ភ្នំពេញ៖ «យុវវ័យនាំសារ» មិនមែនជាក្រុមតន្ត្រី ឬក្រុមចម្រៀងមានឈ្មោះបោះដូចសិល្បករល្បីៗនៅកម្ពុជា មានទស្សនិកជនគាំទ្រច្រើនពេលឡើងច្រៀង និងរាំតាមកញ្ចក់ទរទស្សន៍ ឬផលិតបទចម្រៀងដើម្បីចេញលក់នោះឡើយ។ ផ្ទុយទៅវិញក្រុមតន្ត្រី «យុវវ័យនាំសារ» នេះមានការគាំទ្រយ៉ាងខ្លាំងពីកម្មករ-កម្មការិនីររោងចក្រ ស្ត្រីប្រកបរបរផ្លូវភេទ កសិករ និងពលរដ្ឋរស់នៅតាមសហគមន៍ដាច់ស្រយាលក្នុងខេត្តមួយចំនួននៅកម្ពុជា។ ក្រុមតន្ត្រី «យុវវ័យនាំសារ» ជាក្រុមតន្ត្រីស្ត្រីមួយ បង្កើតឡើងក្នុងគោលបំណងបង្ហាញពីបញ្ហាជីវិតពិតរបស់កម្មករ ព្រមទាំងបញ្ហាសង្គមផ្សេងៗតាមរយៈការច្រៀងចម្រៀង ប្រើជាសារ បង្ហាញពីក្តីកង្វល់របស់កម្មកររោងចក្រទៅគ្រប់មជ្ឈដ្ឋានសាធារណៈដើម្បីឱ្យភាគីពាក់ព័ន្ធ និងរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយចំពោះបញ្ហាដែលពួកគេបានជួប។
ក្រុមតន្ត្រី «យុវវ័យនាំសារ» បង្កើតឡើងនៅក្នុងឆ្នាំ ២០០៥ ក្រោមការផ្ចុងផ្តើមគំនិតឡើងដោយអង្គការស្ត្រីដើម្បីការផ្លាស់ប្តូរ (WAC) ក្នុងគោលបំណងយកទុកកង្វល់របស់ជនងាយរងគ្រោះ មានដូចជាកម្មកររោងចក្រ ការរំលោភបំពានសិទ្ធិសេរីភាពផ្សេងៗ នៅក្នុងការរស់នៅនិងការងារ មកលាតត្រដាងតាមរយៈបទចម្រៀង។ បទចម្រៀងទាំងនោះ និពន្ធឡើងមានទាក់ទងទៅនឹងរឿងរ៉ាវរបស់ប្រជាពលរដ្ឋជួបការលំបាកក្នុងការរស់នៅ ស្ត្រីកម្មកររោងចក្រ ស្ត្រីធ្វើការក្នុងសេវាកម្សាន្ត ស្ត្រីប្រកបរបរផ្លូវភេទជាដើម ក្នុងទិសដៅបញ្ឈប់អំពើហិង្សាលើស្ត្រី បញ្ឈប់ការកេងប្រវ័ញ្ច ការរើសអើង ព្រមទាំងបញ្ឈប់រាល់ការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងសង្គម។
សមាជិកស្ថាបនិកនៃក្រុមតន្ត្រីយុវវ័យនាំសារ កញ្ញា គន្ធ សុថារី បានឱ្យដឹងថា៖ «ក្រុមតន្ត្រីយុវវយ័នាំសារគឹជាក្រុមចម្រៀងមួយដែលសមាជិកក្រុមទាំងអស់ជាកម្មការីនីរោងចក្រកាត់ដេរ ផ្តើមទទួលការបណ្តុះបណ្តាលពីអង្គការកម្មវិធីស្ត្រីដើម្បីការផ្លាស់ប្តូរ (WAC) ក្នុងឆ្នាំ ២០០៥។ អង្គការកម្មវិធីស្ត្រីដើម្បីការផ្លាស់ប្តូរ ឬ WAC មានបំណងឱ្យកម្មករ-កម្មការីនី ហ៊ានលើកយកបញ្ហា ឬទុក្ខកង្វល់ផ្ទាល់ខ្លួនបង្ហាញជាសាធារណៈ ដើម្បីឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់កម្មករ ដូចជាបញ្ហាទាក់ ទងនឹងបញ្ហាសមភាពយេនឌ័រ ការរើសអើងលើស្ត្រី និងការបញ្ឈប់អំពើហិង្សា»។
កញ្ញា គន្ធ សុថារី ស្ថាបនិកនៃក្រុមតន្ត្រីយុវវ័យនាំសាររូបនេះ បានបញ្ជាក់បន្ថែមទៀតថា កន្លងទៅក្រុមតន្ត្រីយុវវ័យនាំសារ បាននិពន្ធបទចម្រៀង ដោយលើកយកបញ្ហាទាក់ទងនឹងការមិនពេញចិត្តនានារបស់កម្មករនៅក្នុងការងារ បញ្ហាទុក្ខលំបាកដែលកម្មករបានជួបក្នុងពេលបំពេញការងារ មានបញ្ហាប្រាក់ខែ បញ្ហាសុខភាព គ្រោះថ្នាក់ក្នុងការងារ ការលំបាកក្នុងការរស់នៅរបស់កម្មករ ព្រមទាំងការលើកយកបញ្ហាសង្គមមួយចំនួនមកតាក់តែងជាបទចម្រៀងផងដែរ។ បញ្ហាសង្គមទាំងនោះ មានដូចជា ការអភិវឌ្ឍន៍ទីក្រុងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ បញ្ហាដីធ្លី ការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ការរំលោភបំពានសេរីភាពក្នុងការបញ្ចេញមតិ ការទទួលបានសេវាសុខភាពសាធារណៈមិនស្មើភាពគ្នា និងការលើកយករឿងរ៉ាវជីវិតគ្រួសារកម្មករ ក្មេងកំព្រាជាដើម មកតែងជាបទចម្រៀង។ ប៉ុន្តែ កញ្ញា គន្ធ សុថារី បញ្ជាក់ថាក្រុមតន្ត្រីយុវវ័យនាំសារ មិនមែនជាក្រុមតន្ត្រីឃោសនានយោបាយ ឬបម្រើឱ្យគណៈបក្សនយោបាយណាមួយឡើយ។
ចូលជាសមាជិកនៃក្រុមតន្ត្រីយុវវ័យនាំសារក្នុងឆ្នាំ ២០០៧ អ្នកនាង ណម សុភាស់ មានតួនាទីជាអ្នកសម្របសម្រួលក្រុមសិល្បៈតាមខេត្ត បាននិយាយអមដោយស្នាមញញឹម ព្រមទាំងអារម្មណ៍រំភើបរីករាយថា៖ «មធ្យោយបាយផ្ញើសារទៅគ្រប់មជ្ឈដា្ឋនទាំងអស់ដែលល្អបំផុតរបស់យើងខ្ញុំទាំងអស់គ្នាជាកម្មការិនីរោងចក្រ គឺមានតែតាមរយៈបទចម្រៀងនេះហើយ… ព្រោះបទចម្រៀងមានលក្ខណៈទន់ភ្លន់ ធ្វើឱ្យអ្នកស្តាប់ងាយស្រួលក្នុងការទទួលយករាល់ការលើកឡើងរបស់ពួកយើង។ ក្រុមតន្ត្រីពួកយើងមិនមែនលើកបញ្ហារបស់កម្មករមកលាតត្រដាងបែបហិង្សានោះទេ ពួកយើងច្រៀងដោយប្រើចម្រៀងជាសារ ទន់ភ្លន់ហើយអត្ថន័យនៃបទចម្រៀងទាំងអស់គឺជារឿងរ៉ាវពិតដែលកើតមាននៅក្នុងសង្គមកម្ពុជា»។
អ្នកសម្របសម្រួលក្រុមសិល្បៈតាមខេត្តរបស់ក្រុមតន្ត្រីស្ត្រីកើតចេញពីកម្មការិនីរោងចក្ររូបនេះ អ្នកនាង ណម សុភាស់ បានឱ្យដឹងថា អ្នកនាង មានក្តីរំភើបរីករាយនៅពេលដែលបានចូលរួមធ្វើសកម្មភាពការងារជាមួយតន្ត្រីយុវវ័យនាំសារ ធ្វើការងារជួយដល់កម្មករនិងការងារសង្គម។ ទន្ទឹមគ្នានឹងភាពសប្បាយរីករាយនេះ និយាយពីបញ្ហាប្រឈមវិញម្តង អ្នកនាង ណម សុភាស់ បានប្រាប់ឱ្យដឹងថា កន្លងទៅក្រុមតន្ដ្រីយុវវ័យនាំសារធ្លាប់ជួបឧបសគ្គមួយចំនួននៅពេលសម្តែងនិងច្រៀងនៅតាមទីសាធារណៈ ដោយប្រឈមមុខនឹងការបណ្ដេញចេញ ការរំខានពីកម្លាំងសមត្ថកិច្ចមិនឱ្យមានការជួបជុំប្រគុំតន្រី្ដជាដើម ប៉ុន្តែសមាជិកម្នាក់ៗនៅតែប្រកាន់គោលជំហរថា៖ «យើងធ្វើនេះដើម្បីផលប្រយោជន៍របស់កម្មករ យើងធ្វើដើម្បីសង្គម»។ ដូច្នេះ សមាជិកទាំងអស់បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា តន្ត្រីយុវវ័យនាំសារនៅតែបន្តសកម្មភាពរបស់ខ្លួនធ្វើតទៅទៀត។
តន្ត្រីយុវ័យនាំសារបច្ចុប្បន្ន មានសមាជិកជាស្ត្រីទាំងអស់ចំនួន ៦ នាក់តែប៉ុណ្ណោះ ដោយសមាជិកម្នាក់ៗសុទ្ធសឹងតែមានតួនាទីផ្សេងៗគ្នានៅក្នុងក្រុម និងបានប្តេជ្ញាចិត្តធ្វើកិច្ចសង្គមមិនមានភាពរុញរាឡើយ។ នេះបើតាមកញ្ញា គន្ធ សុថារី បានឱ្យដឹងនិងបាននិយាយបន្ថែមថា៖ «ខ្ញុំក៏ជាអតីតស្រី្តកម្មកររោងចក្រដែរពីមុន ប៉ុន្តែនៅពេលដែលខ្ញុំបានចូលធ្វើការជាមួយ WAC ខ្ញុំមានការផ្លាស់ច្រើនជាងមុន។ ខ្ញុំចូលចិត្តសិល្បៈ… ខ្ញុំរីករាយជួយដល់សង្គម ជួយបណ្តុះបណ្តាលដល់កម្មកររងគ្រោះពីការងារផ្សេងៗ។ ការងារនេះ ធ្វើឱ្យខ្ញុំក្លាយជាស្ត្រីមានភាពក្លាហ៊ាន ហ៊ាននិយាយស្តី ហ៊ានតវ៉ា ធ្វើឱ្យចំណេះដឹងរបស់យើងមានការកើនឡើងតាមរយៈការជួបនឹងស្គាល់មនុស្សជាច្រើន ស្គាល់អង្គការធំៗមួយចំនួន ធ្វើឱ្យយើងមានភាពរឹងមាំក្នុងជីវិត»។
បទច្រៀងរបស់ក្រុមតន្ត្រីយុវវ័យនាំសារនិពន្ធឡើងរហូតមកដល់ពេលនេះមានជាង ៥០ បទរួចហើយ មានដូចជាបទ មិនត្រូវការកិច្ចសន្យាងារងារខ្លី កំហុនអ្នកណា កុំអស់សង្ឃឹម តស៊ូ នឹកស្រុកកំណើត ជីវិតក្មេងអនាថា អភិវឌ្ឍន៍ទីក្រុងល្អ ស្គរប្រហោងក្នុងជាដើម ដែលបទចម្រៀងទាំងនោះលើកយកបញ្ហានិងករណីដូចលើកឡើងខាងលើមកបកស្រាយ។ «ឈឺផ្សាណាស់ សែនអាម៉ាស់មិនអាចរត់គេច សង្គមលង់លិចកិច្ចកល្បិចប្រល័យគ្នាឯង អស់សង្ឃឹមខំញញឹមទាំងទ្រូងខ្ទាំខ្ទេច នយោបាយគគ្រេចនាំរាភ្លេចបាត់សម្បជញ្ញៈ។ មើលទៅដូចខ្ពង់ខ្ពស់លូតហួសវិស័យ វប្បធម៌ប្រពៃណីហើយសែនបវរ តែធាតុពិតដូចស្គរបានត្រឹមតែរូបល្អ លាន់សូរឮខ្ទរបែរប្រហោងក្នុង។ គួរអាល័យជាតិសព្វថ្ងៃប្រែល្អក់កករ សីលធម៌ល្អធ្លាក់វឹកវរត្រូវធ្វើយ៉ាងណា…។ នេះជាអត្ថបទចម្រៀងនៃបទ «ស្គរប្រហោងក្នុង» ដែលកញ្ញា គន្ធ សុថារី បានច្រៀងឡើង ប៉ុន្តែអត្ថន័យនៃបទចម្រៀងនេះ កញ្ញា គន្ធ សុថារី មិនបានពន្យល់លម្អិតនៅទេ ដោយគ្រាន់តែបង្ហើបប្រាប់ថា បទចម្រៀងនេះនិយាយពីតថភាពពិតនៅក្នុងសង្គមកម្ពុជាសព្វថ្ងៃ។
បច្ចុប្បន្នក្រុមតន្ត្រី «យុវវ័យនាំសារ» កំពុងធ្វើការងារចុះទៅប្រមូលព័ត៌មានដោយផ្ទាល់ដល់ទីកន្លែងរស់នៅរបស់កម្មករ សហ-គមន៍ក្រីក្រតាមបណ្តាខេត្តអំពីលក្ខខណ្ឌការងារ ជីវិតរបស់គ្រួសារ បញ្ហាគ្រោះរាំងស្ងួត ការធ្វើកសិកម្ម បញ្ហាដែលអ្នកចំណាកស្រុកជួបប្រទះ បញ្ហាសេវាសុខភាពថ្លៃកប់ពពក បំណុលសម្រាប់ប្រជាជនកាន់តែកើនឡើង ការរំលោភសិទ្ធិ និងភាពអយុត្តិធម៌គ្មានដំណោះស្រាយសមស្របសម្រាប់ប្រជាជនក្រីក្រ ដើម្បីយកមកតែងជាបទចម្រៀង។ ចំណែកបទចម្រៀងដែលតែងរួច ក្រៅពីយកទៅច្រៀងដោយផ្ទាល់ យុវវ័យនាំសារបានផលិតចេញជាស៊ីឌី ដើម្បីចែកចាយដល់ក្រុមកម្មកររោងចក្រ បណ្តាញសង្គម អង្គការធំៗពាក់ព័ន្ធមួយចំនួន ព្រមទាំងផ្តល់ដល់ជនរងគ្រោះ ដើម្បីលើកទឹកចិត្តឱ្យអ្នកទាំងនោះមានស្មារតីតស៊ូក្នុងជីវិត។ នេះបើតាមការឱ្យដឹងពីកញ្ញា គន្ធ សុថារី សមាជិកនិងជាស្ថាបនិកក្រុមតន្ត្រីយុវវ័យនាំសារ។
សូមបញ្ជាក់ថា ក្រុមតន្ត្រី «យុវវ័យនាំសារ» បង្កើតឡើងដំបូងមានសមាជិកស្ថាបនិកជាកម្មការីនីរោងចក្រកាត់ដេរចំនួន ០៨ នាក់ដែលបានជ្រើសរើសដោយអង្គការកម្មវិធីដើម្បីការផ្លាស់ប្តូរ (WAC)។ នៅឆ្នាំ ២០០៧ WAC បានធើ្វការជ្រើសរើសក្រុមតន្ត្រីនេះម្តងទៀត ដោយសារសមាជិកមួយចំនួនបានឈប់។ សមាជិករបស់ក្រុមតន្ត្រីយុវវយ័នាំសារទាំង ០៦ នាក់ក្នុងបច្ចុប្បន្ន មិនមែនជាកម្មការីនីរោងចក្រកាត់ដេរទៀតទេ ពួកគាត់ជាសមាជិកសកម្មក្នុងក្រុមតន្ត្រីនេះ។ កន្លងទៅ ក្រុមតន្ត្រីយុវវ័យនាំសារបានប្រគុំតន្ត្រីធំៗរបស់ខ្លួនមួយឆ្នាំ ៣ ដងជាច្រើនលើករួចមកហើយនៅខេត្តគោលដៅចំនួន ០៣ មានខេត្តកំពង់ស្ពឺ ព្រៃវែង និងស្វាយរៀង ក្នុងនោះនៅទីក្រុងភ្នំពេញក៏មានការប្រគុំតន្ត្រីតូចនៅតាមតំបន់រោងចក្រមួយចំនួនរាល់បីខែម្តងផងដែរ៕