ភ្នំពេញ៖ ក្រុមយុវជនមួយចំនួនបានសម្តែងមតិរបស់ខ្លួនដោយគាំទ្រឱ្យមានការដំឡើងអាករពិសេសលើផលិតផលថ្នាំជក់ និងជំរុញដល់ស្ថាប័នពាក់ព័ន្ធប្រើវិធានការរឹតបណ្តឹងលើការប្រើប្រាស់បារីអេឡិកត្រនិក ដ្បិតផលិតផលទាំងនោះធ្វើឱ្យប្រជាជនកម្ពុជាបាត់បង់ជីវិតប្រមាណ១៥ ០០០នាក់ និងខាតបង់ថវិកាចំនួន៦៤៩លានដុល្លារស្ទើររៀងរាល់ឆ្នាំ។ ការបង្ហាញជំហររបស់យុវជននេះ ធ្វើឡើងក្នុងវេទិកាយុវជន ស្តីពី អាករពិសេសថ្នាំជក់នៅរាជណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃទី៥ខែធ្នូ ឆ្នំា២០២៤។(អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
អាករពិសេស មានលក្ខណ:ខុសពីពន្ធធម្មតា ព្រោះអាករពិសេសដាក់បន្ទុកតែលើផលិតផលដែលបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព បរិស្ថាន សេដ្ឋកិច្ច និងសង្គម។ តួយ៉ាងមានដូចជា ផលិតផលថ្នាំជក់ ដែលជាផលិតផលមួយប្រភេទធ្វើឱ្យប្រជាជនកម្ពុជាស្លាប់ប្រមាណ ១៥ ០០០នាក់ជារៀងរាល់ឆ្នាំ និងធ្វើឱ្យខាតបង់ថវិកា ៦៤៩ លានដុល្លារអាមេរិក។
នេះយោងតាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានលើកយកមកធ្វើការបង្ហាញដោយអង្គការចលនាដើម្បីសុខភាពកម្ពុជានៅក្នុងវេទិកាយុវជនស្តីពីអាករពិសេសថ្នាំជក់នៅរាជណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នំា២០២៤។ ផលប៉ះពាល់បណ្តាលមកពីផលិតផលថ្នាំជក់នេះហើយ ជាប្រធានបទមួយលើកមកវែកញែកក្នុងវេទិកាដែលមានអ្នកចូលរួមដូចជា សិស្ស និស្សិត អ្នកវិភាគសេដ្ឋកិច្ច មន្រ្តីអង្គការសង្គមស៊ីវិល និងមន្រ្តីពីក្រសួងពាក់ព័ន្ធផងដែរ។
អ្នកចូលរួមវេទិកាម្នាក់គឺកញ្ញា សួន ស្រីមុំ និស្សិតទើបបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រង យល់ស្របឱ្យមានការដំឡើងពន្ធអាករពិសេសលើផលិតផលថ្នាំជក់ ឬបារី ដោយកញ្ញាជឿជាក់ថា កាលណាបារី ត្រូវដំឡើងថ្លៃកាន់តែខ្ពស់ នោះអាត្រាអ្នកជក់ពិតជាថយចុះជាពុំខាន។ តែជ្រុងមួយទៀតកញ្ញាយល់ថា បើសិនជាបារីត្រូវឡើងថ្លៃនោះអ្នកធ្លាប់ជក់នឹងងាកមកជក់បារីអេឡិកត្រនិចវិញ ដែលប្រការនេះ កញ្ញាស្នើឱ្យគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធទាំងអស់ចូលរួមទប់ស្កាត់ការប្រើប្រាស់បារីអេឡិកត្រនិតទាំងអស់គ្នា។
កញ្ញាសួន ស្រីមុំ៖«អ៊ីចឹងបើសិនជាអាចខ្ញុំចង់ឱ្យ រាជរដ្ឋាភិបាលទប់ស្កាត់បារីអេឡិកត្រូនិក ជាពិសេស សិស្សសាលាបឋម វិទ្យាល័យគឺប្រើខ្លាំង ខ្ញុំឃើញ និងតាមទាន់ពេលក្មេងគ្រោះថ្នាក់ចរាចរណ៍អាយុក្រោម១៨ឆ្នាំ ហេតុអ្វីនៅក្នុងកាតាបគាត់មានគ្រឿងអេឡិកត្រូនិកហ្នឹងយកទៅជក់ ហើយអាណាព្យាបាលគាត់មិនបានដឹង តាមសាលាអត់បានឆែកទេ ដល់ពេលអ៊ីចឹងយើងអត់ដឹងទប់ស្កាត់យ៉ាងម៉េចទេ សុំអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ និងយុវជនតាមសាលានីមួយៗសូមអ្នកគ្រូលោកគ្រូពិនិត្យមើលរឿងហ្នឹង (បារីអេឡិកត្រូនិក)និងបន្ទាប់មកទៀតសូមឱ្យអាណាព្យាបាលតាមដានកូនជាពិសេស»។
រីឯ លោក រ៉េត ដារ៉ូ និស្សិតសាកលវិទ្យាល័យការពារជាតិ ក៏គាំទ្រឱ្យមានការដំឡើងពន្ធបារីដែរ ព្រោះលោកយល់ឃើញថា បារីបង្កប៉ះពាល់ខ្លាំងចំពោះសុខភាព ពិសេសកុមារ និងស្រ្តីមានផ្ទៃពោះ។ លោកយល់ថា យុវជនគួរជៀសវាងលើការជក់បារីនេះ ព្រោះការជក់បារីគ្មានផលចំណេញនោះទេ ថែមទាំងធ្វើឱ្យខូចសុខភាព និងចំណាយថវិកាឥតប្រយោជន៍។
លោក រ៉េត ដារ៉ូ៖« ចំពោះបញ្ហា ពន្ធអាករខ្ញុំគិតថា បើសិនជាអាចគឺអាចដំឡើងពន្ធដើម្បីកាត់បន្ថយពីការប្រើប្រាស់បារីឱ្យបានទាំងអស់គ្នា។សព្វថ្ងៃនេះខ្ញុំមើលឃើញថា យុវជនមួយចំនួនមានការប្រើប្រាស់បារីច្រើន អ៊ីចឹងអាចថាតាមគ្នា ឬតាមចំណង់ចំណូលចិត្តរបស់គាត់ ប៉ុន្តែឃើញច្រើន ដូចជាយុវជនមួយចំនួន សិស្សសាលា អីគាត់ប្រើច្រើន។ អ៊ីចឹងខ្ញុំសំណូមពរថាបើអាចកាត់បន្ថយបានគួរតែឈប់ប្រើប្រាស់តែម្តង»។
ពលរដ្ឋកម្ពុជាក្នុងមួយឆ្នាំៗបានបាត់បង់ជីវិតដោយសារការប្រើប្រាស់ថ្នាំជក់មានប្រមាណ ១៥០០០នាក់។ បើគិតក្នុងមួយថ្ងៃមានចំនួន ៤០នាក់បានស្លាប់ ដែលចំនួននេះមានអត្រាខ្ពស់ជាងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជំងឺអេដស៏ ជំងឺគ្រុនចាញ់ និងរាគរូស បូកបញ្ចូលគ្នា។ ចំពោះអ្នកស្លាប់ដោយសារការជក់បារីត្រូវបានរកឃើញថា ភាគច្រើនបានកើតឡើងទៅលើអ្នកដែលមានចំណូលទាប។
ទាក់ទងក្នុងរឿងនេះលោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា វិធានការសំខាន់សម្រាប់កាត់បន្ថយអ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់គឺការដំឡើងពន្ធ។ លោកចាត់ទុកថា វិធាននេះត្រូវបានទទួលស្គាល់ជាសកលថា ជាវិធានឈ្នះ-ឈ្នះ ហើយរដ្ឋាភិបាលបានទទួលប្រាក់ចំណូលពន្ធបន្ថែម និងកាត់បន្ថយទុក្ខវេទនារបស់ប្រជាពលរដ្ឋ ដោយសារ ការស្លាប់ ការឈឺ ការរបួស និងពិការដោយសារការជក់បារី។
លោកវេជ្ជបណ្ឌិត មុំ គង់៖«វិធានការទី១ដែលសំខាន់ជាងគេបំផុតគឺដំឡើងពន្ធលើផលិតផលថ្នាំជក់ ទី២ពង្រឹងការហាមឃាត់ការជក់បារីនៅកន្លែងធ្វើការ និងកន្លែងសាធារណៈ ការដាក់សារព្រមានសុខភាពលើកញ្ចប់បារី គឺជាវិធានការអប់រំ ដែលមានប្រសិទ្ធភាព និងចំណាយថវិកាតិចបំផុត ទី៣ហាមឃាត់ការផ្សាយពាណិជ្ជកម្មថ្នាំជក់គ្រប់ទម្រង់ បច្ចុប្បន្នមានន័យថាយើងហាមឃាត់មធ្យោបាយធំៗអស់ហើយ ប៉ុន្តែសល់ប្រឡោះមួយគឺនៅកន្លែងលក់ ជាពិសេសនៅមានការឆ្មក់ផ្សាយពាណិជ្ជកម្មពីនារីវ័យក្មេងដែលចូលទៅតាមកន្លែងលក់អាហារជាដើមនោះ និងទី៥យុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន»។
ជាការសង្កេតរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគសេដ្ឋកិច្ចមួយរូបលោកយល់ឃើញថា បរិយាកាសនៃការប្រើប្រាស់បារី និងផលិតផលថ្នាំជក់ នៅតែពិបាកក្នុងការទប់ស្កាត់។ ប្រការនេះលោកយល់ថា នៅតែជះផលអវិជ្ជមានទៅដល់សុខភាពក្នុងចំណោមយុវជន ពោលគឺរារាំងដល់ការរីកចម្រើននៃអាយុសង្ឃឹមរស់ ឬហៅថាអាយុមធ្យមរបស់ប្រជាពលរដ្ឋ។ បញ្ហាមួយទៀតនោះ គឺវិធានការហាមឃាត់ការជក់តាមទីសាធារណៈ និងកន្លែងធ្វើការនៅមិនទាន់អនុវត្តឱ្យមានប្រសិទ្ធភាពនៅឡើយ ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទូចដល់រាជរដ្ឋាភិបាលកម្ពុជា គួរតែអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការគ្រប់គ្រងការនាំចូល ការផលិត និងការបង់ពន្ធឱ្យបានត្រឹមត្រូវ។ អ្នកវិភាគសេដ្ឋកិច្ចរូបនោះបញ្ជាក់ថា នៅពេលថ្លៃបារីកើនឡើងខ្ពស់ នោះចំណូលពន្ធទទួលបានកាន់តែច្រើន ហើយជំងឺមិនឆ្លងនឹងកាន់តែថយចុះ បន្ទុកសុខាភិបាល ក៏ថយចុះផងដែរ។
បណ្ឌិត គី សេរីវឌ្ឍន៍ ៖«ចំពោះការប្រមូលពន្ធវិញ បច្ចុប្បន្ននេះ ពន្ធលើថ្នាំជក់រួមមានអាករពិសេស២០ភាគរយ អាករបំភ្លឺសាធារណៈ៥ភាគរយ អាករលើតម្លៃបន្ថែម១០ភាគរយ ពន្ធនាំចូល និង ពន្ធលើប្រាក់ចំណូលប្រាក់ចំណេញ ដែលសរុបជាមធ្យមពន្ធលើបារីនេះ មានចន្លោះពី ៣០ភាគរយ ទៅ ៣៥ភាគរយ នៃថ្លៃបារី តែប៉ុណ្ណោះ ហើយកម្រិតនៅទាបបើប្រៀបធៀបជាមួយ បណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ក៏ដូចជាពិភពលោក»។
ជុំវិញអាករពិសេសថ្នាំជក់នេះ លោក វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីអាករពិសេសថ្នាំជក់នៅកម្ពុជា បានបង្ហាញនូវពន្លឺនៃការដំឡើងអាករពិសេសថ្នាំជក់នេះ ដោយលោករំពឹងថា នឹងអាចកើនឡើងក្នុងអត្រាខ្ពស់ នៅពេលខាងមុខ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានអ្នកប្រើប្រាស់ថ្នាំជក់ជាង ២ លាននាក់។ ជំងឺចំនួន ៥ ប្រភេទដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់ដោយសារថ្នាំជក់ មានជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្នែកផ្លូវដង្ហើមខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់ ៕
ប្រភពរូប៖រាជបណ្ឌិត្យសភាកម្ពុជា