនេះ ជាលទ្ធផលអ្នកបើកបរប្រឡងជាប់ជាស្ថាពរចំនួន ១១០១នាក់ ក្នុងនោះប្រភេទ “ខ” ចំនួន ៦៦៤នាក់ និងប្រភេទ “ឃ២” ចំនួន ៤៣៧នាក់ ហើយនៅថ្ងៃនេះទៀត អ្នកដែលត្រូវទទួលបានបណ្ណបើកបរមានចំនួន ១០២នាក់៕

អត្ថបទ៖លោក លៀ ស៊ីណា

Share

Image Not Found
Image

ព័ត៌មានទាក់ទង