ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សម្តែងការសោកស្តាយចំពោះសេចក្តីថ្លែងការណ៍ របស់ក្រុមសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ ដែលបានចេញកាលពីថ្ងៃទី ០៤ ឧសភាម្សិលម៉ិញ ដោយបញ្ជាក់ថា តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិនឹងមិនចូលខ្លួនទៅតាមដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ មានចរិតជាការដាក់សម្ពាធទៅលើអំណាចតុលាការ ដែលជាអំណាចឯករាជ្យការពារដោយច្បាប់ និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា ផ្អែកតាមមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អភ័យឯកសិទ្ធិសភាការពារតំណាងរាស្ត្រចំពោះនីតិវិធីមានចំនួន ០៤ តែប៉ុណ្ណោះ គឺការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន និងការឃុំខ្លួន ពុំមានចំណុចណាមួយក្នុងមាត្រានេះ ដែលការពារតំណាងរាស្ត្រពីការកោះហៅរបស់អង្គការអយ្យការ ឬការកោះហៅដោយតុលាការនៅក្នុងសំណុំរឿងរដ្ឋប្បវេណី និង សំណុំរឿងផ្សេងៗទៀតឡើយ។
ជុំវិញបញ្ហានេះ វិទ្យុស្រី្តមិនទាន់អាចសុំការឆ្លើយតបពីគណបក្សសង្គ្រោះជាតិបានទេនៅថ្ងែនេះ។
កាលពីថ្ងៃទី ០៤ ឧសភា គណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍បដិសេធដីកាកោះហៅរបស់តុលាការ ដែលបង្គាប់ឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ០២ រូប និង លោក កឹម សុខា ចូលខ្លួនបំភ្លឺនៅតុលាការនៅសប្ដាហ៍ក្រោយនេះ។ គណបក្សប្រឆាំងបានចាត់ទុកការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញថាជាការរំលោភបំពានរដ្ឋធម្មនុញ្ញ ៕