ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បញ្ជាក់ថា រាជរដ្ឋាភិបាល នឹងខិតខំបន្ដរក្សាការគ្មានពលរដ្ឋស្លាប់ដោយសារជំងឺគ្រុនចាញ់ ហើយនឹងកាត់បន្ថយឲ្យបាននូវជំងឺគ្រុនចាញ់គ្រប់ប្រភេទនៅត្រឹមឆ្នាំ២០២៥ ខណៈរយៈពេល ១១ខែឆ្នាំ២០១៨នេះ គ្មានពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែជំងឺគ្រុនចាញ់នោះទេ។
លោក លៀ ស៊ីណា រាយការណ៍ ៖
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំប្រឹក្សាយោបល់ លើវឌ្ឍនភាពការងារ របស់ក្រុមការងារ ពិសេសថ្នាក់ខេត្ដ សំដៅលុបបំបាត់ជំងឺគ្រុនចាញ់ និងយុទ្ធសាស្ដ្រលុបបំបាត់ជំងឺគ្រុនចាញ់ បញ្ជាក់ថា រយៈពេល ១១ខែឆ្នាំ២០១៨នេះ គ្មានពលរដ្ឋណាម្នាក់ស្លាប់ករណីជំងឺគ្រុនចាញ់ឡើយ ហើយក្រសួងនឹងខិតខំរក្សាឲ្យបានការគ្មានពលរដ្ឋស្លាប់ករណីជំងឺគ្រុនចាញ់។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ក្នុងពិធីនោះថា ក្នុងឆ្នាំ២០១៨នេះ ក្រសួងបានចែកមុងជ្រលក់ថ្នាំ ប្រមាណ ៣លានមុងដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះព្រោះជំងឺគ្រុនចាញ់។ ពិសេសដល់ប្រជាពលរដ្ឋចំណាកស្រុក រស់នៅតាមតំបន់ព្រៃភ្នំ ហើយតែងតែចេញចូលក្នុងព្រៃ ឬក៏សម្រាកនៅក្នុងព្រៃញឹកញាប់។ ជាងនេះរដ្ឋមន្ដ្រីសំណូមពរថា សុំឲ្យពលរដ្ឋដែលទទួលបានមុងជ្រលក់ថ្នាំហើយ សូមប្រើប្រាស់ដើម្បីបង្ការកុំឲ្យមូសដែលគោលញីខាំ ៖«ដូច្នេះសូមឲ្យកាត់ប្រើប្រាស់ ធ្វើម៉េចកុំយកទៅទុក។ ជូនកាលគាត់បានហើយគាត់អត់ប្រើប្រាស់ហ្នឹងក៏អត់ប្រយោជន៍ដែរយើងខាតទាំងមុងខាតទាំងពេលវេលាលុយកាក់ ហើយពលរដ្ឋខ្លួនគាត់ផ្ទាល់ក៏ខាតដែរព្រោះកាត់ឈឺ។ ដូច្នេះសូមឲ្យប្រើប្រាស់មុងឲ្យបានត្រឹមត្រូវ»។
បន្ថែមពីនេះលោករដ្ឋមន្ដ្រីសង្កត់ធ្ងន់ថា ចំពោះដែលអ្នកចេញចូលក្នុងព្រៃញឹកញាប់ ប្រសិនបើសម្រាកក្នុងមុងជ្រលក់ថ្នាំបានត្រឹមត្រូវហើយ ប៉ុន្ដែមានអាការជំងឺគ្រុនក្ដៅ បែកញើស ត្រូវប្រញាប់ទៅពេទ្យភ្លាម ដើម្បីធ្វើតេស្ដឈាម ឲ្យប្រាកដថា តើកើតជំងឺគ្រុនចាញ់ដែរឬទេ។ ជាងនេះបញ្ជាក់ថា រាជរដ្ឋាភិបាល គឺមានគោលដៅលុបបំបាត់ឲ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាស៊ីប៉ារ៉ុម នៅឆ្នាំខាងមុខ ហើយនឹងកាត់បន្ថយឲ្យបាននូវជំងឺគ្រុនចាញ់គ្រប់ប្រភេទត្រឹមឆ្នាំ២០២៥។
យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ នៃក្រសួងសុខាភិបាល ដែលបានប្រាប់ទៅសារព័ត៌មាន Freshnews បញ្ជាក់ថា គិតពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានពលរដ្ឋកើតជំងឺគ្រុនចាញ់ចំនួន ៣ម៉ឺនករណី ក្នុងនោះករណីធ្ងន់ធ្ងរមាន ១ម៉ឺនករណី ក៏ប៉ុន្ដែគ្មានពលរដ្ឋស្លាប់នោះទេ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា ប្រជាពលរដ្ឋដែលកើតជំងឺគ្រុនចាញ់នេះ ភាគច្រើនបំផុត គឺជាបុរស ដែលជាអ្នករស់នៅតាមតំបន់ព្រៃភ្នំ ពិសេសនៅតាមតំបន់ព្រំដែន និងអ្នកដែលឆ្លងដែនទៅក្រៅប្រទេសដោយលួចលាក់។ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ បន្ដថា មូលហេតុដែលនាំប្រជាពលរដ្ឋ នៅតែមានការកើតជំងឺគ្រុនចាញ់ ពីព្រោះតែភាគច្រើន ពួកគេនៅតែមានការធ្វេសប្រហេស ខណៈចេញដំណើរទៅរកស៊ីទៅក្នុងព្រៃ នៅតំបន់ព្រំដែន ឬក៏តំបន់ដែលសម្បូរព្រៃក្រាស់ ៖«អញ្ចឹងត្រង់ចំណុចនេះ សំខាន់គឺបុគ្គលខ្លួនឯង គឺគាត់ត្រូវតែស្វែងយល់ថា គាត់ប្រកបរបរកស៊ីរកចុះ ប៉ុន្ដែប្រកប របរកស៊ីនៅតំបន់ណាគ្រុនចាញ់នោះ យើងត្រូវចេះដឹងវិធីការពារ ហើយមិនមែនថា គ្រាន់តែដឹងទេ គឺត្រូវតែអនុវត្ដផង បើដឹងហើយអត់អនុវត្ដក៏អត់កើតដែរ»។
ជំងឺគ្រុនចាញ់ នឹងធ្វើឲ្យមនុស្សមានអាការក្ដៅខ្លួន ហើយញាក់ មានបែកញើស និងអស់កម្លាំងល្ហិតល្ហៃ។ មនុស្សដែលកើតជំងឺគ្រុនចាញ់ នឹងបង្ហាញអាការបែបនេះ នៅថ្ងៃបន្ទាប់ តាមម៉ោងដដែល នឹងពេលវេលាដដែល។ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល មានប្រសាសន៍ថា ប្រជាពលរដ្ឋ គួរកុំបណ្ដោយឲ្យអ្នកជំងឺបង្ហាញរោគសញ្ញាបែបនេះ ទើបបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លោកថា យកល្អ ត្រឹមតែមានអាការក្ដៅខ្លួន ហើយធ្លាប់មានប្រវត្ដិបានចេញចូលក្នុងព្រៃ ក្នុងតំបន់ដែលធ្លាប់មានជំងឺគ្រុនចាញ់ ពលរដ្ឋគ្រប់រូប ត្រូវរូតរះនាំអ្នកជំងឺទៅពិគ្រោះជាមួយក្រុមគ្រួពេទ្យ ឬអ្នកស្ម័គ្រចិត្ដភូមិ ឲ្យបានលឿនបំផុត។
ការផ្ដល់សេវាព្យាបាលជំងឺគ្រុនចាញ់មាននៅគ្រប់មណ្ឌលសុខភាពរដ្ឋទាំងអស់ គឺមិនត្រូវបានគិតថ្លៃសេវានោះទេ។ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋមិនត្រូវទៅផ្សាំថ្នាំដើម្បីព្យាបាលជំងឺគ្រុនចាញ់តាមកន្លែងលក់ថ្នាំពេទ្យឯកជននានានោះទេ ព្រោះថ្នាំព្យាបាលជំងឺគ្រុនចាញ់នេះ មានតែក្នុងមន្ទីរពេទ្យរដ្ឋ ឬក៏មន្ទីរពេទ្យឯកដែលមានការអនុញ្ញាតតែប៉ុណ្ណោះ ៖«ក្នុងករណីដែលគិតថា មានក្ដៅខ្លួនអីហើយ សូមកុំព្យាយាមដើររកទិញថ្នាំ ឲ្យគេផ្សំថ្នាំឲ្យលេបផ្ដេសផ្ដាស់គឺគ្រោះថ្នាក់ណាស់ ថ្នាំគ្រុនចាញ់មិនមានលក់លើទីផ្សារទេ គឺយើងមាននៅតាមប៉ុស្ដិ៍យើងផ្ដល់សេវាថែទាំសុខភាពឯកជន យើងមានដាក់នៅគ្រប់កន្លែងទាំងអស់ហើយ Free មិនមានលក់ដូរទេ»។
ជំងឺគ្រុនចាញ់ មិនមែនជាជំងឺឆ្លងនោះទេ ប៉ុន្ដែវាជាជំងឺដែលកើតឡើងដោយសារមូសដេកគោលញីខាំ។ ជំងឺនេះអាចកើតទៅលើមនុស្សគ្រប់វ័យ មនុស្សដែលត្រូវមូសដែលគោលញីខាំ នឹងបង្ហាញរោគសញ្ញាក្នុងរង្វង់ពី ១សប្ដាហ៍ ទៅ ២សប្ដាហ៍ ដែលមានដូចជា បង្ហាញអាការគ្រុនក្ដៅ ឈឺក្បាល រងាញាក់ និងក្អូតចង្អោរជាដើម។ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល សង្កត់ធ្ងន់ថា ជាប្រការល្អត្រូវសម្រាកក្នុងមុងជ្រលក់ថ្នាំជានិច្ច ហើយត្រូវពាក់ខោ អាវវែង ឲ្យបានជិតខ្លួនចាប់ពីព្រលប់ ទល់នឹងព្រលឹម ពិសេសគឺកុមារតូចៗ៕