loader

ក្រសួងសុខាភិបាលរកឃើញមូលហេតុពលរដ្ឋស្លាប់ដោយការបរិភោគសាច់សត្វព្រៃឆៅ

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៦ កញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ពល រដ្ឋ ៨ នាក់ដែលបានស្លាប់ជាបន្តបន្ទាប់ នៅខេត្តកំពង់ធំ គឺដោយសារតែពួកគេបានបរិភោគសាច់សត្វព្រៃឆៅ ដែលមានផ្ទុកដោយពងដង្កូវព្រូន «ទ្រីស៊ីណែឡា»។

                                                           ​រូបមេរោគ «ទ្រីស៊ីណែឡា»។រូ​បភាពពីក្រសួងសុខាភិបាល

យ៉ាងហោចណាស់ពលរដ្ឋ ៨ នាក់បានស្លាប់ជាបន្តបន្ទាប់ និងមនុស្សមួយចំនួនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានទទួលទាន់សាច់ជ្រូកព្រៃ និងសាច់ឈ្លូសឆៅ។

ហេតុការណ៍នេះ បានផ្ទុះឡើងកាលពីអំឡុងបុណ្យភ្ជុំបិណ្ឌ ។តែតាមអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកបាត់បង់ជីវិតក្នុងហេតុ ការណ៍នេះ គឺបានបរិភោគសាច់សត្វព្រៃឆៅតាំងពីដើមខែតុលាមកម្ល៉េះ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះថា មូលហេតុនៃការស្លាប់ពលរដ្ឋនេះ គឺដោយ សារតែពួកគេបានបរិភោគសាច់សត្វព្រៃឆៅ ដែលមានផ្ទុកដោយពងដង្កូវព្រូន «ទ្រីស៊ីណែឡា»។

លោក លី សូវ៉ាន់ បញ្ជាក់ថា ដង្កូវព្រូន «ទ្រីស៊ីណែឡា»នេះ មានផ្ទុកនៅលើសត្វព្រៃមួយចំនួន ដូចជា សត្វជ្រូកព្រៃ ខ្លាឃ្មុំ ឆ្កែចចក និងសត្វកណ្តុរជាដើម។ ចំណែកប្រភេទសត្វស្រុកវិញ ដង្កូវព្រូនប្រភេទនេះ មានផ្ទុកលើសត្វជ្រូកដែលមានជំងឺចុងអង្ករ។

បន្ថែមពីនេះអ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកបរិភោគសាច់ឆៅដែលមានផ្ទុកដង្កូវព្រូន «ទ្រីស៊ីណែឡា»នេះ អាចឈានដល់គ្រោះថ្នាក់បាត់បង់ជីវិតបាន នៅរយៈក្រោយពីសប្តាហ៍ បន្ទាប់ពីដង្កូវនេះ បានពង្រីក និងពង្រាយខ្លួនកាន់តែច្រើនក្នុងសារពាង្គកាយ។ យ៉ាងលោកបន្តថា ប្រសិនពលរដ្ឋទៅពិនិត្យព្យាបាលជំងឺទាន់ពេលវេលា នោះមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ។

ចំណែកនៅក្នុងសាច់គោ បង្ការ និង សត្វខ្យង ក៏អាចមានផ្ទុកព្រូន តេនញ៉ា បាក់តេរីអ៊ីកូឡា និងសាមូដេលី  ដែលអាចបណ្តាលឱ្យអ្នកទទួលមានជំងឺ ក្អួត រាករូសធ្ងន់ធ្ងរផងដែរ ករណីមិនបានចម្អិនឱ្យបានឆ្អិនល្អ។នេះបើយោងតាមអ្នកនាំពាក្យក្រសួងសុខាភិបាល។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ជំងឺដង្កូវព្រូន«ទ្រីស៊ីណែឡា» ឬ«ទ្រីស៊ីណែឡូស៊ីល » គឺជាជំងឺមួយដែលចម្លងមកមនុស្ស តាមរយៈការបរិភោគសាច់ឆៅ ឬសាច់ចំអិនមិនឆ្អិនល្អ ដែលសាច់នោះមានផ្ទុកដង្កូវព្រូនទ្រីស៊ីណែឡា។

រោគសញ្ញាដំបូងនៃជំងឺនេះ រួមមាន ក្អួតចង្អោរ រាករូស ក្អួត អស់កម្លាំង និងគ្រុនក្តៅ។ អ្នកផ្ទុកមេរោគនេះ អាចឈឺពោះនៅក្នុងរយៈពេល១ទៅ២ថ្ងៃ និងអាចមានអាការគ្រុនក្តៅ ក្អតហើមមុខ និងគ្រប់ភ្នែក ឈឺសន្លាក់ ឈឺសាច់ដុំ រមាស់ស្បែក រាកឬទល់លាមក។

រោគសញ្ញាធ្ងន់ធ្ងរ អ្នកជំងឺពិបាកធ្វើចលនា និងបង្កបញ្ហាដល់បេះដូង និងដង្ហើម ហើយនៅពេលដង្កូវនេះរាតត្បាតចូលក្នុងសរីរាង្គសួត បេះដូង ថ្លើម និងខួរក្បាល ក្រោយរយៈពេល២ ទៅ៨សប្តាហ៍ អ្នកជំងឺអាចស្លាប់បាន។

អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា ដើម្បីបញ្ជៀស និងទប់ស្កាត់ជំងឺដង្កូវព្រូន«ទ្រីស៊ីណែឡា» អ្នកទទួលទានគួរចង្អិនសត្វសាច់ឱ្យបានឆ្អិនល្អមុនទទួលទាន។ ចំណែកមន្រ្តីជំនាញគួរត្រួតពិនិត្យសាច់សត្វឱ្យបានប្រសិទ្ធិភាព មុនអនុញ្ញាតឱ្យធ្វើការនាំចូល និងចរាចរលក់លើទីផ្សារ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ត្រីថា វប្បធម៌លាបពណ៌កើតឡើងដោយក្រុមប្រឆាំង

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ថ្លែងថាវប្បធម៌លាបពណ៌[...]

លោក សម រង្ស៊ី​រៀបរាប់ពីការរារាំង និងជោគជ័យលើដំណើរមាតុភូមិនិវត្តន៍

ភ្នំពេញ៖ លោក សម រង្ស៊ី ថ្លែងអំពីដំណើរមាតុភូមិ[...]

ទូតកម្ពុជាប្រចាំអឺរ៉ុប ថាកម្ពុជាធ្វើឱ្យស្ថានភាពនយោបាយប្រសើរឡើងជាជំហានៗ

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត