អង្គការសហប្រជាជាតិ ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទទី ១៧ តុលា ម្សិលមិញ បានថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំង បន្ទាប់ពីប្រទេសកុម្មយនិស្ត ឯកោមួយនេះ បានបាញ់បង្ហោះមីស៊ីល មួយគ្រាប់តែត្រូវបានបរាជ័យ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏លើកឡើងថា ការបាញ់បង្ហោះមីស៊ីលនេះ ជាការគំរាមកំហែងដល់វិធានការប្រឆាំងនឹងទីក្រុង Pyongyang។
ប្រទេសកូរ៉េខាងជើង បានសាកល្បងការបាញ់កាំជ្រួចមីស៊ីលក្នុងវង់ប្រតិបត្តិការរយៈមធ្យម ដែលមីស៊ីលនោះមានឈ្មោះថា Musudan កាលពីថ្ងៃសៅរ៍។ ការសាកល្បងចុងក្រោយបំផុតនេះ ត្រូវគេមើលឃើញថា ជាភាពរឹងទទឹងរបស់ក្រុងព្យុងយ៉ាង ដែលមិនព្រមស្ដាប់នូវដំណោះស្រាយ របស់អង្គការសហប្រជាជាតិ។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានលើកឡើងថា សមាជិកក្រុមប្រឹក្សាបានឯកភាពគ្នាតាមដានស្ថានការណ៍នេះ យ៉ាងដិតដល់ និងចាត់វិធានការសំខាន់បន្ថែមទៀត។
កូរ៉េខាងជើង ត្រូវរងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចំនួន ៥ សំណុំរឿងចាប់តាំងពីក្រុងព្យុងយ៉ាងបានធ្វើតេស្តនុយក្លេអ៊ែរ ជាលើកដំបូងកាលពីឆ្នាំ ២០០៦។
បន្ទាប់ពីក្រុងព្យុងយ៉ាង បានអនុវត្តការធ្វើតេស្តនុយក្លេអ៊ែរ លើកទីបួនជាបន្តបន្ទាប់រួចមក ក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិកាលខែមីនា ក៏បានអនុម័តសេចក្តីសម្រេចមួយ ដាក់ទណ្ឌកម្មយ៉ាងតឹងតែងបំផុត ដោយកំណត់ពេលវេលា និង កំណត់ទិសដៅពាណិជ្ជកម្ម របស់កូរ៉េខាងជើងក្នុងការរឹតបន្តឹងធន ធានរ៉ែ និងវិស័យធនាគារ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលជាង ២០ លើកចាប់តាំងពីមានសេចក្តីសម្រេចដោះស្រាយកាលខែមីនាត្រូវបានអនុម័ត៕ ប្រភព៖CNA