ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំសម្រាប់អ្នកដែលចង់ធ្វើនយោបាយ ក្នុងការដាក់ពាក្យស្នើសុំ ខណៈដែលខ្លួនជាប់បម្រាមឃាត់សិទ្ធិក្នុងការធ្វើសកម្មភាពនេះ ។ អ្នកវិភាគថា ករណីនេះគឺបង្ហាញពីចរឹតនយោបាយពិតប្រាកដ មិនមែនផ្លូវច្បាប់ និងជាវិធានការបំបែបបំបាក់អតីតគណបក្សសង្គ្រោះជាតិ ។
រាយការណ៍ដោយ លោក សោម លាភ
វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលផ្ដល់លទ្ធភាពឱ្យអ្នកដែលត្រូវបានតុលាការសម្រេចហាមឃាត់សិទ្ធិធ្វើនយោបាយ អាចមានឱកាសធ្វើនយោបាយឡើងវិញ ដោយមានលក្ខខ័ណ្ឌពីរ ។
លក្ខខ័ណ្ឌទី ១ គឺលុះត្រាតែបុគ្គលនោះផុតរយៈពេលកំណត់ក្នុងការហាមឃាត់សិទ្ធិធ្វើសកម្មភាពនយោបាយ ដែលបានសម្រេចដោយតុលាការ ។
លក្ខខ័ណ្ឌទី ២ គឺបុគ្គលនោះទទួលបានការស្ដារនីតិសម្បទារឡើងវិញដោយព្រះមហាក្សត្រ តាមរយៈការស្នើសុំពីនាយករដ្ឋមន្ត្រី តាមសេចក្ដីស្នើពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
មកដល់ពេលនេះ មានអ្នកនយោបាយរបស់អតីតគណបក្សប្រឆាំងចំនួនពីររូប ដែលដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយ ហើយក៏មានការចុះព្រះហស្ថលេខាយល់ព្រមពីព្រះមហាក្សត្រនៃកម្ពុជារួចរាល់ហើយដែរ ។
អ្នកទាំងពីររូបនោះ គឺលោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ រួមទាំងកូនរបស់លោក គឺលោក គង់ បូរ៉ា ។
មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងភាគច្រើន ដែលកំពុងតែធ្វើនយោបាយនៅក្រៅប្រទេស ជាពិសេសគឺលោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សនេះ តែងតែអះអាងថា ការមិនមានអ្នកសុំសិទ្ធិធ្វើនយោបាយទាំងនោះ គឺជាបរាជ័យដ៏ធំនៃការបង្កើតច្បាប់នេះ របស់សម្ដេចហ៊ុន សែន ។
គេមើលឃើញថា ការបង្កើតច្បាប់បើកសិទ្ធិមន្ត្រីបក្សប្រឆាំងធ្វើនយោបាយឡើងវិញនេះ អាចជាដំណោះស្រាយរបស់កម្ពុជាតែមួយជ្រុងតូច ដើម្បីជាការបង្ហាញទៅសហគមន៍អន្តរជាតិ ដែលតែងតែទទួចឱ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ប្រកាសជាច្រើនលើកច្រើនសារថា អ្នកដែលចង់បានសិទ្ធិធ្វើនយោបាយ ត្រូវដាក់ពាក្យស្នើសុំម្ដងម្នាក់ៗ មកសម្ដេចផ្ទាល់ ឬព្រះមហាក្សត្រ ឬរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃបានចេញសេចក្ដីណែនាំមួយដែលចុះហត្ថលេខាដោយ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ ដែលជាការណែនាំដល់អ្នកហាមឃាត់សិទ្ធិធ្វើនយោបាយ អំពីនីតិវិធីនៃការដាក់ពាក្យស្នើសុំស្ដារនីតិសម្បទាធ្វើនយោបាយឡើងវិញ ។
ជាក់ស្ដែង សេចក្ដីប្រកាសនេះបញ្ជាក់អំពីនីតិវិធី និងបែបបទមួយចំនួនដូចជា ៖ បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ ត្រូវដាក់ពាក្យស្នើសុំនីតិសម្បទាឡើងវិញទៅក្រសួងមហាផ្ទៃ នៅរៀងរាល់ម៉ោងធ្វើការងារ ។
យ៉ាងណា ពាក្យស្នើសុំត្រូវមានបញ្ជាក់អំពីអត្តសញ្ញាណរបស់បុគ្គលស្នើសុំ សេចក្តីសម្រេចរបស់តុលាការដែលហាមឃាត់ការធ្វើសកម្មភាពនយោបាយ ព្រមទាំងមានផ្តិតស្នាមម្រាមដៃនៃបុគ្គលដាក់ពាក្យស្នើសុំ ។
សេចក្ដីណែនាំនេះបញ្ជាក់ទៀតថា ពាក្យស្នើសុំត្រូវធ្វើឡើងដាច់ដោយឡែកពីគ្នា ដោយបុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ ។
បន្ទាប់ពីបានពិនិត្យលើពាក្យស្នើសុំរបស់បុគ្គលម្នាក់ៗរួចហើយ ក្រសួងមហាផ្ទៃនឹងលើកសំណើជូននាយករដ្ឋមន្ត្រី ដើម្បីស្នើថ្វាយព្រះមហាក្សត្រ លើកលែងបម្រាមហាមឃាត់ធ្វើសកម្មភាពនយោបាយ ដោយអនុលោមតាមបទប្បញ្ញត្តិមាត្រា ៤៥ថ្មី (ស្ងួន)មួយ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
យ៉ាងណា សាមីខ្លួននឹងអាចធ្វើសកម្មភាពនយោបាយឡើងវិញ ស្របតាមច្បាប់កម្ពុជា បន្ទាប់ពីមានព្រះរាជក្រឹត្យស្តីពីការផ្តល់នីតិសម្បទាឡើងវិញ ដែលចុះព្រះហស្ថលេខាដោយព្រះមហាក្សត្រ ។
អ្នកវិភាគនយោបាយឯករាជ្យវ័យក្មេងម្នាក់ គឺកញ្ញា លី ស្រីស្រស់ ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា នៅព្រឹកថ្ងៃទី ២២ កុម្ភៈនេះថា បុគ្គលដែលទទួលការហាមឃាត់សិទ្ធិធ្វើនយោបាយ មិនសុំសិទ្ធិធ្វើនយោបាយនោះ គឺអាចនឹងមិនសុំជារៀងរហូត ពីព្រោះពួកគាត់គិតថា បើស្នើសុំហាក់ដូចជាទទួលស្គាល់ថា ការសម្រេចរបស់តុលាការកំពូលគឺធ្វើឡើងត្រឹមត្រូវតាមច្បាប់ ។
អ្នកវិភាគថា វិធានការរបស់រាជរដ្ឋាភិបាលបែបនេះ គឺមិនទាន់ហៅថាជាការស្ដារលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅឡើយនោះទេ ។
កញ្ញា លី ស្រីស្រស់ថា ប្រសិនបើរាជរដ្ឋាភិបាលមានចេតនាចង់ស្ដារលទ្ធិប្រជាធិបតេយ្យពិតប្រាកដមែននោះ នោះរាជរដ្ឋាភិបាលត្រូវតែបើកសិទ្ធិសេរីភាពដល់អ្នកនយោបាយទាំងអស់ជាស្វ័យភាព ។
កញ្ញានៅតែបញ្ជាក់ដដែលថា ការធ្វើវិសោធនកម្មច្បាប់នេះ រួមទាំងការប្រកាសឱ្យស្នើសុំម្ដងហើយម្ដងទៀតទៅដល់អ្នកហាមឃាត់សិទ្ធិធ្វើនយោបាយ ហើយឈានទៅដល់ការចេញសេចក្ដីណែនាំអំពីនីតិវិធី និងបែបបទនេះ គឺរឹតតែបង្ហាញពីចេតនាបំបែកបំបាក់ផ្ទៃក្នុងអតីតគណបក្សសង្គ្រោះជាតិ ។
ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន)មួយ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវឲ្យអ្នកនយោបាយជាប់បម្រាម អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ជាធរមាន កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ។
យ៉ាងណា អ្នកនយោបាយ ១១៥ នៃគណបក្សប្រឆាំង ហាក់មិនឃើញអើពើដើម្បីសុំសិទ្ធិនយោបាយឡើងវិញនោះទេ។
លោកសមរង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិប្រកាសថ្កោលទោស បើអ្នកនយោបាយណាមួយក្នុងចំណោម១១៥រូប សុំសិទ្ធិនយោបាយឡើងវិញ។ លោកថា បុគ្គនោះ នឹងត្រូវពលរដ្ឋថ្កោលទោស ហើយថាបុគ្គនោះ ចូលរួមទទួលស្គាល់ថា ការរំលាយគណបក្សសង្រ្គោះជាតិគឺជារឿងត្រឹមត្រូវ៕
អត្តបទដោយ៖ សោម លាភ