ភ្នំពេញ ៖ ក្រុមអ្នកអភិរក្សសត្វព្រៃ បង្ហាញក្ដីព្រួយបារម្ភពីការវិនាសផុតពូជ កន្ធាយក្បាលកង្កែប ព្រោះការជឿខុស ថា វា ជាឱសថអាចព្យាបាលជំងឺ និងធ្វើឲ្យសុខភាពរឹងមាំ។ ក្ដីបារម្ភនេះ កើតឡើងស្របពេលដែលមានការរកឃើញថា សំបុកកន្ធាយក្បាលកង្កែបចំនួន១៥ ត្រូវបានជនល្មើសលួចប្រមូលយក។
លោក លៀ ស៊ីណា រាយការណ៍ព័ត៌មាននេះ៖

សត្វកន្ធាយក្បាលកង្កែប ដែលជាប្រភេទសត្វដ៏កម្រក្នុងពិភពលោក នៅថ្ងៃទី២១ ខែមីនា នេះ ក្រុមការងារអភិរក្សសត្វព្រៃរបស់ក្រសួងបរិស្ថាន ប្រជាសហគមន៍ និងអង្គការសង្គមស៊ីវិល បានរកឃើញសំបុករបស់វាចំនួន ២០សំបុក មានពងសរុប ៦៦៣គ្រាប់ នៅតាមដងទន្លេមគង្គ ស្ថិតក្នុងខេត្ដក្រចេះ សម្រាប់រដូវកាលពងកូន ឆ្នាំ២០១៨នេះ។
តែយ៉ាងណាសំបុកន្ធាយក្បាលកង្កែប មិនមែនមានត្រឹមតែ ២០សំបុកនេះទេ ពោលគឺវា មានរហូតទៅដល់ ៣៥សំបុក ក៏ប៉ុន្ដែត្រូវបានជនល្មើសលួចប្រមូលអស់ចំនួន ១៥សំបុក ដើម្បីយកទៅលក់ បម្រើឲ្យសេចក្ដីត្រូវការសម្រាប់ធ្វើជាឱសថបុរាណ។

លោក អេង ម៉េងអ៊ី មន្ត្រីផ្នែកទំនាក់ទំនងរបស់អង្គការសមាគមអភិរក្សសត្វព្រៃ WCS ប្រាប់វិទ្យុស្ដ្រី ឲ្យដឹងថា លោកពិតជាមានការសោកស្ដាយដែលនៅតែមានប្រជាពលរដ្ឋ យល់ខុសពីការយកសត្វព្រៃទៅធ្វើជាឱសថបុរាណ ដើម្បីព្យាបាលជំងឺ ទាំងដែលមិនមានវិជ្ជសាស្ដ្រណាមួយ ចេញមុខមកបញ្ជាក់ដូច្នេះ។ លោកបន្ដទៀតថា ប្រសិបើតម្រូវការនៅតែមាន នោះបទល្មើសនៃការលួចប្រមូលយកពងកូនសត្វកន្ធាយក្បាលកង្ដែបទៅលក់ គឺមិនអាចបញ្ឈប់បានឡើយ។
លោក អេង ម៉េងអ៊ី ៖«យើងបារម្ភថា បើតម្រូវការនៅតែកើតមាន គឺវាលើកទឹកចិត្ដឲ្យប្រជាពលរដ្ឋទៅចាប់វាយកមកលក់។ អញ្ចឹងយើងចង់សំណូមពរឲ្យ អ្នកដែលគាត់ហូប គាត់ជឿ ឲ្យកាត់បញ្ឈប់ទៅ ព្រោះរឿងហ្នឹងវាអត់មានស្ថាប័នណា ដែលអះអាងថា ការហូបសាច់សត្វព្រៃ ការហូបកន្ធាយ អណ្ដើកហ្នឹង វាជួយសុខភាពទេ។ ប៉ុន្ដែយើងធ្លាប់រកឃើញកន្លងមក ការហូបហ្នឹងវាប៉ះពាល់សុខភាពទៅវិញទេ»។

លោក អេង ម៉េងអ៊ី បន្ថែមទៀតថា បើប្រជាពលរដ្ឋនៅតែបន្ដការជឿខុសតៗគ្នា បែបនេះទៀត នោះវត្ដមានកន្ធាយក្បាលកង្កែបដែលជាសត្វដ៏កម្រច្បាស់ជា នឹងត្រូវវិនាសផុតពូជាក់ជាមិនខាន នៅថ្ងៃអនាគត។ ការប្រមូលយកពង កូន ឬចាប់យកមេពូជ កន្ធាយក្បាលកង្កែបទៅលក់ ឬធ្វើជាម្ហូប គឺជាអំពើខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ព្រោះតែការមើលឃើញពីអត្រាគ្រោះខ្ពស់ ដែលប្រឈមនឹងការបាត់បង់សត្វកន្ធាយក្បាលកង្កែប អង្គការ សមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល និងសម្ព័ន្ធការរស់រានប្រភេទសត្វអណ្ដើក បានរៀបចំកម្មវិធីការពារសំបុកពង កូន សត្វកន្ធាយក្បាលកង្កែប ដើម្បីលើកទឹកចិត្ដប្រជាសហគមន៍ក្នុងខេត្ដក្រចេះ និងខេត្ដស្ទឹងត្រែង ឲ្យចូលរួមការពារសត្វកន្ធាយក្បាលកង្កែប។ កម្មវិធីនេះ បានជ្រើសរើសយក អតីតអ្នកប្រមូលពង និងមេពូជកន្ធាយក្បាលកង្កែប មកធ្វើការងារជាបុគ្គលិករបស់គម្រោង ដើម្បីស្វែងរក និងការពារសំបុកសត្វកន្ធាយក្បាលកង្កែប ជំនួសឲ្យការប្រមូលយកពង កូន និងមេពូជ ទៅលក់ ឬក៏ហូប។
កន្ធាយក្បាលកង្កែប គឺជាប្រភេទសត្វល្មួន ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោក និងស្ថិតក្នុងបញ្ជី នៃប្រភេទធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់របស់ប្រទេសកម្ពុជា។ កន្ធាយក្បាលកង្កែប ធ្លាប់ត្រូវបានគិតថា ពួកវាបានផុតពូជពីកម្ពុជាអស់ទៅហើយ ក៏ប៉ុន្ដែក្នុងអំឡុងឆ្នាំ២០០៧ វត្ដមានរបស់សត្វកន្ធាយក្បាលកង្កែប ត្រូវបានរកឃើញជាថ្មីម្ដងទៀត នៅតាមដងទន្លេមេគង្គ ស្ថិតក្នុងបរិវេណ ៤៨គីឡូម៉ែត្រ ចន្លោះខេត្ដក្រចេះ និងខេត្ដស្ទឹងត្រែង៕