loader

ក្រុម​គ្រួសារ​អ្នកស្រី​ ទេព​ វ​ន្នី​ នៅ​តែ​ទន្ទឹងរង់ចាំ​សេរីភាព​របស់​ស្ត្រី​សកម្មជន​រូប​នេះ​ ដោះ​លែង​ពី​ពន្ធនាគារ​

ភ្នំពេញ​ ៖​ ក្រុម​គ្រួសារ​ អ្នកស្រី​ ទេព​ វ​ន្នី​ នៅ​តែ​ទន្ទឹងរង់ចាំ​សេរីភាព​របស់​អ្នកស្រី​ទេព​វ​ន្នី​ ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ បើ​ទោះបីជា​ក្ដី​សង្ឃឹម​នេះ​ ហាក់​មិនសូវ​មាន​ពន្លឺ​ក៏​ដោយ​។​ ទាំង​ក្រុម​គ្រួសារ​ និង​អ្នក​ភូមិ​បឹង​កក់​មួយ​ចំនួន​ នៅ​តែ​ទទូច​សុំ​ឲ្យ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ ដើម្បី​បាន​វិល​ត្រឡប់​មក​មើលថែ​កូនស្រី​ ដែល​ជំងឺ​ប្រ​សៃ​ប្រសាទ​ធ្វើទុក្ខ​កាន់តែ​ខ្លាំង​។​ មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ យល់​ថា​ បើ​ផ្អែក​ទៅ​លើ​ស្ថានភាព​នេះ​ រដ្ឋាភិបាល​មាន​ហេតុផល​គ្រប់គ្រាន់​គួរ​ពិចារណា​ផ្ដល់​សេរីភាព​ដល់​ស្ដ្រី​សកម្មជន​រូប​នេះ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​អ្នកស្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ សម្រេច​ផ្ដន្ទាទោស​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ២​ឆ្នាំ​កន្លះ​ ក្រោម​បទ​ចោទ​ “​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​”​ តាម​មាត្រា​ ២១៨​ នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​បាន​ប្រព្រឹត្ដ​នៅ​ក្បែរ​ផ្ទះ​សម្ដេច​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៣​។​ ការ​ផ្ដន្ទាទោស​នេះ​ គឺជា​រយៈពេល​ដ៏​វែង​មួយ​សម្រាប់​ស្ដ្រី​ម៉េ​ម៉ា​យ​កូន​ពីរ​ម្នាក់​នេះ​ ដែល​ត្រូវ​ស្ថិត​នៅ​ក្នុង​គុក​ឆ្ងាយ​ពី​ម្ដាយ​ ឆ្ងាយ​កូន​ជាទី​ស្រឡាញ់​របស់​ខ្លួន​។​ គិត​មក​ដល់​ខែឧសភា​ ឆ្នាំ​២០១៨​នេះ​ អ្នកស្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ ១​ឆ្នាំ​ ៨​ខែ​។​ យ៉ាងណា​ក្រុម​គ្រួសារ​ មាន​ទាំង​ម្ដាយ​ ទាំង​បងស្រី​ និង​កូនប្រុស​ ស្រី​ ចំនួន​ ២​នាក់​ នៅ​តែ​ទន្ទឹងរង់ចាំ​ការ​វិល​ត្រឡប់​របស់​ស្ដ្រី​ឆ្នើម​ ដែល​តស៊ូ​ដើម្បី​លំនៅ​ឋាន​រូប​នេះ​មាន​សេរីភាព​វិញ​។​

​អ្នកស្រី​ ហួត​ ចន្ទ​សុវណ្ណ​ ត្រូវជា​បងស្រី​របស់​អ្នកស្រី​ ទេព​ វ​ន្នី​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ក្រោយ​ពេល​អ្នកស្រី​ ទេព​ វ​ន្នី​ ជាប់​ពន្ធនាគារ​ តួនាទី​មើលថែ​ទាំ​ កូន​របស់​ប្អូន​អ្នកស្រី​ បាន​ធ្លាក់​មក​លើ​អ្នកស្រី​ទាំងស្រុង​។​ អ្នកស្រី​ មានចិត្ដ​អាណិត​ប្អូន​ និង​ក្មួយៗ​ជា​ខ្លាំង​ ដែល​មិន​អាច​រស់នៅ​ជុំ​គ្នា​ដូច​ ម្ដាយ​ កូន​ដទៃ​ទៀត​។​ ចាប់តាំងពី​អ្នក​ ស្រី​ទេព​ វ​ន្នី​ ត្រូវ​បាន​ចាប់ខ្លួន​ កូនស្រី​ច្បង​របស់​អ្នកស្រី​ ដែល​មាន​អាការ​ជំងឺសរសៃប្រសាទ​បាន​រើ​ឡើង​ញឹកញាប់​ ដែល​វា​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ និង​ការ​សិក្សា​របស់​នាង​។​

​អ្នកស្រី​ ចន្ទ​សុវណ្ណ​ បញ្ជាក់​ថា​ កាលពី​ពេល​ដែល​ក្មួយ​ស្រី​ នៅ​ជាមួយ​ម្ដាយ​ អាការ​ជំងឺ​នេះ​គឺ​មិនសូវ​រើ​ឡើង​នោះ​ទេ​ ៖«​កាល​នៅ​ជាមួយ​ម្ដាយ​អត់​អី​ទេ​ អត់​សូវ​ឮ​ត្អូញ​ថា​ ឈឺក្បាល​ទេ​ តែ​ឥឡូវ​ឧស្សាហ៍​ឈឺក្បាល​ទៅ​រៀន​អត់​បាន​។​ ទៅ​រៀន​បាន​បន្ដិច​ជូន​កាល​ឈឺក្បាល​ខ្លាំង​ រត់​មក​ផ្ទះ​វិញ​ ហើយ​មាន​អារម្មណ៍​មួរ​ម៉ៅ​ ឆេវឆាវ​ ដូច​ថា​ អាយុ​ច្រើន​ តែ​ការ​និយាយ​ស្ដី​ដូច​កូន​ក្មេង​ ៥​ ឬ​ ៦​ឆ្នាំ​អ​ញ្ចឹ​ង​។​ ក្នុង​ការ​និយាយ​ការ​ស្ដី​ ការ​លេង​ហ្នឹង​នៅ​ជា​ក្មេង​ ហើយ​និយាយ​ច្រើន​ លេង​ច្រើន​ ត្រូវ​និយាយៗ​ ត្រូវ​អត់ៗ​ ហើយ​ការ​សួរ​ទៅ​បើ​មិន​ត្រូវចិត្ដ​យំ​ហ្មង​ ស្រែក​ហ្មង​»​។​

​ចំពោះ​ការ​អាការ​ក្មួយ​ស្រី​ ដូចនេះ​ អ្នកស្រី​ ហួត​ ចន្ទ​សុវណ្ណ​ គិត​ថា​ បណ្ដាល​មក​ពី​ឥទ្ធិពល​នៃ​ការ​ចាប់ខ្លួន​ម្ដាយ​របស់​នាង​ ។​ ចាប់តាំងពី​អាជ្ញាធរ​បាន​ឃុំខ្លួន​ប្អូនស្រី​របស់​អ្នកស្រី​ កូនស្រី​ច្បង​របស់​អ្នកស្រី​ ទេព​ វ​ន្នី​ តែងតែ​សួរ​រក​ម្ដាយ​ និង​ទារ​ទៅ​ជួប​ម្ដាយ​នៅ​ក្នុង​ពន្ធនាគារ​ជា​ញឹកញាប់​។​ បើ​ទោះជា​ពន្លឺ​នៃ​សេរីភាព​របស់​អ្នកស្រី​ ទេព​ វ​ន្នី​ ហាក់​គ្មាន​សញ្ញា​វិជ្ជមាន​យ៉ាងណា​ក្ដី​ តែ​អ្នកស្រី​ ចន្ទ​សុវណ្ណ​ នៅ​តែ​រំពឹង​ថា​ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ នឹង​ផ្ដល់​ការ​អនុគ្រោះ​ ចេញ​មុខ​អន្ដរាគមន៍​ជួយ​ផ្ដល់​សេរីភាព​ សម្រាប់​ស្ដ្រី​មេម៉ាយ​កូន​ពីរ​រូប​នេះ​ ដើម្បី​ឲ្យ​នាង​បាន​វិល​ត្រឡប់​មក​មើលថែ​ទាំ​កូនៗ​របស់​នាង​វិញ​ ៖«​សុំ​ឲ្យ​សម្ដេច​ គាត់​ជួយ​អន្ដរាគមន៍​ ឲ្យ​គាត់​ជួបជុំ​កូនចៅ​គាត់​វិញ​ផង​ ព្រោះ​កូន​គាត់​ខ្វះ​ភាព​កក់ក្ដៅ​ខ្លាំង​ណាស់​ ដោយសារ​ឪពុក​ ម្ដាយ​ បែកបាក់​គ្នា​ហើយ​ ម្ដាយ​ត្រូវ​ជាប់គុក​ទៀត​ ម្ដាយ​ជាប់គុក​ទៀត​ អ​ញ្ចឹ​ង​គាត់​ខ្វះ​ភាព​កក់ក្ដៅ​កាន់តែ​ខ្លាំង​ រៀន​អត់​បាន​ទេ​»​។​

​ការ​ចាប់​អ្នកស្រី​ ទេព​ វ​ន្នី​ ដាក់​ពន្ធនាគារ​ មិនមែន​មាន​តែ​ក្រុម​គ្រួសារ​របស់​អ្នកស្រី​ទេ​ ដែល​ប៉ះពាល់​ផ្លូវចិត្ដ​ សូ​ម្បី​តែ​អ្នក​ភូមិ​បឹង​កក់​មួយ​ចំនួន​ធំ​ ក៏​មាន​អារម្មណ៍​សោកស្ដាយ​ជា​ខ្លាំង​ផង​ដែរ​។​ អ្នកស្រី​ ផា​ន់​ ឈុ​ន​រ៉េ​ត​ ស្ដ្រី​តំណាង​អ្នក​ភូមិ​បឹង​កក់​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អ្នកស្រី​ ទេព​ វ​ន្នី​ ជា​ស្ដ្រី​គំរូ​មួយ​រូប​ ក្នុង​ការ​តវ៉ា​ការពារ​ផ្ទះសម្បែង​សម្រាប់​អ្នក​ភូមិ​បឹង​កក់​។​ ​អ្នកស្រី​បន្ដ​ថា​ សកម្មភាព​ដែល​អ្នក​ភូមិ​បឹង​កក់​ ធ្វើ​កន្លង​មក​ គឺ​ដើម្បី​តែ​ទីជម្រក​របស់​ខ្លួន​ និង​សេរីភាព​របស់​អ្នកស្រី​ ទេព​ វ​ន្នី​ តែ​ប៉ុណ្ណោះ​ គឺ​គ្មាន​បំណង​ប្រឆាំង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នោះ​ទេ​ ៖«​ពួក​ខ្ញុំ​តវ៉ា​រាល់ថ្ងៃ​ គឺ​តវ៉ា​តែ​រឿង​ដី​ និង​រឿង​អ្នកស្រី​ ទេព​ វ​ន្នី​ ចេញពី​ពន្ធនាគារ​ ខ្ញុំ​អត់​មាន​ប្រឆាំង​ទៅ​រាជរដ្ឋាភិបាល​នោះ​ទេ​»​។​

​លើស​ពី​នេះ​អ្នកស្រី​ ផា​ន់​ ឈុ​ន​រ៉េ​ត​ បញ្ជាក់​ថា​ ប្រសិនបើ​បញ្ហា​ដីធ្លី​របស់​អ្នក​ភូមិ​បឹង​កក់​ប៉ុន្មាន​គ្រួសារ​ចុង​ក្រោយ​នេះ​ មិន​ត្រូវ​បាន​ដោះស្រាយ​ ទាំង​អ្នកស្រី​ និង​អ្នក​ភូមិ​ដទៃ​ទៀត​ច្បាស់​ជា​ជួប​ការ​លំបាក​ធ្ងន់ធ្ងរ​ជាក់​ជា​ពុំខាន​។​ អ្នកស្រី​ ឈុ​ន​រ៉េ​ត​ សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ និង​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹង​កក់​នេះ​៖«​ខ្ញុំ​ចង់បាន​ឲ្យ​រាជរដ្ឋាភិបាល​ហ្នឹង​ គាត់​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ និង​ដោះស្រាយ​ដី​បឹង​កក់​មក​ ពួក​ខ្ញុំ​សប្បាយចិត្ដ​ហើយ​ ព្រោះ​ពួក​ខ្ញុំ​មាន​សង្ឃឹម​តែ​ប៉ុណ្ណឹង​ទេ​។​ បើ​គេ​មិន​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ ហើយ​និង​មិន​ដោះស្រាយ​ដី​បឹង​កក់​ទេ​ គឺ​ពួក​ខ្ញុំ​នៅ​តែ​មាន​ផលវិបាក​ យ៉ាង​ខ្លាំង​ចំពោះ​សហគមន៍​បឹង​កក់​»​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្ដរជាតិ​ ចាត់​ទុក​ថា​ ជា​ស្ដ្រី​ឆ្នើម​មួយ​រូប​ ដែល​មាន​ភាព​ក្លាហាន​ ហ៊ាន​ចេញ​មុខ​តវ៉ា​បញ្ហា​ដីធ្លី​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​។​ អ្នកស្រី​ ទេព​ វ​ន្នី​ ធ្លាប់​បាន​ទទួល​ពានរង្វាន់​ ស្ដ្រីភាព​ជា​អ្នកដឹកនាំ​ពី​សហរដ្ឋអាមេរិក​។​

​ជុំវិញ​ការ​ឃុំខ្លួន​ស្ដ្រី​មេម៉ាយ​កូន​ពីរ​ ដែល​ជា​សកម្មជន​ការពារ​ដីធ្លី​រូប​នេះ​ លោក​ អំ​ សំអាត​ មន្ដ្រី​ស៊ើប​អ​ង្កេ​ន​ជាន់ខ្ពស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ មាន​ប្រសាសន៍​ថា​ តាម​ការ​មើលឃើញ​របស់​លោក​ មិន​ថា​ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ សកម្មជន​ការពារ​ព្រៃឈើ​ សកម្មជន​ការពារ​ដីធ្លី​ ឬ​ក្រុម​អ្នកទោស​មនសិកា​ឡើយ​ ពួក​គេ​ទាំងនោះ​ គឺ​ហាក់​គ្មាន​សញ្ញា​ណាមួយ​ ដែល​អាច​ទទួល​បានការ​បន្ធូរ​បន្ថយទោស​ ឬ​លើកលែងទោស​នោះ​ទេ​។​ ការ​នេះ​លោក​គិត​ថា​ អាច​ជា​ការ​បំបាក់​ដល់​ស្មារតី​ដល់​ក្រុម​សកម្មជន​ដទៃ​ទៀត​។​

​សម្រាប់​ករណី​អ្នកស្រី​ ទេព​ វ​ន្នី​ លោក​ អំ​ សំអាត​ យល់​ឃើញ​ថា​ បើ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្ដែង​ រដ្ឋាភិបាល​គួរតែ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ ដើម្បី​បាន​វិល​ទៅ​មើលថែ​កូន​ ដែល​កំពុង​មាន​ជំងឺ​វិញ​ ហើយ​រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​បញ្ចប់​បញ្ហា​នៅ​តំបន់​បឹង​កក់​ឲ្យ​បាន​ឆាប់​ នោះ​នឹង​មានការ​តវ៉ា​កើតឡើង​ទៀត​ឡើយ​ ៖«​ទី​១​ស្ថានភាព​គ្រួសារ​របស់​គាត់​ កូន​របស់​គាត់​ដែល​កំពុង​តែ​ធ្ងន់ធ្ងរ​ហ្នឹង​ វា​គួរតែ​មានការ​ផ្ដល់​ការ​លើកលែងទោស​ ឬ​ក៏​ការ​ផ្ដល់​សេរីភាព​សម្រាប់​អ្នកស្រី​ ទេព​ វ​ន្នី​ ហ្នឹង​ ទី​១​ ដើម្បី​ឲ្យ​គាត់​បាន​មើលថែ​ម្ដាយ​ ឬ​ក៏​ថែទាំ​កូន​របស់​គាត់​។​ ទី​២​ គឺ​ធ្វើ​យ៉ាងណា​យើង​ដោះ​ឲ្យ​ជាប់​ទៅ​ តំបន់​បឹង​កក់​ហ្នឹង​ ខ្ញុំ​គិត​ថា​ វា​អត់​មានអី​កើតឡើង​បន្ដ​ទៀត​ទេ​បាទ​»​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែសីហា​ ឆ្នាំ​២០១៦​ ខណៈ​ដែល​អ្នកស្រី​ បាន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ ពណ៌​ខ្មៅ​ ទាមទារ​ឲ្យ​រក​យុត្ដិធម៌​សម្រាប់​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​សង្គម​ដ៏​ល្បីឈ្មោះ​ ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​ទាមទារ​ឲ្យ​ដោះ​លែង​មន្ដ្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​។​

​កាលពី​ពេល​កន្លង​ទៅ​នេះ​ អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្ដរជាតិ​មួយ​ចំនួន​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ ដោយ​សម្ដែង​ការ​មិន​ពេញ​ចិត្ដជា​ខ្លាំង​ ចំពោះ​ឃុំខ្លួន​អ្នកស្រី​ ទេព​ វ​ន្នី​ ក្នុង​ពន្ធនាគារ​ ហើយ​ពួក​គេ​បាន​ចាត់​ទុក​ថា​ នេះ​ជា​ទ​ង្វើ​ អយុត្ដិធម៌​បំផុត​ និង​ជា​ការ​ធ្វើទុក្ខបុកម្នេញ​តាម​ផ្លូវច្បាប់​ទៅ​លើ​ស្ដ្រី​ ជា​សកម្មជន​ដីធ្លី​។​ សង្គម​ស៊ី​វិល​ទាំងនោះ​យល់​ឃើញ​ថា​ ចំណាត់ការ​ដែល​មាន​ចំពោះ​ អ្នកស្រី​ ទេព​ វ​ន្នី​ ទំនងជា​ការ​ប៉ុនប៉ង​ ក្នុង​ការ​បំបិទ​សំឡេង​អ្នក​ការពារ​ដីធ្លី​ ដែល​ហ៊ាន​និយាយ​រិះគន់​មិន​សំចៃមាត់​នៅ​កម្ពុជា​ មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ខែកក្កដា​ ឆ្នាំ​២០១៨​ ឈាន​ចូល​មក​ដល់​៕

ព័ត៌មានទាក់ទង

អង្គការ​បន្ទាយស្រី​ ខេត្ដសៀមរាប​ បាន​រៀបចំ​វេទិកា​ស្ដី​ពី​សិទ្ធិ​ស្ដ្រី​ និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

អង្គការ​បន្ទាយ​ស្ដ្រី​ ខេត្ដសៀមរាប​ បាន​រៀបចំ[...]

ស្ដ្រី​បម្រើ​តាម​ផ្ទះ​ សង្ឃឹមថា​ ការ​អំពាវនាវ​របស់​នាយក​រដ្ឋមន្ដ្រី​ នឹង​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ​

ស្ដ្រី​បម្រើ​តាម​ផ្ទះ​ បង្ហាញ​ក្ដី​សង្ឃឹមថា​ [...]

សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​ឲ្យ​ម្ចាស់ផ្ទះ​ផ្ដល់​ប្រាក់​ឈ្នួល​ ឲ្យ​បាន​ខ្ពស់​ដល់​ស្ដ្រី​បម្រើ​ការ​តាម​ផ្ទះ​

ក្នុង​ឱកាស​ នៃ​ពិធី​ជួប​សំណេះសំណាល់​ជាមួយ​កម្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត