en     km
en     km

ក្រសួងអប់រំ កំពុងអនុវត្តន៍សាកល្បងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត  AI នៅតាមគ្រឹះស្ថានសិក្សា

Share

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹង ការបង្រៀន និងការរៀន នូវមុខវិជ្ជា​ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដល់គ្រូ និងសិស្ស ហើយនៅពេលខាងមុខនេះ ក្រសួងនឹងដាក់ឱ្យអនុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)  នៅតាមសាលារៀនមធ្យមសិក្សា និងនៅឧត្តមសិក្សា។ នេះ​ជាគំនិតផ្តួចផ្តើមថ្មី ដើម្បី​ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលពី១របស់រាជរដ្ឋាភិបាល អណ្តតិថ្មី។ អ្នកស្រី វ៉ាយ វត្តី ជូនព័ត៌មានពិស្តារ

លោកស្រី ឃួ​ន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន និងកីឡា បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៥ថា បច្ចុប្បន្ននេះក្រសួងអប់រំ យុវជន និងកីឡា កំពុងតែដាក់ឱ្យអនុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ  សាលារៀនជំនាន់ថ្មី និងនៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ស្ថិតនៅក្នុងដំណាក់កាលសាកល្បង។ ក្រៅពីនេះ លោកស្រី បន្ថែមថា ក្រសួងគ្រោងនឹងពង្រីកវិសាលភាពទៅកាន់សាលារៀននៅក្នុងគម្រោងចំនួន ២៥៩សាលារៀនផ្សេងទៀតដែល នៅក្នុងសាលារៀនគោលដៅនេះ ​ក្រសួងបានដាក់ជាសមាសភាគមួយនៅក្នុងការផ្តល់ការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំទៅដល់លោកគ្រូ អ្នកគ្រូ ដើម្បីឱ្យគាត់មានសមត្ថភាពក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ជាប្រយោជន៍ក្នុងការរៀន និងបង្រៀន។

ប្រភពរូប៖ លោកស្រី ឃួន​ វិច្ឆិកា

លោកស្រី ឃួន វិច្ឆិកា បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបញ្ញាសិប្បនិម្មិត (AI) ក៏មានមុខងារជាច្រើនដែលចូលរួមចំណែកផ្លាស់ប្តូរ របៀបនៃការរស់នៅ ក៏ដូចជាតម្រូវការរបស់មនុស្ស។ ដូច្នេះនៅក្នុងវិស័យអប់រំ ក្រសួងជឿថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)គឺជារឿងសំខាន់ ហើយការយកចិត្តទុកដាក់ទៅលើការរីកចម្រើនលើប្រព័ន្ធបច្ចេកវិទ្យានេះគឺ មិនអាចខ្វះបាន។

លោកស្រី ឃួ​ន វិច្ឆិកា៖«បើយើងក្រលែកមើលទៅលើស្ថានភាពបច្ចុប្បន្នគឺយើងជឿថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)  ជាចំណុចមួយដែលអាចចូលរួមក្នុងការជួយទៅដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកសិក្សាទាំងអស់ដើម្បីយើងអាចរៀនសូត្រ បានលឿនជាងមុន និងស្វែងយក ទាញយកប្រយោជន៍ អំពីAIនេះ ដើម្បីប្រើប្រាស់នៅក្នុងជីវភាពរស់នៅ កាសិក្សា ក៏ដូចជានៅក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធិភាពជាងមុន »។

អ្នកនាំពាក្យក្រសួងអប់រំរូបនោះ បានបញ្ជាក់ថា យោងទៅតាមការអនុវត្តសាកល្បងនេះក្រសួងនឹងរៀបចំជាក្របខណ្ឌដើម្បីអនុវត្តន៍នៅពេលអនាគតដើម្បីកំណត់ឱ្យបានច្បាស់លាស់អំពីក្របខណ្ឌនៃការអនុវត្តន៍នៅក្នុងកម្រិតសាលារៀន ដោយសង្ឃឹមថា តាមរយៈការសាកល្បងនាពេលបច្ចុប្បន្ននេះ ជាព័ត៌មាន និងទិន្នន័យក្នុងការកំណត់ក្របខណ្ឌនេះនៅពេលអនាគតដែរ។

ក្រសួងអប់រំយុវជន និងកីឡា  បានអះអាងថា គ្រូដែលទទួលបានការបណ្តុះបណ្តាលនិងចេញបង្រៀនថ្មីត្រូវមានសមត្ថភាព ដូចជាចំណេះដឹងលើខ្លឹមសារមេរៀន ​យល់ដឹងផ្នែកចិត្តគរុកោសល្យ និងចំណេះដឹងផ្នែកឌីជីថល ដែលក្របខណ្ឌទាំងនេះមានបញ្ចូលនៅក្នុងស្តង់ដាវីជ្ជាជីវៈគ្រូបង្រៀន៕

 

Share

ព័ត៌មានទាក់ទង