ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងការងារ បានសម្រេចបង្កើតក្រុមការងារសិក្សាស្រាវជ្រាវ ផ្ដល់យោបល់ ដើម្បីទប់ស្កាត់ករណីកម្មករ និយោជិត ដួលសន្លប់ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដោយមានការចូលរួមពី ក្រសួងការងារ ក្រសួងសុខាភិបាល ក្រសួបរិស្ថាន រួមជាមួយក្រសួងផ្សេងៗមួយចំនួនទៀត និងអង្គការ ILO ផងដែរ។
លោក លៀ ស៊ីណា រាយការណ៍ព័ត៌មាន៖
ក្រុមការងារដែលទើបបង្កើតឡើងនេះ មានភារកិច្ច ពិនិត្យ និងផ្ដល់យោបល់លើគោលនយោបាយ និងដំណោះស្រាយដើម្បីទប់ស្កាត់ការដួលសន្លប់ និងគ្រោះថ្នាក់ការងារ នៅកន្លែងការ។ ភារកិច្ចមួយទៀតគឺគ្រប់គ្រង និងសម្របសម្រួលការសិក្សាស្រាវជ្រាវដើម្បីរកវិធីសាស្ដ្របង្ការការដួលសន្លប់ និងបង្កាគ្រោះថ្នាក់ការងារ ។ បន្ថែមពីនេះ គឺផ្ដល់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ករណីដួលសន្លប់ និងគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការជាដើម ។
លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យ នៃក្រសួងការងារ បានប្រាប់វិទ្យុស្ដ្រីឲ្យដឹងថា ក្រុមការងារដែលបង្កើតឡើងនេះ នឹងត្រូវជួបប្រជុំគ្នា ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដែលមានជាអាទិ៍ ក្រសួងសុខាភិបាល នៅមុនពេលដែលចាប់ផ្ដើមចុះត្រួតពិនិត្យតាមរោងចក្រ។ ប្រធាននាយកដ្ឋានពេទ្យ នៃក្រសួងការងារ បន្ដថា ក្នុងជំហ៊ានដំបូងនេះ គឺក្រសួង នឹងចុះសិក្សាស្រាវជ្រាវរកមូលហេតុ ដែលបណ្ដាលឲ្យកម្មករ កម្មការិនីដួលសន្លប់ និង រកវិធានការដើម្បីទប់ស្កាត់បញ្ហានេះ។ តែយ៉ាងណាក្រសួង ក៏នឹងធ្វើការផាកពិន័យ ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ផងដែរ ក្នុងរណីដែលរកឃើញថា កន្លែងបំពេញការងារនោះមិនសមស្របទៅតាម អ្វីជាសេចក្ដីប្រកាសរបស់ក្រសួងការងារ។
លោក ឡេង តុង ៖«ធម្មតាតែគាត់ធ្វើមិនត្រឹមត្រូវ យើងនឹងរៀបចំផាកពិន័យហើយ ព្រោះយើងបានធ្វើសេចក្ដីណែនាំកន្លងមករួចហើយ។ ប៉ុន្ដែករណីនេះ មិនមែនរឿងចុះដើម្បីទៅផាកពិន័យទេ គឺយើងសិក្សាពីមូលហេតុសិន ដើម្បីយើងបានទិន្នន័យនោះមកហើយ យើងយកមករៀបចំដើម្បីមានវិធនាការទប់ស្កាត់»។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់បានចេញសេចក្ដីជូនដំណឹង ប្រាប់ទៅកាន់ម្ចាស់ និងនាយកសហគ្រាស់ គ្រឹះស្ថាន នូវគោលការណ៍ចំនួន ១១ចំណុច បញ្ជាឲ្យក្រុម និយោជក អនុវត្ដឲ្យបានហ្មត់ចត់ ដើម្បីបញ្ចៀសឲ្យបាននូវគ្រោះថ្នាក់ការងារ ព្រមទាំងបង្ការ ការកើតមានករណីដួលសន្លប់ជាថាហេតុ ដែលបណ្ដលមកពីបរិយាកាសទាំងក្នុង និងក្រៅអាគារផលិតកម្ម ។ ក្នុងសេចក្ដីជូនដំណឹងនោះ ក្រសួងការងារក៏បានព្រមានទុកជាមុនផងដែរ ចំពោះម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន ដែលប្រព្រឹត្ដល្មើស ផ្ទុយនឹងសេចក្ដីជូនដំណឹងនេះ ក្រសួងនឹងចាត់វិធានការតឹងរ៉ឹងបំផុត ស្របទៅតាមច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន ។
ប្រធាននាយកដ្ឋានពេទ្យ នៃក្រសួងការងារ លោក ឡេង តុង បានអះអាងថា ក្រសួងការនឹងធ្វើការផាកពិន័យ និយោជក ជាទឹកប្រាក់រហូតដល់ ១០លានរៀល ក្នុងករណីដែលពួកគេប្រព្រឹត្ដល្មើសនឹងបទបញ្ជានេះ។
លោក ឡេង តុង ៖«បើសិនគាត់អត់អនុវត្ដតាមអ្វីដែលយើងបានកំណត់នៅក្នុងប្រកាស នៃច្បាប់ទេ គឺយើងផាកពិន័យ ពីមុនប្រាក់យោងប្រចាំថ្ងៃយើងផាកតែ ៨០០០រៀលទេ តែឥឡូវនេះឡើងដល់ ៤ម៉ឺនរៀលហើយ។ អញ្ចឹងរោងចក្រខ្លះផាកពិន័យ យើងគិតប្រាក់យោងប្រចាំថ្ងៃ ឧទាហរណ៍ថា ២០០ថ្ងៃទៅ គឺ ២ពាន់ដុល្លារ គឺច្រើន អញ្ចឹងឥឡូវនេះ រឿងខ្លះគឺរហូតដល់ ១០លានរៀលអីអញ្ចឹងទៅ»។
លោក ឡេង តុង សង្កត់ធ្ងន់ថា ក្រសួងការងារ បានរៀបចំវិធានការ ច្បាប់ ដើម្បីអនុវត្ដឲ្យបានតឹងរ៉ឹងជាងមុន ដោយសង្ឃឹមថា តាមរយៈយន្ដការណ៍ច្បាប់នេះ ក្រុមនិយោជក នឹងអនុវត្ដតាមសេចក្ដីណែនាំរបស់ក្រសួងបានល្អប្រសើរជាងមុន។
គួរជម្រាបថា ក្នុងឆ្នាំ២០១៧ ករណី កម្មករ កម្មការិនី ដួលសន្លប់ បានកើតឡើងនៅរោងចក្រចំនួន ២២ ដែលមាន កម្មករ កម្មការិនី ដួលសន្លប់សរុប ១៦០៣នាក់ ហើយក្នុងនេះមាន ១៥៥៩នាក់ជាស្ដ្រី។ យ៉ាងណាជុំវិញករណីដួលសន្លប់នេះ ទាំងប្រធានបេឡាជាតិរបបសន្ដិសុខសង្គម និងប្រធាននាយកដ្ឋានពេទ្យ នៃក្រសួងការងារ បានលើកឡើងដូចគ្នាថា មូលហេតុ ដែលនាំឲ្យ កម្មករ កម្មការិនី ដួលសន្លប់ គឺបណ្ដាលមកពីបញ្ហាសុខភាពរបស់ពួកគេ៕