មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកទ្បើងថា ដើម្បីឱ្យប្រទេសជាតិមានការរីចម្រើននោះ គឺត្រូវតែមានការចូលរួមពីស្ត្រីដោយមិនអាចខ្វះបាន ហើយការចូលរួមនេះដែរ ស្ត្រីត្រូវចូលរួមរៀនជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពរបស់ខ្លួន ក្នុងការដឹកនាំប្រទេសជាតិជាដើម។
លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ៖
មន្ត្រីក្រសួងការងារជំរុញឱ្យសិស្ស-និស្សិត ប្រជាពលរដ្ឋជាស្ត្រី ត្រូវគិតគូរពីការសិក្សាជំនាញដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម ដោយសារតែក្រសួងសង្កេតឃើញថា ការសិក្សាជំនាញនេះភាគច្រើនមានតែបុរស។
ការជំរុញរបស់មន្ត្រីក្រសួងការងារនេះ ធ្វើទ្បើងក្នុងសិក្ខាសាលាស្តីពីថ្នាក់ជាតិ “ស្តីពី ឱកាសស្មើគ្នារវាងស្ត្រី និងបុរស ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការសិក្សាពេញមួយជីវិត នៃប្រទេសជប៉ុន និង ប្រទេសហ្វីលីពីន” ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី។
អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺលោក ប៉ុក ប៉ាន់ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅក្នុងសិក្ខាសាលាខាងលើនេះថា នារី ឬ បុរស គឺមានឱកាសការងារស្មើគ្នាក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ប៉ុន្តែលោកថា ឆ្លងតាមបទពិសោធកន្លងមក ស្ត្រីកម្ពុជាមិនសូវចាប់អារម្មណ៍ទៅលើការសិក្សាជំនាញបច្ចេកទេសនោះទេ។

លោក ប៉ុក ប៉ាន់ បន្តថា ក្រសួងការងារលើកទឹកចិត្តទៅលើស្ត្រី ឱ្យងាកមកចាប់អារម្មណ៍ក្នុងការសិក្សាជំនាញបច្ចេកទេសបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបានបន្ថែមទៀតថា មូលហេតុដែលស្ត្រីមិនសូវចាប់អារម្មណ៍ ទៅលើការសិក្សាជំនាញបណ្តុះបណ្តាលបច្ចេកទេសដោយសារតែស្ត្រីខ្មែរនៅមានការប្រកាន់ប្រពៃណីទំនៀមទម្លាប់វប្បធម៌ខ្មែរ ដែលឪពុកម្តាយមិនងាយឱ្យកូនស្រីខ្លួនទៅឆ្ងាយពីផ្ទះនោះទេ។
លោក ប៉ុក ប៉ាន់ បានបន្ថែមទៀតថាដើម្បីជួយសម្រួល និងលើកទឹកចិត្តឱ្យមានស្ត្រីចូលរៀនជំនាញបណ្តុះបណ្តាលបច្ចេកទេសនេះ ក្រសួងនឹងជួយសម្រួលទៅដល់ពួកគេ៖ «ទី១ សម្រួលធ្វើម៉េចឱ្យនារីអាចចូលមករៀនបានច្រើន ឧទាហរណ៍បុរស គឺថាក្មេងៗអាចមកនៅវត្តបាន ហើយជាប្រពៃណីគឺថា កូនស្រីគឺខ្មែរយើងមិនងាយឱ្យចេញពីផ្ទះទេ ដូច្នេះយើងធ្វើម៉េចយើងនឹងបង្កើតអន្តេវាសិកដ្ឋាន គឺបង្កើតអន្តេវាសិកដ្ឋានដើម្បីឱ្យនារីមានលទ្ធភាពអាចមករៀនបាន..»។
ជំនួយការនាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈហេបភីច័ន្ទតារា គឺអ្នកស្រី សៀង វណ្ណាវី បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ការបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺមានសារៈសំខាន់ណាស់ទៅដល់ពលរដ្ឋ ឲ្យមានជំនាញខ្លួនច្បាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត។
អ្នកស្រី សៀង វណ្ណារី បន្តទៀតថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈហេបភីច័ន្ទតារា ផ្តល់ឱកាសទៅលើស្ត្រីអាចចូលរៀនជំនាញដូចជា អ៊ុតសក់ កាត់សក់ ធ្វើក្រចកជាដើម ដើម្បីឱ្យពួកគេអាចទទួលបានជំនាញមួយជាក់លាក់ ក្នុងការប្រកបមុខរបរផ្ទាល់ខ្លួន ដោយអ្នកស្រីបញ្ជាក់បន្ថែមថា លក្ខខណ្ឌដែលពួកគេអាចចូលរៀនបាន គឺត្រូវមានជីវភាពខ្វះខាតនិងមានឆន្ទៈក្នុងការសិក្សាជំនាញដែលបានលើកទ្បើងខាងលើ។
អ្នកស្រីសៀង វណ្ណាវីបានន្ថែមទៀតថា ស្ត្រីនៅពេលបច្ចុប្បន្ននេះមានឱកាសច្រើននៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគឺមិនចាញ់បុរសនោះទេ៖ «បច្ចុប្បន្ននេះបើតាមខ្ញុំឃើញមជ្ឈមណ្ឌលខាងបច្ចេកទេសមួយចំនួន គឺគាត់ផ្តល់ឱកាសចំពោះបុរសនិងស្ត្រី ប៉ុន្តែចំពោះលក្ខខណ្ឌចូលរៀនហ្នឹង ភាគច្រើនគឺសិស្សប្រុសចូលរៀនច្រើនជាង…»។
សូមបញ្ជាក់ផងដែរថា នេះជាសិក្ខាសាលាថ្នាក់ជាតិលើកទី៤ ហើយ ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈក្រសួង សុខាភិបាល ការងារ និង សុខមាលភាព និង ជំនួយពីរដ្ឋាភិបាលជប៉ុន តាមរយៈសមាគមអភិវឌ្ឍន៍សមត្ថភាពជំនាញវិជ្ជាជីវៈជប៉ុន៕