en     km
en     km

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមកម្មវិធីតិចណូវេសិន Technovation កម្ពុជាឆ្នាំ២០២៥

Share

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ធ្វើការជ្រើសរើសកុមារី និងយុវតីកម្ពុជាដែលមានអាយុចាប់ពី ៨ឆ្នាំដល់១៨ឆ្នាំ សម្រាប់កម្មវិធី តិចណូវេសិន Technovation ឱ្យចូលរួមជាមួយយុវតីមកពីបណ្តាប្រទេសទូទាំងពិភពលោកប្រមាណ១០០ប្រទេស។ កម្មវិធីនេះមានបំណងសិក្សារួមគ្នា ដើម្បីអភិវឌ្ឍន៍ជាអេបមួយក្នុងការដោះស្រាយបញ្ហាសង្គមដែលឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ និងចីរភាពរបស់អង្គការសហប្រជាជាតិ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

ក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសកុមារីឱ្យចូលរួមក្នុងកម្មវិធី តិចណូវេសិន Technovation កម្ពុជា ឆ្នាំ២០២៥ ។ កម្មវិធីនេះ ជាការប្រកួតប្រជែងដែលផ្តោតសំខាន់ទៅលើការលើកទឹកចិត្ត កុមារី និងយុវតីកម្ពុជា ចាប់ពីកម្រិតបឋមសិក្សារហូតដល់មធ្យមសិក្សាទុតិយភូមិ ជាពិសេសកុមារីដែលមានវ័យចាប់ពី ០៨ ដល់ ១៨ឆ្នាំ ឱ្យចូលរួមក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាព តាមរយៈការបង្ហាញគំនិតច្នៃប្រឌិត ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន លើជំនាញសរសេរកូដបង្កើតកម្មវិធីទូរសព្ទដៃ ដើម្បីចូលរួមដោះស្រាយបញ្ហា ដែលកើតមានក្នុងសហគមន៍។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានប្រាប់វិទ្យុស្រ្តី នៅថ្ងៃទី៩ខែមករា ឆ្នាំ២០២៥នេះថា ក្នុងឆ្នាំ២០២៥នេះ កម្មវិធីតិចណូវេសិន Technovation កម្ពុជានេះបង្កើតឡើងតាំងពីឆ្នាំ២០២៤សម្រាប់ឆ្នាំនេះជាលើកទី១២ហើយ។ លោកស្រីបន្ថែមថា កម្មវីធីនេះមានការចូលរួមពីយុវតីទូទាំងពិភពលោកប្រមាណ ១០០ ប្រទេស ដែលត្រូវសិក្សារួមគ្នា រយៈពេល៤ខែ ដើម្បីអភិវឌ្ឍន៍ជាអេបមួយក្នុងការដោះស្រាយបញ្ហាសង្គមដែលឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ប្រកប ដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

លោកស្រី ឃួន វិច្ឆិកា៖«ក្រោយពីគាត់រៀនចប់ គាត់អាចអភិវឌ្ឍន៍ជាអេបទៅលើប្រធានបទនានាឱ្យតែមាននៅក្នុងផែនការយុទ្ធសាស្រ្តរបស់អង្គការសហប្រជាតិដែលមានដូចជាការអប់រំទាក់ទងទៅនឹងយេនឌ័រ ស្រ្តី សន្តិភាព ឬក៏បញ្ហាទាក់ទងនឹងអាកាសធាតុជាដើម»។

សម្រាប់លក្ខខណ្ឌចូលរួម ក្មេងស្រីមានអាយុចាប់ពី ០៨ ដល់ ១៨ឆ្នាំ ត្រូវបង្កើតជាក្រុមដែលមានសមាជិកចាប់ពី ០៣-០៥នាក់។ លក្ខខណ្ឌបន្ទាប់គឺត្រូវតែជាសិស្សដែលកំពុងរៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជន ជាងនេះត្រូវមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងការសិក្សាស្រាវជ្រាវផងដែរ។ អ្វីដែលត្រូវបំពេញនោះ គឺសិស្សត្រូវចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ១២សប្តាហ៍ និងមានការគាំទ្រពីគណៈគ្រប់គ្រងសាលារៀន អាណាព្យាបាលឱ្យចូលរួមកម្មវិធីប្រកួតប្រជែង។

លោកស្រី ឃួន វិចិ្ឆកា បានឱ្យដឹងបន្ថែមទៀតថា ​អត្ថប្រយោជន៍ពីវគ្គសិក្សានេះ កុមារី និងយុវតី ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ក៏ដូចជាការប្រកួតប្រជែងជាមួយយុវតីនៅជុំវិញពិភពលោក។

លោកស្រីឃួន វិចិ្ឆកា ៖« នាងខ្ញុំជឿថាឆ្លងកាត់ការចូលរួមនេះទោះបីជាគាត់ទទួលបានលទ្ធផលជោគជ័យ ជាជ័យលាភី ក៏ដោយ ឬមិនទទួលក៏ដោយសំខាន់គាត់នឹងទទួលបានចំណេះដឹង មិត្តភាព ក៏ដូចជាបទពិសោធន៍ ក៏ដូចជាអ្វីថ្មីៗសម្រាប់ជីវិតរបស់គាត់ដើម្បីជាកត្តាជំរុញឱ្យគាត់មានកត្តាតស៊ូនឹងមានគោលដៅនៅក្នុងជីវិតរបស់គាត់កាន់តែច្បាស់លាល់ថែមទៀត ដែលជំរុញឱ្យគាត់អាចមានឱកាសទទួលបានជោគជ័យខ្ពស់នៅក្នុងជីវិតនាពេលអនាគត»។

អ្នកនាំពាក្យក្រសួងអប់រំបង្ហាញការយល់ឃើញថា ការចូលរួមរបស់កុមារី និងយុវតីកម្ពុជា គឺជាផ្នែកមួយសំខាន់ដើម្បីបង្ហាញពីការចូលរួមរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ដែលមិនត្រឹមតែចូលរួមក្នុងវិស័យនានាទេ តែនៅក្នុងផ្នែកបច្ចេកវិទ្យាផងដែរ។ លោកស្រីថា កន្លងមកកម្ពុជាទទួលបានជ័យលាភី ជាពិសេសក្នុងឆ្នាំ២០១៩កន្លងទៅនេះ បានធ្វើឱ្យកម្ពុជាប្រែមុខមាត់ថ្មីលើឆាកអន្តរជាតិ ដោយថាយុវតីខ្មែរអាចទទួលបានជ័យលាភីរហូតដល់ចំណាត់ថ្នាក់លេខ ២ កម្រិតពិភពលោក។​

សម្រាប់ដំណើរការសិក្សានៅក្នុងកម្មវិធី តិចណូវេសិន Technovation មានរយៈពេល ១២សប្តាហ៍នឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ចាប់ផ្តើមពី ខែមករា ដល់ខែមេសា ឆ្នាំ២០២៥ លើជំនាញសរសេរកូដបង្កើតកម្មវិធីទូរសព្ទដៃ និងសហគ្រិនភាព ដោយផ្តោត សំខាន់លើជំនាញ៖ Ideation, Coding, Entrepreneurship, Pitching និង Artificial Intelligence (AI) ។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលក្រុមកុមារីត្រូវធ្វើកម្មវិធីទូរសព្ទដៃ ដែលបានអភិវឌ្ឍគម្រោងអាជីវកម្ម និងវីដេអូខ្លី ទៅក្នុងគេហទំព័រ តិណូវេសិន គ្លូប៊ូល Technovation Global ដើម្បីចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ៕

ប្រភពរូប៖ ក្រសួងអប់រំយុវជន និងកីឡា

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង