ភ្នំពេញ ៖ ខណ្ឌចំនួន ០៣ ក្នុងចំណោមខណ្ឌ ១២ នៅរាជធានីភ្នំពេញ តែងតែមានទឹកលិចខណៈមានភ្លៀងធ្លាក់ខ្លាំង ក៏ប៉ុន្ដែវាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ តែបែបនេះក្ដី អ្នកជំនាញខាងជំងឺគ្រុនឈាម អំពាវនាវដល់ពលរដ្ឋទូទៅ ពិសេសស្ដ្រីត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះកូនតូចៗ ខណៈទឹកស្រកព្រោះមូសខ្លានឹងពងកូន ប្រសិនបើមានទឹកដក់នៅកន្លែងណាមួយ។
ចាប់តាំងពីចុងខែកញ្ញា មក ភ្លៀងបានធ្លាក់យ៉ាងច្រើនស្ទើររាល់ថ្ងៃនៅរាជធានីភ្នំពេញ ដែលបង្កឲ្យខណ្ឌចំនួន ៣ ត្រូវជនលិចដោយទឹកភ្លៀង ខណៈសាលារាជធានីភ្នំពេញកំពុងប្រញាប់ប្រញាល់ជួសជុលប្រព័ន្ធលូដែលមានបញ្ហា។
លោក មេត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់វិទ្យុស្ដ្រីអេហ្វអឹម១០២ នៅថ្ងៃទី០៣ ខែតុលានេះថា ភ្លៀងបានបន្ដធ្លាក់នាំឲ្យខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ជាតំបន់ដែលតែងតែត្រូវបានទឹកលិចខ្លាំងជាងគេ ប៉ុន្ដែមិនបង្កជាបញ្ហាធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ។ លោក មេត មាសភក្ដី៖«មានដូចជាផ្នែកខាងព្រលានយន្ដហោះ ចុះមកម្ដុំលូប្រាំ នៅខណ្ឌមានជ័យ ក៏ដូចជានៅខណ្ឌច្បារអំពៅ គឺនៅមានការជន់លិចនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ ហើយការងារនេះយើងខិតខំធ្វើយ៉ាងណារកវិធីដោះស្រាយ»។
លោកបន្ដថា ក្រៅតែពី ខណ្ឌទាំង ០៣ខាងលើនេះ ក៏មានខណ្ឌផ្សេងៗទៀតដូចជា ខណ្ឌទួលគោក ខណ្ឌ ៧មករា ខណ្ឌចំការមន និងខណ្ឌដូនពេញ ក៏ត្រូវបានជនលិចដោយទឹកភ្លៀងផងដែរ ខណៈភ្លៀងធ្លាក់ច្រើនរហូតដល់ជាង ១០០មីលីលីត្រក្នុងមួយម៉ោង។ លោក មេត មាសភក្ដី៖«គឺនៅមានតែ ២ចំណុចទេបើយើងនិយាយអំពី ៤ខណ្ឌក្នុងក្រុមអម្បាញ់មិញហ្នឹង គឺតំបន់ម៉ុងឌីយ៉ាល់ ដែលយើងឥឡូវនេះកំពុងរៀបចំដាក់បណ្ដាញលូដើម្បីទម្លាក់ចូលក្នុងប្រឡាយ បើកន្លែងហ្នឹងវាលិចមានន័យថា ផ្លូវកម្ពុជាក្រោមក៏វាជនវាលិចដូចគ្នា បើពីដើម កាលពីប៉ុន្មានឆ្នាំមុនគឺមានច្រើនប្រមាណជា ៣៧ទីតាំង ក៏ប៉ុន្ដែបានដោះស្រាយអស់ហើយនៅសល់តែ ២ទីតាំងដែលខ្ញុំបានជម្រាបជួនមុនហ្នឹង»។
ជាមួយគ្នានេះអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក៏បានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋបើមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ ហើយបណ្ដាលឲ្យទឹកជនលិចនៅតំបន់មួយចំនួនកណ្ដាលរាជធានី ឬខណ្ឌនៅជាយរាជធានី។ លើសពីនេះលោកក៏ស្នើដល់ប្រជាពលរដ្ឋចូលរួមរក្សាទុកដាក់សំរាម ឲ្យបានត្រឹមត្រូវកុំបោះចោលផ្ដេសផ្ដាស់ ដែលអាចបង្កឲ្យជាការកកស្ទះមាត់លូបង្ហូរទឹក។
ខណៈមានភ្លៀងញឹកញាប់វេជ្ជបណ្ឌិតឯកទេសម្នាក់បានក្រើនរំលឹកដល់ស្ដ្រីមេផ្ទះ ត្រូវធ្វើយ៉ាងណាថែរក្សាកូនតូចៗឲ្យបានល្អ ដោយមិនត្រូវបណ្ដោយឲ្យមូសខាំឡើយព្រោះវាអាចបង្កជាទៅជាជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល មានប្រសាសន៍ថា នេះជារដូវវស្សាដែលមានភ្លៀងធ្លាក់ច្រើនជាប្រចាំដូច្នេះគ្រប់មាតាបិតាទាំងអស់ត្រូវប្រុងប្រយ័ត្នការកើតជំងឺគ្រុនឈាម។ ប្រសិនបើទឹកលិចគ្រប់ទីកន្លែងមិនមែនជាក្ដីបារម្ភនៃកាកកើត ពពួកសត្វមូសនោះទេ ប៉ុន្ដែក្ដីបារម្ភ គឺក្រោយពេលដែលទឹកស្រកទៅវិញមានដក់ទឹកនាំឲ្យមូសអាចពងកូនបាន។ ករណីនេះគឺស្ដ្រីមានតួនាទីចម្បង ដើម្បីត្រួតពិនិត្យជុំវិញផ្ទះ និងក្នុងផ្ទះ ធ្វើយ៉ាងណាសម្អាតកន្លែងដែលមានថ្លុកតូចៗ មានដប សំបកកំប៉ុង និងសំបកកង់ឡាន កុំឲ្យដក់ទឹកបាន។ លោក ហ៊ុត រ៉េកុល ៖«ទាក់ទងជំងឺគ្រុនឈាម គឺជាជំងឺដែលកើតឡើងដោយមូស ដូច្នេះស្ដ្រី និងកុមារ គឺសំខាន់ណាស់គាត់ ព្រោះគាត់នៅផ្ទះច្រើនឲ្យគាត់ជួយអើតមើលពាង មើលអាង កន្លែងដក់ទឹក ជុំវិញផ្ទះគាត់ លៃយ៉ាងណាកុំឲ្យមានដក់ទឹក ជាពិសេសសំបកកង់ឡាន បើមានធ្វើយ៉ាងម៉េចគាត់ត្រូវដាក់ដី ដាក់អី ដាំផ្ដា ឬដាំអ្វីផ្សេងៗ ធ្វើយ៉ាងណាកុំឲ្យមានទឹកដក់»។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ក៏សំណូមពរដល់មាតា បិតា ធ្វើយ៉ាងណាបោសសម្អាតក្នុងផ្ទះជាប្រចាំ ត្រូវស្លៀកពាក់ខោអាវវែងឲ្យជិតខ្លួនកូនតូចៗ ដើម្បីកុំឲ្យមូសខាំបាន។
កម្ពុជាកំពុងរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។ ភ្លៀងនឹងធ្លាក់ស្ទើរពាសពេញផ្ទៃប្រទេសក្នុងកម្រិតពីបង្គួរទៅច្រើនហើយក៏នឹងបង្កឲ្យមានជំនន់ទឹកភ្លៀងនៅតំបន់ទំនាប និងតំបន់ ផ្លូវទឹកនានាផងដែរ។ ក្នុងរយៈពេលនេះក្រសួងធនធានទឹកបានព្រមានដល់ប្រជាពលរដ្ឋដែលមានដំណើរកំសាន្ដនានា គួរផ្អាកគម្រោងដើម្បីរក្សាសុវត្ថិភាព៕