ភ្នំពេញ៖ ក្រសួងយុត្តិធម៌ពិនិត្យមើលបញ្ជីឈ្មោះទណ្ឌិតជាង ៥០០នាក់ ដើម្បីបន្ធូរបន្ថយទោសនិងលើកលែងទោសនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។ ជាមួយគ្នានេះ ក្រសួងប្រកាសបន្ថែមពិធីបុណ្យជាតិបីធំៗសម្រាប់លើកលែងទោសទណ្ឌិត។
លោក ធូ វិរៈ រាយការណ៍!
ក្រសួងយុត្តិធម៌កាលពីថ្ងៃទី ៣១ ខែ តុលា បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យមើលបញ្ជីឈ្មោះទណ្ឌិតក្នុងការលើកលែងទោសនិងបន្ធូរបន្ថយទោសនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអក អំបុក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ដល់ ២៣ ខែ វិច្ឆិកា ឆ្នំា ២០១៨។
លោក ស៊ុច សុផាន់ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានក្រសួងយុត្តិធម៌ បានប្រាប់អ្នកសារព័ត៌មានថា ទណ្ឌិតចំនួន ៥២៣ នាក់ មកពីពន្ធាគារ ២៤ រាជធានី ខេត្ត និងមណ្ឌលកែប្រែចំនួន ៤ បានស្នើសុំមកក្រសួងយុត្តិធម៌ ដើម្បីពិនិត្យក្នុងការលើកលែងទោស និងបន្ធូរបន្ថយទោសក្នុងព្រះរាជពិធីបុណ្យអុំទូក ខាងមុចនេះ។ ក្នុងចំណោមទណ្ឌិតទំាងនោះមានទណ្ឌិតជាស្រ្តី ២៣ នាក់។
លោក ស៊ុច សុផាន់ណារ៉ា អះអាងថា ការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតគឺផ្អែកទៅលើគោលការណ៍មនុស្សធម៌ ដូចជាទណ្ឌិតចាស់ជរាមានវ័យ ៦៥ ឆ្នំាឡើងទៅ ទណ្ឌិតមានជំងឺធ្ងន់ធ្ងរ ទណ្ឌីតជាស្រ្តីមានកូនជាប់ពន្ធាគារ និងការអនុវត្តទោសបានចំនួនមួយភាគបី។ លោកថា ទណ្ឌិតណាមិនរៀងចាលនឹងគ្មានឱកាសលើកលែងទោស និងបន្ធូរបន្ថយទោសនោះទេ។
លោក ស៊ុច សុផាន់ណារ៉ា៖ «រឿងថាយើងបានលើកលែងទោសហើយ គាត់ប្រព្រឹត្តិឡើងវិញ នេះជាចំណុចដែលយើងត្រូវតែយកចិត្តទុកដាក់គឺនេះហើយដែលហៅថាភាពមិនរៀងចាល ទោះបជាដាក់ឡើងមកយើងពិនិត្យ ក្រុមការងារក៏ដូចជាគណកម្មាធិការថា្នក់ជាតិលោកពិនិត្យល្អិតល្អន់ណាស់ ទៅលើទណ្ឌិតណាដែលគេហៅថាមានប្រព្រឹត្តអំពើកាចសាហាវ ប៉ះពាល់សន្តិសុខសង្គមធ្ងន់ធ្ងរ ទី២ ទាក់ទងភាពមិនរៀងចាលនិងឯងដែលយើងថាមិនយកមកពិនិត្យ»។
ក្នុងកិច្ចប្រជុំកាលពីម្សិលមិញ លោក អ៊ុច ពង្ស អគ្គនាយករងពន្ធនាគារ មានប្រសាសន៍ថា ទណ្ឌិតសរុប ៣១២២៦ នាក់ កំពុងជាប់ពន្ធនាគារនៅទូទំាងប្រទេស។ ក្នុងនោះទណ្ឌិតជាស្រ្តី មានចំនួន ២៦៦៣ នាក់។
លោក អ៊ុច ពង្ស បញ្ជាក់បន្ថែមថា កុមារដែលរស់នៅជាម្តាយនៅក្នុងពន្ធនាគារមានចំនួន ១៤៨ នាក់ នៅទូទំាងប្រទេស បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នំាមុន ម្តាយដែលជាប់ពន្ធនាគារជាមួយកូនថយចុះ ២០ ភាគរយ។ ជាមួយគ្នានេះ ទណ្ឌិតមានវ័យចាស់ជរាមានប្រមាណពី៤ ទៅ ៥ ភាគរយប៉ុណ្ណោះ។
លោក អ៊ុច ពង្ស បដិសេធចំពោះពាក្យចរចាមអារាមថា មានការបង់ប្រាក់រត់ការ ដើម្បីឱ្យទណ្ឌិតមានសេរីភាពដោយការបន្ធូរបន្ថយទោស និងលើកលែងទោស។ ជាគ្នានេះលោកថា រាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាពន្ធនាគារមានភាពចង្អៀតណែនផងដែរ។
លោក អ៊ុច ពង្ស៖ «ខ្ញុំសូមបដិសេធគឺមិនមានទេ ព្រោះមានគណៈម្មាការប្រឡងប្រណំាងតំាងពីថ្នាក់ខេត្តរហូតមកដល់ថ្នាក់ជាតិអត់មានបញ្ហាហ្នឹងកើតឡើងទេ។ទេបញ្ហាហ្នឹងភាពចង្អៀតណែនបើថាឱ្យថាកំណត់យើងកំណត់វាមិនបានទេតែគ្រាន់ថាបញ្ហាចង្អៀតណែនវាចេះតែមាន ហើយយើងកំពុងតែដោះស្រាយជាបន្តបន្ទាប់»។
លោក ស៊ុច សុផាន់ណារ៉ា បន្ថែមថា រាជរដ្ឋាភិបាលសម្រេចបន្ថែមពិធីបុណ្យជាតិចំនួនបីទៀត ដើម្បី ដើម្បីពិនិត្យក្នុងការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត។ ពិធីបុណ្យភ្ជំបិណ្ឌ បុណ្យេឯករាជ្យជាតិ ៩ វិច្ឆិកា និងពិធីបុណ្យទិវាឈ្នះ ឈ្នះ ២៩ ធ្នូ ។ ជាធម្មតា រាជរដ្ឋាភិបាលកំណត់យកព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ពិធីបុណ្យចូលឆ្នំាខ្មែរ និងវិសាខបូជា ដើម្បីលើកលែងទោស និងបន្ធូរបន្ថយទោសទណ្ឌិត។
កាលពីឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នំាមុននេះ ក្រសួងយុត្តិធម៌សម្រេចលើកលែងទោសទណ្ឌិត ៣៩ នាក់ និងបន្ធូរបន្ថយទោស ៨០ នាក់។
លោក ស៊ុច សុផាន់ណារ៉ា ពន្យល់ថា តាមគោលការណ៍ទណ្ឌិតជាប់ពន្ធនាគារចាប់ពី១ ឆ្នំា ដល់ក្រោម ១០ ឆ្នំា ត្រូវបន្ថយទោស ៦ ខែ។ ចំពោះទណ្ឌិតជាប់ពន្ធនាការចាប់ពី១០ ឆ្នំា ដល់ ក្រោម ១៥ ឆ្នំា ត្រូវបន្ថយទោស ៩ ខែនិង ១៥ឆ្នាំ ឡើងទៅបន្ថយទោស ១២ ខែ ៕