សារព័ត៌មាន ចិន China Daily បានចុះផ្សាយថាក្រុងប៉េកាំង បានត្រៀមខ្លួនរួចហើយ ដើម្បី បើកការចរចាជាមួយក្រុងម៉ានីលស្ដីពីជំលោះដែនទឹកសមុទ្រចិនខាងត្បូង ប្រសិនបើ ក្រុងម៉ានីល មិនចាប់អារម្មណ៍សាលដីការបស់មជ្ឈត្តការអន្តរជាតិដែលគេរំពឹងថានឹងចេញផ្សាយ នៅថ្ងៃទី១២កក្កដាសប្ដាហ៍ក្រោយ ។
កាលពីឆ្នាំ២០១២ ប្រទេសហ្វីលីពីនបានប្ដឹងចិនទៅកាន់តុលាការអចិន្ត្រៃយ៍មជ្ឈត្តការអន្តរជាតិ ដោយចោទក្រុងប៉េកាំងថាបានលុកលុយ ចូលដែនទឹករបស់ខ្លួន ប៉ុន្តែចិនបានបដិសេធមិនចូលខ្លួន ហើយបានប្រកាសថានឹងមិនទទួលស្គាល់សាលដីការនេះទេ ។
សារព័ត៌មានចិន China Daily បានបន្តថា ការចរចារវាងប្រទេសចិន និងហ្វីលីពីន អាចផ្ដោត លើការអភិវឌ្ឍន៍ និងសហប្រតិបត្តិរួមគ្នា ប្រសិនបើរដ្ឋាភិបាលថ្មីនៃក្រុងម៉ានីល ចាត់ទុកសាលដីការមជ្ឈត្តការអន្តរជាតិជារឿងដាច់ដោយឡែក ហើយវិលត្រឡប់មករកតុចរចាវិញ ។
ប្រទេសដែលមានជំលោះជាមួយចិន ករណីដែនទឹកនៃសមុទ្រចិនខាងត្បូង មានហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេនិងកោះតៃវ៉ាន់ ។
សមុទ្រចិនខាងត្បូង មានប្រជុំកោះធំៗចំនួន២ គឺកោះស្ត្រាតលី និងកោះប៉ារ៉ាហ្សែល ។ កោះទាំង២នេះមាន ប្រជុំកោះចំនួន ២២ ។ វាជាប្រជុំនៃធនធានធម្មជាតិ ប្រេងកាត ឧស្ម័ន ត្រី និង ផ្កាថ្ម ។ ចិនបានស្ថាបនា កោះសិប្បនិម្មិតនៅទីនោះថែមទៀតហើយបាន ដាក់ពង្រាយ កាំជ្រួចប្រឆាំង យន្តហោះ កាំភ្លើងធំ ។ ករណីនេះ ប្រទេសហ្វីលីពីន និងវៀតណាម បានប្រឆាំងចិនយ៉ាងខ្លាំង ៕ ប្រភព: Reuters