loader

ខេត្ដកំពង់ចាម​ ៖​ គ្រាប់​យុទ្ធ​មិន​ទាន់​ផ្ទុះ​ប្រមាណ​ ០៧​តោន​ ត្រូវ​បាន​អាជ្ញាធរ​យក​ចេញពី​ក្រោម​ដី​

​ភ្នំពេញ​ ៖​ ស្នងការ​រង​ខេត្ដកំពង់ចាម​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ អាជ្ញាធរ​ខេត្ដ​ រួម​ជាមួយ​អង្គភាព​ស៊ី​ម៉ាក់​ បាន​យក​គ្រាប់​យុទ្ធភណ្ឌ​ច្រើន​ប្រភេទ​ចេញពី​ឃ្លាំង​ក្រោម​ដី​ ប្រមាណ​ ០៧​តោន​។​ គ្រាប់​យុទ្ធភណ្ឌ​ទាំង​អស់នោះ​ គឺ​សុទ្ធតែ​សឹងតែ​នៅ​មានគុណ​ភាព​។​ ករណី​នេះ​ ប្រធាន​អង្គភាព​ស៊ី​ម៉ាក់​ បញ្ជាក់​ថា​ គ្រាប់​ទាំង​អស់នោះ​ត្រូវ​បាន​បន្សាប​ចោល​អស់ហើយ​។​

​កាលពី​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៨​ អាជ្ញាធរ​ខេត្ដកំពង់ចាម​ រួម​ជាមួយ​មន្ដ្រី​ នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ បាន​យក​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ច្រើន​ប្រភេទ​ ដែល​កប់​នៅ​ក្រោម​ដី​កាលពី​មាន​ឧបទ្ទវហេតុ​ផ្ទុះ​ឃ្លាំង​កាល​ឆ្នាំ​១៩៩១​។​ ទីតាំង​ឃ្លាំង​នេះ​ គឺ​ស្ថិត​ក្នុង​មូលដ្ឋាន​ស្នងការ​ប៉ូ​លី​ស​ ខេត្តកំពង់ចាម​ នៅ​កណ្ដាល​ខេត្ដ​តែ​ម្ដង​។​

​លោក​ មិន​ សុខ​វិបុល​ ស្នងការ​រង​ខេត្ដកំពង់ចាម​ ទទួល​បន្ទុក​ផ្នែក​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ គ្រាប់​ដែល​កប់​ក្នុង​ឃ្លាំង​បាន​ផ្ទុះ​ ព្រោះតែ​មាន​បញ្ហា​បច្ចេកទេស​។​ កាលនោះ​អាជ្ញាធរ​បាន​សម្រេចចិត្ដ​យក​ដី​លុប​ឃ្លាំង​នោះ​ ពីព្រោះ​តែ​អាជ្ញាធរ​មិន​ទាន់​មាន​បច្ចេកទេស​គ្រប់គ្រាន់​ក្នុង​ការ​បន្សាប​ឥទ្ធិ​ល​របស់​គ្រប់​ទាំងនោះ​។​

​លោកស្នងការ​រង​បន្ដ​ថា​ ក្រោយ​ពី​ចាក់​ដី​លុប​ឃ្លាំង​អស់​រយៈពេល​ជិត​ ២០​ឆ្នាំ​ ស្នងការ​ខេត្ដ​បារម្ភ​ទៅ​ថ្ងៃក្រោយ​ ថា​ គ្រាប់​ទាំង​អស់នោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ ទើប​ស្នងការ​ខេត្ដ​សម្រេចចិត្ដ​ សហការ​ជាមួយ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីង​ កាយ​ដី​យក​គ្រាប់​យុទ្ធភណ្ឌ​ទាំងនោះ​មក​បន្សាប​។​ គ្រាប់​ដែល​មាន​កប់​ក្នុង​ឃ្លាំង​នេះ​ មាន​ដូច​ជា​ គ្រាប់​ 105​មី​លី​ម៉ែត្រ​ គ្រាប់​ DK​ របស់​សហរដ្ឋអាមេរិក​ រួម​ជាមួយនឹង​គ្រាប់កាំភ្លើង​តូច​ជា​ច្រើន​សិប​គ្រាប់​។​

​ប្រតិបត្ដិ​ការណ៍​នេះ​ បាន​ចំណាយ​ពេលវេលា​ ១៥​ថ្ងៃ​ ហើយ​គ្រាប់​ទាំង​អស់នោះ​ត្រូវ​បាន​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​ យក​ទៅ​បន្សាប​គុណភាព​អស់ហើយ​។​ តែ​យ៉ាងណា​លោកស្នងការ​រង​ សង្កត់ធ្ងន់​ថា​ គ្រាប់​ទាំង​ ៧​តោន​នេះ​ គឺ​សុទ្ធតែ​ជា​ពពួក​គ្រាប់​ដែល​មានគុណ​ភាព​អាច​បង្ក​គ្រោះថ្នាក់​។​ ជាង​នេះ​លោក​បន្ដ​ថា​ នៅ​ក្នុង​ខេត្ដកំពង់ចាម​ជា​រឿយៗ​ប្រជាពលរដ្ឋ​តែងតែ​ប្រទះ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ប៉ុន្ដែ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ​ដល់​ស្លាប់​ឡើយ​។​

​ជុំវិញ​ករណី​មីន​នេះ​ លោក​ ហេង​ រតនា​ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ដោយ​បង្ហាញ​ការ​អបអរសាទរ​ដល់​សកម្មភាព​យក​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ដោយ​ជោគជ័យ​នេះ​។​ លោក​បញ្ជាក់​ថា​ គ្រាប់​ដែល​ត្រូវ​យក​ចេញពី​ក្នុង​ឃ្លាំង​កប់​ដី​ មាន​ចំនួន​ជាង​ ១៥០០​គ្រាប់​ ដោយ​ក្នុង​នោះ​មាន​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ជាង​ ៩០០​គ្រាប់​ មីន​ ២០​គ្រាប់​ ក្បាល​ផ្ទុះ​ ៦០០​គ្រាប់​ និង​គ្រាប់កាំភ្លើង​ធុន​ស្រាល​ជាង​ ២០០០kg​។​ ​តាម​រយៈ​បទ​សម្ភាស​ជាមួយ​វិទ្យុ​ស្ដ្រី​នា​ពេល​កន្លង​មក​ លោក​ ហេង​ រតនា​ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​ កុំ​ប៉ះពាល់​ ឬ​កែ​ច្នៃ​ គ្រាប់​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ​ បើ​ទោះជា​ឃើញ​គ្រាប់​ទាំង​អស់នោះ​មាន​សភាព​ ចាស់​ យ៉ាងណា​ក៏​ដោយ​។​ ពីព្រោះ​តែ​គ្រាប់​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ​ គឺ​មាន​ឥទ្ធិពល​ក្នុង​រយៈពេល​វែង​។​

​យោង​តាម​របាយការណ៍​របស់​ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (C.M.A.A)​ ដែល​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ទទួល​បាន​នៅ​ថ្ងៃ​ទី​២៦​ ខែធ្នូ​ បញ្ជាក់​ថា​ ក្នុង​ឆ្នាំ​២០១៨​នេះ​ មាន​ប្រជាពលរដ្ឋ​ចំនួន​ ៥៨​នាក់​ បាន​រង​គ្រោះ​ ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​។​ តាម​របាយការណ៍​ មាន​អ្នក​រង​របួស​ចំនួន​ ៤៨​នាក់​ ស្ដ្រី​ ០៥​នាក់​ បុរស​ ៣០​នាក់​ និង​កុមារ​ ១៣​នាក់​។​ ដោយឡែក​ចំពោះ​ជន​រង​គ្រោះ​ដល់​ស្លាប់មាន​ចំនួន​ ១០​នាក់​ ក្នុង​នោះ​ស្ដ្រី​ម្នាក់​ បុរស​ ០៦​នាក់​ និង​កុមារ​ចំនួន​ ០៣​នាក់​។​ បន្ថែម​ពី​នេះ​ របាយការណ៍​របស់​អាជ្ញាធរ​មីន​ បន្ដ​ថា​ មាន​រាជធានី​-​ខេត្ដ​ចំនួន​ ១៦​ ដែល​មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ។​ រាជធានី​-​ខេត្ដ​ ទាំងនោះ​រួម​មាន​ រាជធានី​ភ្នំពេញ​ ខេត្ដកំពង់ស្ពឺ​ បាត់ដំបង​ ព្រះ​វិហារ​ ឧត្ដរមានជ័យ​ បន្ទាយ​មាន​ជ័យ​ កំពង់ចាម​ ក្រចេះ​ ពោធិ៍សាត់​ សៀមរាប​ កំពង់ឆ្នាំង​ កណ្ដាល​ មណ្ឌលគិរី​ រតនគិរី​ កោះកុង​ និង​ខេត្ដ​ប៉ៃលិន​។​

​លើស​ពី​នេះ​ អាជ្ញាធរ​មីន​ ប្រាប់​ទៀត​ថា​ ខេត្ដ​ដែល​នាំមុខ​គេ​មាន​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ គឺ​ខេត្ដកំពង់ស្ពឺ​ ដែល​មាន​ពលរដ្ឋ​រង​គ្រោះ​ចំនួន​ ១១​នាក់​ ហើយ​តាម​ពីក្រោយ​ដោយ​ខេត្ដបាត់ដំបង​ ០៨​នាក់​ និង​ខេត្ដព្រះវិហារ​ ០៨​នាក់​។​

​ដោយឡែក​ កាលពី​ឆ្នាំ​២០១៧​ មាន​ប្រជាពលរដ្ឋ​ចំនួន​ ៥៨​នាក់​បាន​រង​គ្រោះ​ព្រោះ​គ្រាប់​យុទ្ធភណ្ឌ​ផ្សេងៗ​។​ ក្នុង​ចំណោម​នោះ​អ្នក​រង​របួស​មាន​ចំនួន​ ៤៨​នាក់​ និង​ស្លាប់​ចំនួន​ ១០​នាក់​។​ តួលេខ​នេះ​គឺ​ដូច​គ្នា​ នឹង​ឆ្នាំ​២០១៨​ ក៏​ប៉ុន្ដែ​ខេត្ដ​ដែល​មាន​ពលរដ្ឋ​រង​គ្រោះ​ គឺ​មាន​ចំនួន​តែ​ ១២​ខេត្ដ​ប៉ុណ្ណោះ​។​ ខេត្ដ​ដែល​មាន​ពលរដ្ឋ​រង​គ្រោះ​ច្រើន​ជាងគេ​កាលពី​ឆ្នាំ​២០១៧​ គឺ​ខេត្ដ​ ឧត្ដរមានជ័យ​ មាន​ពលរដ្ឋ​រង​គ្រោះ​ចំនួន​ ១៨​នាក់​ ហើយ​តាម​ពីក្រោយ​ដោយ​ខេត្ដព្រះវិហារ​ មាន​ពលរដ្ឋ​រង​គ្រោះ​ចំនួន​ ០៧​នាក់​៕

ព័ត៌មានទាក់ទង

WMC ផ្តល់វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការលើកកម្ពស់ស្រ្តីនិងយុវជនក្នុងភាពជាអ្នកដឹកនាំ

ភ្នំពេញ៖ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)នៅថ្ងៃ[...]

មន្ត្រីជាន់ខ្ពស់ចិនថាចិនមិនបានទាញកម្ពុជាធ្លាក់ក្នុងអន្ទាក់ខ្លួនទេតែអ្នកវិភាគថាកម្ពុជាខ្លួនឯងត្រូវកុំឱ្យធ្លាក់ក្នុងអន្ទាក់ចិន

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមកធ្វើទស្សន[...]

នាយករដ្ឋមន្ត្រីថាការបោះឆ្នោតឆ្នាំ ២០២៣ អាចនឹងមានបញ្ហា ខណៈអ្នកវិភាគថាមកពី​បញ្ហា​នយោបាយបច្ចុប្បន្ន

សម្ដេច ហ៊ុន សែន ថ្លែងថា ការបោះឆ្នោតឆ្នាំ​២០២៣[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត