WMC

ក្រសួងសុខាភិបាលបង្ហាញអំពីវិធីព្យាបាល ការបង្ការកូវីដ១៩ដោយព្យាបាលនៅតាមផ្ទះ

លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែមេសាឆ្នាំ២០២១នេះ បានបង្ហាញថា ​​​ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកើនឡើងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត​ ក្រសួងសុខាភិបាលណែនាំទៅកាន់ប្រជាពលរដ្ឋពីរបៀប និងវិធីតាមដានរោគសញ្ញា ការថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។

ក្រសួងបានពន្យល់ថា៖ «ប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ​ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាល សូមបងប្អូនអនុវត្តតាមការណែនាំក្នុងការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ»។  ​

តាមក្រសួង គឺអ្នកកើតជំងឺកូវីដ-១៩ គ្មានរោគសញ្ញាសង្ស័យដូចជា គ្មានក្អក កម្ដៅក្រោម៣៧,៥ អង្សារសេ គ្មានហៀរសំបោរ គ្មានឈឺបំពង់ក​ ហើយសភាពទូទៅធម្មតា គឺពុំចាំបាច់ប្រើឱសថព្យាបាលនោះទេ។

យ៉ាងណា ក្រសួងថា ករណីមានរោគសញ្ញាស្រាល ដូចជា មានកម្ដៅលើស៣៧,៥អង្សារសេ និងមានឈឺសាច់ដុំ ​ឈឺបំពង់ក សម្រាប់មនុស្សពេញវ័យ ឬកុមារចាប់ពី៣០គីឡូក្រាមឡើង ត្រូវប្រើប៉ារ៉ាសេតាម៉ុលកម្រិត៥០០មីលីក្រាម មួយថ្ងៃ៣ដង។ រីឯកុមារដែលមានទម្ងន់ចាប់ពី២០ដល់២៩គីឡូក្រាម ត្រូវប្រើប៉ារ៉ាសេតាម៉ុលកម្រិត៣០០មីលីក្រាម មួយថ្ងៃ៣ដងផងដែរ។

ក្នុងករណីមានសញ្ញាបន្ថែមដូចជា តឹងច្រមុះ ​ហៀរសំបោ ឬក្អក ដោយមានឬមិនមានស្លេស្មក៏ដោយ​ សម្រាប់មនុស្សពេញវ័យនិងកុមារអាយុចាប់ពី៦ឆ្នាំឡើង អាចប្រើប្រូម៉ិចស៊ីន ៨មីល្លីក្រាម មួយថ្ងៃ៣ដង ឬ សេទីរីហ្សីន ១០មីល្លីក្រាម មួយដងក្នុងមួយថ្ងៃ​។

ក្រសួងសុខាភិបាល ក៏បានបង្ហាញពីការអនុវត្តវិធានសុខាភិបាលក្នុងរយៈពេលព្យាបាលនៅតាមផ្ទះ រួមមាន ​ស្នាក់នៅបន្ទប់ដាច់ដោយឡែក មានអនាម័យស្អាតនិងមានខ្យល់ចេញ-ចូលល្អ។ តាមដានសុខភាពខ្លួនឯងឱ្យបានញឹកញាប់ទៀងទាត់ប្រចាំថ្ងៃ ហើយត្រូវពាក់ម៉ាស់ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹក ឬអាល់កុល និងរក្សាគម្លាតយ៉ាងតិច២ម៉ែត្រ។ ជាងនេះទៀត ក្រសួងបានណែនាំថា ត្រូវបរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ ដូចជាសាច់ បន្លែ ផ្លែឈើ និងពិសាទឹកឱ្យបានច្រើន។

លើសពីនេះ ពលរដ្ឋត្រូវថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ហើយចំណុចដែលត្រូវហាមឃាត់រួមមាន ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ ជាដើម។

កាលពីថ្ងៃទី៦ ខែមេសា លោកនា​យ​​ករដ្ឋ​​មន្ត្រី ហ៊ុន សែន ​តាមរយៈសារជាសំឡេង បានណែនាំឱ្យក្រសួងសុខាភិបាលពន្លឿនការដាក់ចេញក្រមប្រតិ​បត្តិមួយ​ ដើម្បីត្រៀមរៀបចំដាក់ឱ្យអ្នកជំងឺកូវីដ-១៩ដែលមានស្ថានភាពស្រាល អាចសម្រាកព្យាបាលនៅតាមផ្ទះបាន។  ​

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបង្គាប់ទៅគ្រូពេទ្យរបស់ក្រុមការងារនេះត្រូវមានគ្រូពេទ្យចល័ត ឬស្ម័គ្រចិត្ត ឬពេទ្យនៅតាមមូលដ្ឋានស្រាប់ ក្នុងការចូលរួមព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។

ដោយអនុវត្តតាមការណែនាំរបស់ានាយករដ្ឋមន្ត្រី  ក្រសួងសុខាភិបាលក៏បានចេញនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។ ​

Exit mobile version