ក្រុងប៉េកាំង៖ មន្ត្រីការទូតជាន់ខ្ពស់ចិននិយាយនៅថ្ងៃចន្ទទី ១១ កក្តដានេះថា បញ្ហាសមុទ្រចិនខាងត្បូងគឺមិនត្រូវមាននៅលើរបៀបវារៈ និងមិនគួរត្រូវបានពិភាក្សានៅក្នុងជំនួបកំពូល រវាងមេដឹកនាំអាស៊ីនិងអឺរ៉ុបនៅប្រទេសម៉ុងហ្គោលីនៅចុងសប្តាហ៍នេះទេ។

តាមបណ្ដាញផ្សាយព័ត៌មានChannel News Asia កិច្ចប្រជុំអាស៊ី អឺរ៉ុប ឬ ASEM នេះ នឹងក្លាយជាជំនួបការទូតសំខាន់លើកដំបូងមួយ បន្ទាប់ពីសេចក្តីសម្រេចមជ្ឈឹត្តការអន្តរជាតិរបស់តុលាការក្រុងឡាអេ រវាងភាគីជំលោះហ្វីលីពិន និងចិននឹងមកដល់នៅថ្ងៃទី ១២ កក្តដាស្អែកនេះ។
ភាពតានតឹងនិងសង្គ្រាមវោហាសាស្ត្រ បានកើនឡើងនៅមុននៃសេចក្តីសម្រេចនេះ ព្រោះតែប្រទេសចិនបានបដិសេធមិនទទួលស្គាល់សេចក្ដីសម្រេចរបស់តុលាការអន្តរជាតិនេះ។ទីក្រុងប៉េកាំងបាននិយាយថាតុលាការពុំមានយុត្តាធិការទេហើយចិនមិនអាចត្រូវបង្ខំឱ្យទទួលយកការដោះស្រាយជម្លោះ។
ប្រទេសចិនបានស្តីបន្ទោសសហរដ្ឋអាមេរិកម្តងហើយម្តងទៀត ចំពោះការជំរុញឱ្យមានបញ្ហានៅក្នុងសមុទ្រចិនខាងត្បូងដែលសមុទ្រចិនខាងត្បូងនេះ គឺជាតំបន់ត្រួតស៊ីគ្នា ហើយកំពុងត្រូវបានទាមទារពីសំ ណាក់ប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះតៃវ៉ាន់។
ឧបការីរដ្ឋមន្ត្រីការបរទេសចិនលោក Kong Xuanyou បានបង្ហាញសញ្ញានៃការពិភាក្សាអំពីសមុទ្រចិនខាងត្បូងនេះថា ការពិភាក្សានេះគឺមិនគួរត្រូវបានស្វាគមន៍នៅក្នុងព្រឹត្តិការណ៍ក្នុងកិច្ចប្រជុំអាស៊ី អឺរ៉ុបនោះទេ។
លោក Kong បានប្រាប់នាសន្និសីទកាសែតមួយថា៖«សន្និសីទកំពូលរបស់មេដឹកនាំ ASEM មិនមែនជាកន្លែងសមរម្យដើម្បីពិភាក្សាអំពីសមុទ្រចិនខាងត្បូងហើយក៏ មិនមានផែនការអ្វីដើម្បីពិភាក្សាលើរបៀបវារៈ សម្រាប់កិច្ចប្រជុំនេះទេគឺ វាមិនគួរត្រូវបានដាក់ក្នុងរបៀបវារៈនោះទេ»។
ទោះយ៉ាងណា មន្ត្រីការទូតទីក្រុងប៉េកាំងទទួលបន្ទុកកិច្ចការ ASEM បាននិយាយថា ជៀសមិនរួចនោះជម្លោះសមុទ្រចិនខាងត្បូងនឹងត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលនេះដែលត្រូវគេរំពឹងថានឹងត្រូវបានចូលរួមដោយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេនិងអធិការបតីអាល្លឺម៉ង់ Angela Merkel ។
សហរដ្ឋអាមេរិកបាន បញ្ចេញនាវល្បាតរបស់ខ្លួន ជាច្រើន ដង ទៅកាន់តំបន់ដែលមានជំលោះ ខណៈខ្លួនអះអាងថា ជាតំបន់សេរីភាពនាវាចរណ៍អន្តរជាតិ ប៉ុន្តែទង្វើរបស់អាមេរិក តែងតែត្រូវបាន ក្រុងប៉េកាំង សម្ដែងកំហឹង ហើយផ្ដើមឱ្យមានវត្តមានកងទ័ពរបស់ចិននៅទីនោះ ។
លោកKong បាននិយាយថាប្រសិនបើមានភាពតានតឹងនៅសមុទ្រចិនខាងត្បូងគឺដោយសារតែបណ្តាប្រទេសមួយចំនួននៅខាងក្រៅតំបន់ចូលជ្រៀតជ្រែក៕
ប្រភពៈCNA