ក្រុមហ៊ុនអាកាសចរណ៍ដែលគាំទ្រដោយរដ្ឋចិន JC International Airlines បានបើកសម្ភោធការហោះហើរប្រចាំថ្ងៃមកកាន់ទីក្រុងភ្នំពេញនិងក្រុងសៀមរាប និងព្រលានយន្តហោះក្រុងព្រះសីហនុ កាលពីថ្ងៃសៅរ៍។
លោកស្រី ដុងហ្គាន ហ័ង អគ្គនាយកនៃក្រុមហ៊ុននេះប្រចាំក្រុងភ្នំពេញមានប្រសាសន៍ថា ការវិនិយោគលើការហោះហើរនេះ គឺ មានទំហំទឹកប្រាក់ ៥០លានដុល្លារអាមេរិក។
ក្នុងដំណើរការហោះហើរដំបូងក្រុមហ៊ុននឹងប្រើយន្តហោះធន់អ៊ែប៊ើស អេ ៣២០ ចំនួនពីរគ្រឿង ដែលយន្តហោះនិមួយៗមានចំណុះ១៨០កៅអី។
បើយោងតាមលោកស្រី ដុងហ្គាន ហ័ង ក្រុមហ៊ុន JC International Airlines នឹងបន្ថែមយន្តហោះចំនួនបីគ្រឿងទៀតក្នុងអំឡុង ខែមិនា ខែតុលានិងខែធ្នូ ក្នុងឆ្នាំនេះដើម្បីពង្រីកការហោះហើរទៅកាន់បណ្តាប្រទេសអាស៊ាន ប្រទេសចិន ជប៉ុន និងទៅកាន់ប្រទេសកូរ៉េខាងត្បូង។
បច្ចុប្បន្នប្រទេសកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួនប្រាំ។ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ ក្រុមហ៊ុន អាកាសចរណ៍ស្កាយអង្គរអ៊ែឡាញ ក្រុមហ៊ុនអាកាសចរណ៍បាយន័កម្ពុជា ក្រុមហ៊ុនអាកាសចរណ៍បាសាក់កា និងក្រុមហ៊ុនអាកាសចរណ៍ JC International Airlines៕