ភ្នំពេញ៖ កាលពីសប្តាហ៍មុននេះក្រុមយុវជននិងបណ្តាញសកម្មជនដីធ្លី និងធនធានធម្មជាតិ ប្រមាណ៥០នាក់ បានប្រារព្ធព្រឹត្តិការណ៍បោះជំរុំប្រចាំឆ្នាំដោយពួកគេបានលើកឡើងនូវបទពិសោធន៍ ចំណេះដឹងដែលធ្លាប់ប្រឡូកក្នុងការងារទាក់ទងបញ្ហាដីធ្លី និងបរិស្ថាន។ គោលបំណងនៃកម្មវិធីបោះជំរុំនេះ គឺដើម្បីស្វែងរកដំណោះស្រាយល្អៗក្នុងរយៈពេលដែលពួកគេធ្លាប់ឆ្លងកាត់ការងារជាអ្នកឃ្លាំមើលការរំលោភបំពានដីធ្លី និងបរិស្ថាន។
(កញ្ញា ឃ្វិះ ផលឡា ជូនសេចក្តីរាយការណ៍)
ការសិក្សារៀនសូត្របន្ថែមលើចំណេះដឹងបញ្ហាដីធ្លី បរិស្ថាន ពាក់ព័ន្ធនឹងនីតិវិធីដោះស្រាយ ជំនាញភាពជាអ្នកកដឹកនាំ ការស្វែងយល់ពីព័ត៌មានពិត ព័ត៌មានក្លែងក្លាយ ព្រមទាំងចំណេះដឹងទៅលើទម្រង់នៃការរំលោភបំពានដីធ្លីសហគមន៍ និងបទល្មើសព្រៃឈើ ត្រូវបានក្រុមយុវជនចុះទៅទស្សនកិច្ចសិក្សានៅតាមសហគមន៍ដូចជា សហគមន៍ ពូឡេះ និង សហគមន៍ ពូរ៉ាង នៅ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ដំណើរទស្សនកិច្ចភ្ជាប់នឹងការបោះជំរុំប្រចាំឆ្នាំនេះ គឺជាកិច្ចប្រជុំប្រចាំឆ្នាំក្នុងគម្រោង ពង្រឹងការចូលរួមរបស់យុវជនក្នុងបញ្ហាដីធ្លីនិងធនធានធម្មជាតិ ដែលផ្តល់មូលនិធិអង្គការសហប្រជាជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ United Nations Democracy Fund ( UNDEF) ដែលចូលរួមបែបអន្តរជំនាន់ ពោលមានទាំងមនុស្សវ័យក្មេង និងមនុស្សវ័យចំណាស់។
កញ្ញា ចាន់ សុនិតា ជាយុវតីមកពីរាជធានីភ្នំពេញឲ្យដឹងថា បញ្ហាដីធ្លី និងធនធានធម្មជាតិជាបញ្ហាមួយសំខាន់ ប៉ុន្ដែប្រជាពលរដ្ឋនៅតែបន្ដធ្វើសកម្មភាពមិនល្អជាដដែលៗ ដោយមិនបានស្វែងយល់ស៊ីជម្រៅលើបញ្ហាដែលកើតឡើងទៅថ្ងៃក្រោយ។ កញ្ញា ចាន់ សុនិតា បន្ថែមទៀតថា កញ្ញាចង់ឱ្យចូលយុវជនចូលរួមឱ្យបានសកម្មក្នុងការដោះស្រាយបញ្ហាដីធ្លីនិងធនធានធម្មជាតិ ទោះបីជាមិនសូវយល់ដឹងអំពីបញ្ហាទាំងនោះក៏ដោយ ពោលគឺគ្រប់គ្នាត្រូវសកម្មរៀនសូត្រ ដើម្បីឱ្យមានគំនិតក្នុងការដោះស្រាយរាល់បញ្ហាដែលកើតឡើងក្នុងសហគមន៍និងក្នុងភូមិផងដែរ។
៖«សម្រាប់ថ្ងៃហ្នឹងតាំងពីព្រឹករហូតដល់ពេលហ្នឹងដែរខ្ញុំរៀនច្រើនមែនតែន ជាពិសេសដូចជាបញ្ហាដែលកើតឡើងនៅក្នុងសហគមន៍នានាហើយក៏ដូចជាវិធីសាស្ត្រដោះស្រាយផ្សេងៗដូចជាតាមសហគមន៍នីមួយៗដែលបានចែករំលែកគ្នាហើយបើសិនជាខ្ញុំមានឱកាសចែករំលែកទៅកាន់សហគមន៍ដែលគាត់បានមកចូលរួមនៅថ្ងៃនេះចង់ឲ្យគាត់បានយល់ដឹងពីវិធីស្រាយបញ្ហាទាំងអស់ដែលខ្ញុំបានរៀនសូត្រហើយនិងឲ្យពួកគាត់យល់ដឹងដូចដែលយើងបានយល់ដឹងដែរយុវជនក៏ល្អជាអ្វីមួយដែលសំខាន់មែនទែនបើសម្រាប់យុវចាស់គាត់អត់បានជួយយើងដល់យើងស្លាប់ទេអញ្ចឹងយុវជនហើយក៏ដូចជាកុមារក៏ដោយគឺបើសិនជាអាច ត្រូវតែធ្វើការផ្សព្វផ្សាយឬក៏ប្រាប់ឲ្យពួកគាត់បានយល់ដឹងពីបញ្ហាដែលនឹងកើតឡើងនៅថ្ងៃខាងមុខហើយក៏ដូចជាហានិភ័យដែលត្រូវបង្កើតឡើងនៅពេលដែលយើងបន្តធ្វើសកម្មភាពដែរវាប៉ះពាល់អញ្ចឹង បានន័យថាគាត់អត់បើកចិត្តឲ្យទូលំទូលាយថាបើសិនជាធ្វើម្នាក់ពីរនាក់ទៀតវានឹងបង្កជាបញ្ហាដ៏ធំកើតឡើង»។
កញ្ញា ចាន់ សុនីតា។
ជាមួយគ្នានោះដែរ កញ្ញា ឡាំប៉ិ ស្រីមាស មកពីសហគមន៍កាន់ឈើង ខេត្តរតនគិរីលើកឡើងថា ការចូលរួមកម្មវិធីបោះជំរុំស្ដីពីបញ្ហាដីធ្លីនិងធនធានធម្មជាតិ កញ្ញាបានទទួលចំណេះដឹងពីភាពជាអ្នកដឹកនាំក្នុងការសហគមន៍ ព្រោះកញ្ញាធ្លាប់ដោះស្រាយបញ្ហាក្នុងសហគមន៍។ កញ្ញាសន្យាថា នឹងយកគំនិតល្អៗពីកម្មវិធីទៅណែនាំប្រជាពលរដ្ឋបន្ថែមក្នុងសហគមន៍ឱ្យយល់ពីបញ្ហាដីធ្លីនិងធនធានធម្មជាតិផងដែរ។
៖«កម្មវិធីបោះជំរុំស្ដីពីបញ្ហាធនធានធម្មជាតិទីមួយយើងអាចចូលរួមដោះស្រាយបញ្ហារួមគ្នានៅនិងមានចំណេះដឹងដើម្បីជួយដោះស្រាយពីបញ្ហាដីហ្នឹង។ដោយសារពេលយើងដោះស្រាយហើយវាបាន៥០%និងមិនសូវបាន ដោយសារយើងបានបញ្ចេញសមត្ថភាពដើម្បី ស្រាយជួយដោះស្រាយក្នុងសហគមន៍សម្រាប់សងវិញក្នុងនាមជាយុវជននៅក្នុងសហគមន៍ខ្ញុំសូមណែនាំដល់សហគមន៍ដើម្បីឲ្យចូលរួមទាំងអស់គ្នា ។គន្លឹះខ្លះៗដែលខ្ញុំមាននឹងជួយចែករំលែកនិងផលប្រយោជន៍អំពីការជួយសហគមន៍រឿងដីធ្លីនិង ព្រៃឈើ ខ្ញុំចាប់អារម្មណ៍ត្រង់ចំណុចភាពជាអ្នកដឹកនាំដោយសារតែបើយើងក្លាយជាអ្នកដឹកនាំយើងនឹងល្អអាចដឹកនាំក្នុងសហគមន៍យើងបានងាយមានបញ្ហាហ្នឹងយើងខិតខំប្រឹងប្រែងហើយបានលទ្ធផល ពិបាកក្នុងការណែនាំបញ្ចុះបញ្ចូលគាត់ឲ្យយល់ដឹងពីបញ្ហាព្រៃឈើនិង»។
កញ្ញា ឡាំប៉ិ ស្រីមាស។
ជាមួយគ្នានេះដែលលោក សល់ គ្រឿង រស់នៅខេត្ដរតនគិរី និយាយថា ក្នុងប្រជុំនេះធ្វើឱ្យលោកបានយល់ដឹងកាន់ច្រើនពីបញ្ហាដីធ្លី ពិសេសរបៀបដឹកនាំសហគមន៍ឱ្យកាន់តែរឹងមាំ។ តែយ៉ាងណាលោកនៅតែមានក្តីបារម្ភខ្លះ នៅពេលយកចំណេះដឹងនេះទៅចែករំលែកក្នុងសហគមន៍ ព្រោះអាចពុំសូវមានអ្នកចូលរួមដោយហេតុថា បញ្ហាដីធ្លី និងបរិស្ថាននេះ នៅតែជាបញ្ហារសើបក្នុងសហគមន៍។
៖«ដើម្បីឲ្យមានភាពដឹកនាំជារឹងមាំមួយ ទុកសម្រាប់យើងប្រើប្រាស់ក្នុងសហគមន៍លោកសម្រាប់លោកគ្រូបង្រៀនឡើងច្រើនចំណុចប៉ុន្តែគាត់បង្រៀនគឺជាចំណុចសំខាន់ៗសម្រាប់ពួកខ្ញុំយុទ្ធជនទៅផ្សព្វផ្សាយសហគមន៍របស់ពួកខ្ញុំនីមួយៗណាស់ ។គាត់បង្រៀនដើម្បីឲ្យយើងរឹងមាំ ពិបាកចិត្តផងដែរព្រោះដោយសារអីខ្ញុំខ្លាចទៅភូមិខ្ញុំវិញខ្ញុំផ្សព្វផ្សាយអំពីដែលលោកគ្រូបានបង្រៀនខ្លាចដូចជាភូមិរបស់បងនៅហ្នឹងគេអត់បានចូលរួមច្រើនអ៊ីចឹងណាស់ សហគមន៍ខ្ញុំអាចចូលរួមយើងកាន់ដៃគ្នាដើម្បីរឹងមាំមួយខ្ញុំចង់បានអ៊ីចឹងណាស់ជាពលរដ្ឋយើង គាត់អត់គោរពអ៊ីចឹងដល់ពេលគាត់ហៅមកចូលរួមអ៊ីចឹងខ្លាចដូចជាដោយចង្កឹះមួយបាច់នៅសល់មួយគូរទេចឹងណាស់ខ្ញុំចង់មានចំណេះច្រើនសិក្សាដើម្បីឲ្យពួកគាត់ជឿជាក់ទៅលើខ្ញុំបានទៅផ្សព្វផ្សាយតែម្ដង យើងប្រាប់សហគមន៌បានរៀនយើងត្រូវតែផ្សព្វផ្សាយជូនពួកគាត់យល់អញ្ចឹងណាស់»។
លោក សល់ គ្រឿង។
រីឯលោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានថា កិច្ចប្រជុំប្រចាំឆ្នាំនេះ បានផ្តល់ឳកាសឱ្យអន្តរជំនាន់ រវាងក្រុមមនុស្សវ័យក្មេង និង មនុស្សវ័យចំណាស់បានចែករំលែកចំណេះ និងកត្តាប្រឈម ក៏ដូចជា រិះរកគំនិតថ្មីៗ ដើម្បីស្វែងរកដំណោះស្រាយ និងឃ្លាំមើលការរំលោភបំពានដីធ្លី និងព្រៃឈើ ដែលជាកម្មសិទ្ធិ និង ធនធានអាស្រ័យផលរបស់សហគមន៍។ លោកថា ចំណេះដឹងនិងទេពកោសល្យរបស់យុវជន ជាធនធានមិនអាចខ្វះបានសម្រាប់បន្តវេន លើកិច្ចការការពារដីធ្លី និង ធនធានធម្មជាតិ។
សូមបញ្ជាក់ថា កម្មវិធីបោះជំរុំ យុវជនប្រចាំឆ្នាំ ស្តីពីបញ្ហដីធ្លី និងធនធានធម្មជាតិបានធ្វើឡើង កាលពីថ្ងៃទី ២៣ ដល់ ២៤ ឆ្នាំ នៅខេត្តមណ្ឌលគិរី ដែលមានយុវជនដែលធ្វើការផ្នែកដីធ្លី និងធនធានធម្មជាតិ ចំនួន ៥៣ នាក់បានចូលរួម។ កម្មវិធីនេះបានរៀបចំឡើងដោយអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា និង មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ក្នុងគោលបំណង ផ្តល់ឳកាសឲ្យយុវជន ដែលកំពុងធ្វើការ ឃ្លាំមើលការរំលោភបំពានដីធ្លីនិងធនធានធម្មជាតិ នៅក្នុងខេត្ត មណ្ឌលគិរី រតនៈគិរី កំពង់ស្ពឺ កំពត និងរាជធានីភ្នំពេញ បានចែករំលែក និងស្វែងយល់ ពីបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយទៅតាមបរិបទនីមួយៗ៕
អត្ថបទដោយ៖ កញ្ញា ឃ្វិះ ផលឡា