ក្រុម Wagner ដែលជាក្រុមទាហានស៊ីឈ្នួលនៅតែជ្រើសរើសអ្នកប្រយុទ្ធនៅទូទាំងប្រទេសរុស្ស៊ីបន្ថែមទៀត បន្ទាប់ពីមានការបះបោរប៉ុន្មានថ្ងៃមកនេះ ដែលនាំឱ្យលោក Vladimir Putin បង្កើនការប្រុងប្រយ័ត្នក្នុងការផ្ទុះសង្គ្រាមស៊ីវិលក្នុងប្រទេសមហាអំណាចមួយនេះ។រាយការណ៍ដោយ…
នៅប្រទេសរុស្ស៊ីគ្មាននរណាម្នាក់ជឿថាក្រុម Wagner ត្រូវបានរំសាយទេ។នៅទីក្រុង Murmansk នៃតំបន់ Arctic ស្ត្រីម្នាក់នៅក្លឹបកីឡា Viking បានបញ្ជាក់ថានាងនៅតែចុះឈ្មោះអ្នកប្រយុទ្ធជាមួយប្រទេសអ៊ុយក្រែន។”នោះជាកន្លែងដែលយើងជ្រើសរើស។ ប្រសិនបើនរណាម្នាក់ចង់ទៅ ពួកគេគ្រាន់តែទូរស័ព្ទមកខ្ញុំ ហើយយើងនឹងកំណត់ថ្ងៃឱ្យគាត់ទៅធ្វើការ។”
បញ្ជីឈ្មោះសម្រាប់ទំនាក់ទំនងរបស់ក្រុម Wagner ភាគច្រើនមាននៅក្លឹបកីឡា សាលាគុន និងក្លឹបប្រដាល់។មនុស្សមួយចំនួនដែលនិយាយតាមទូរស័ព្ទបានសង្កត់ធ្ងន់ថាជាសមាជិកថ្មីកំពុងចុះកិច្ចសន្យាជាមួយក្រុមទាហានស៊ីឈ្នួល Wagner មិនមែនជាមួយក្រសួងការពារជាតិរុស្ស៊ីទេ។
បុរសម្នាក់នៅក្លឹបកីឡា Sparta ក្នុងទីក្រុង Volgograd បាននិយាយថា៖ «វាមិនជាប់ពាក់ព័ន្ធនឹងក្រសួងការពារជាតិទេ។ “គ្មានអ្វីបានឈប់ទេ យើងនៅតែជ្រើសរើសបុគ្គលិកបន្ថែម”។ការបះបោរប្រដាប់អាវុធរបស់ក្រុម Wagner កាលពីចុងសប្តាហ៍មុនកើតឡើងដោយសារតែមានការទាមទារឱ្យក្រុមទាហានស៊ីឈ្នួលទាំងនេះផ្ទេរទៅចូលរួមជាមួយក្រសួងការពារជាតិរុស្ស៊ី។
សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងក្រុមបះបោរនេះត្រូវបានទម្លាក់ចោល។មេដឹកនាំក្រុម Wagner ត្រូវបានគេអនុញ្ញាតឱ្យមានសេរីភាព ទៅរស់នៅប្រទេសបេឡារុស ហើយកងទ័ពរបស់លោកដែលបានដើរក្បួនទៅទីក្រុងមូស្គូ និងបានបាញ់ឧទ្ធម្ភាគចក្រ និងយន្តហោះរុស្ស៊ី នៅតែមិនត្រូវបានរំសាយទេ។
ស្ត្រីជាអ្នកជ្រើសរើសទាហានស៊ីឈ្នួលនៅ Krasnodar ភាគខាងត្បូងនៃប្រទេសរុស្ស៊ីបាននិយាយយ៉ាងច្បាស់ថា “យើងកំពុងធ្វើការ។ ប្រសិនបើមានអ្វីមួយបានផ្លាស់ប្តូរ ពួកគេនឹងប្រាប់យើង។ ប៉ុន្តែគ្មានអ្វីទេ” ។
ប្រាក់ខែរបស់ទាហានស៊ីឈ្នួលWagnerគឺ £2,175 ប្រហែលស្មើនឹង $2,745 ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែ ហើយត្រូវធ្វើកិច្ចសន្យារយៈពេលប្រាំមួយខែ។
កាលពីថ្ងៃព្រហស្បតិ៍ទី២៩ ខែមិថុនា ប្រធានគណៈកម្មាធិការការពារជាតិនៃរដ្ឋសភារបស់រុស្ស៊ីបាននិយាយថាប្រធានក្រុម Wagner លោកPrigozhin ត្រូវបានព្រមានមុននេះថា កាលបរិច្ឆេទកំណត់សម្រាប់ Wagner ត្រូវចូលជាមួយក្រសួងការពារជាតិគឺមិនអាចចរចាបានទេ។
លោក វ្ល៉ាឌីមៀ ពូទីន ដែលបានបដិសេធមានទំនាក់ទំនងផ្លូវការជាមួយក្រុម Wagner ជាច្រើនឆ្នាំបានធ្វើការផ្លាស់ប្តូរភ្លាមៗបន្ទាប់ពីមានការបះបោរកាលពីចុងសប្តាហ៍នេះ។ តាមមើលទៅលោកពូទីនព្យាយាមកាត់បន្ថយចំនួនកងទ័ពរបស់លោក Yevgeny Prigozhin ឱ្យនៅទំហំតូច និងបានអះអាងថាក្រុមនេះត្រូវបានរដ្ឋរុស្ស៊ីផ្តល់មូលនិធិឱ្យ 100% ។ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដែលមានន័យថា មានតែក្រសួងការពារជាតិរុស្ស៊ីទេ ដែលមានសិទ្ធិជ្រើសរើសទាហានក្នុងចំណោមអ្នកជាប់ពន្ធនាគាររុស្ស៊ី ដែលពីមុនអ្នកប្រយុទ្ធWagner បានរើសចេញពីអ្នកទោសទាំងនោះ។ប៉ុន្តែទោះយ៉ាងណាការជ្រើសរើសបុគ្គលិកបន្ថែមរបស់ក្រុមWagner បានបន្តធ្វើកាន់តែទូលំទូលាយជាងមុន។ នៅទីក្រុង Volgograd បុរសម្នាក់បាននិយាយថាប្រសិនបើនរណាម្នាក់ចុះឈ្មោះនៅថ្ងៃនេះ “ខ្ញុំអាចបញ្ជូនគាត់ទៅធ្វើការនៅថ្ងៃស្អែក” ហើយបានបញ្ជាក់ថាឥឡូវនេះប្រទេសបេឡារុស្សគឺជាគោលដៅរបស់ក្រុមនេះ។កាលពីដើមសប្តាហ៍នេះ មេដឹកនាំបេឡារុស លោក Alexander Lukashenko បានសម្រុះសម្រួលបញ្ចប់ការបះបោរកាលពីថ្ងៃសៅរ៍បាននិយាយថា អ្នកប្រយុទ្ធ Wagner ត្រូវបានស្វាគមន៍នៅទីនេះ។លោកបានថ្លែងថា កងទ័ពបេឡារុស្សមានអ្វីជាច្រើនត្រូវរៀនសូត្រពីអ្នកប្រយុទ្ធ Wagner ។ សមាជិក Wagner ជាជនជាតិបេឡារុស្សម្នាក់ បាននិយាយថាក្រុមនេះនឹងក្លាយជាការការពារដ៏ល្អរបស់លោក Lukashenko នៅមុនការបោះឆ្នោតសភានៅឆ្នាំក្រោយ ក្នុងករណីមានការតវ៉ាទ្រង់ទ្រាយធំ ។ស្ត្រីនៅតំបន់ Saratov ភាគកណ្តាលនៃប្រទេសរុស្ស៊ីបាននិយាយថា “សម្រាប់ពេលនេះអ្វីគ្រប់យ៉ាងគឺដូចពីមុន ។ គ្មានអ្វីផ្លាស់ប្តូរទេ” ស្ត្រីរូបនេះបញ្ជាក់ថានាងនៅតែជ្រើសរើសអ្នកប្រយុទ្ធ Wagner ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន៕
ប្រភព៖ BBC ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣