ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួង ដោយមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធទាំង ២៥រាជធានី ខេត្ដ ម្ចាស់សហគ្រាស គ្រឹះស្ថានជាង ៤០០ សមាគមនិយោជក និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដើម្បីផ្សព្វផ្សាយ ប្រាប់ទៅជនបរទេស ទាំងថៅកែ និងពលករ ដែលកំពុងរកស៊ី និងធ្វើការនៅកម្ពុជាឲ្យ ធ្វើប័ណ្ណ និងសៀវភៅការងារជនបរទេស ដើម្បីបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។
លោក លៀ ស៊ីណា រាយការណ៍៖
ក្រោយបញ្ចប់កិច្ចប្រជុំអន្ដរក្រសួងនេះ ក្រសួងមហាផ្ទៃ និងក្រសួងការងារ បានសម្រេចទុកពេលឲ្យជនបរទេស ទាំងថៅកែ និងពលករ ១ខែ ដើម្បីបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ សម្រាប់ជនបរទេសទាំងឡាយណា ដែលខកខានបង់ពន្ធកាលពីឆ្នាំ២០១៧។
លោកនាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មានថា ជាជំហ៊ានដំបូងគណៈអភិបាលខេត្ដទទួលបន្ទុកទាំង ២៥ រាជធានី ខេត្ដ ត្រូវធ្វើការផ្សព្វផ្សាយបន្ដ ដល់ម្ចាស់សហគ្រាស គ្រឹះស្ថាននានា ដែលមិនបានចូលរួមកិច្ចប្រជុំនេះ ឲ្យបានដឹង ថា រដ្ឋាភិបាល ទុកពេលឲ្យពួកគេ ក្នុងអំឡុងខែមីនា ឆ្នាំ២០១៨ នេះ ដើម្បីមកបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ក្នុងនាមជាជនបរទេស ដែលមកធ្វើការ និងរកស៊ីនៅកម្ពុជា។
លោក សុខ ផល៖«ហើយបន្ទាប់ពីនេះទៀត គឺយើងទុកពេលមួយខែ តាមស្មារតីអន្ដរក្រសួងរហូតទៅដល់ថ្ងៃក្រោយចូលឆ្នាំខ្មែរ យើងនឹងធ្វើការត្រួតពិនិត្យឡើងិវញ។ តើអវត្ដមានដែលគាត់មិនបានបង់ទៅតាមសៀវភៅ និងប័ណ្ណការងារនេះ គាត់បានប៉ុន្មានបង់ ហើយយើងនឹងធ្វើការត្រួតពិនិត្យជំហ៊ានមួយទៀត»។
ជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជាមានជាង ១៦ម៉ឺននាក់ ក៏ប៉ុន្ដែមានជនបរទេសប្រមាណតែ ៥ម៉ឺន ៧ពាន់នាក់តែប៉ុណ្ណោះ ដែលមានប័ណ្ណការងារស្របទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
លោក សេង សក្កា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ មានប្រសាសន៍ក្នុងពិធីនេះដែរថា ការដែលរដ្ឋាភិបាលពង្រឹងការអនុវត្ដច្បាប់ ចំពោះជនបរទេសដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋនេះ ពីព្រោះតែរដ្ឋាភិបាលមិនចង់ឲ្យ អ្នកដែលគោរពច្បាប់ល្អហើយ យកគំរូតាមជនទាំងនោះ។
លោក សេង សក្កា ៖«យើងឃើញថា ជនបរទេសគោរពច្បាប់ជាបន្ដបន្ទាប់ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយយើងជំរុញថា ឲ្យអ្នកដែលមិនគោរពច្បាប់ មកគោរពច្បាប់ទៅតាមអ្នកគោរពច្បាប់ ។ បើយើងនៅតែបណ្ដោយអញ្ចឹង វាទៅជាប្រទេសអត់មានការគោរពច្បាប់ ហើយអ្នកដែលគោរពច្បាប់គាត់បែរជាលែងគោរពច្បាប់វិញ អញ្ចឹងយើងប្រឹងថា ធ្វើម៉េចឲ្យជនបរទេសហ្នឹងមានការគោរពច្បាប់»។
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីចុងខែកុម្ភៈ កន្លងទៅនេះ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអនុញ្ញាតឲ្យមានជនបរទេសធ្វើការនៅកម្ពុជា ដោយមិនស្របច្បាប់ទៀតនោះទេ។ សម្ដេចបន្ដថា ការដែលមានជនបរទេសធ្វើការងារនៅកម្ពុជា ដោយមិនបានបង់ពន្ធជូនរដ្ឋ គឺវាបានធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋ និងឱកាសការងាររបស់ពលរដ្ឋខ្មែរ។ សម្ដេច ស ខេង បន្ដថា រដ្ឋាភិបាលបានបាត់បង់ប្រាក់ចំណូលក្នុងមួយឆ្នាំៗ ជាង ២០លានដុល្លារ ព្រោះតែជនបរទេស ទាំងថៅកែ និងពលករ មួយចំនួនមិនបានបង់ពន្ធជូនរដ្ឋ។
លោកនាយឧត្ដមសេនីយ៍ សុខ ផល បានបញ្ជាក់ថា ជនបរទេសទាំងថៅកែ និងពលករ នឹងត្រូវបណ្ដេញចេញពីកម្ពុជា ឬក៏ស្នើទៅតុលាការ សុំឲ្យផ្ដន្ទាទោសរយៈពេល ៣ខែ រួចបណ្ដេចញចេញពីកម្ពុជា ក្នុងករណីពួកគេ រឹងរូសមិនព្រមបង់ពន្ធជូនរដ្ឋ ក្រោយពីការជូនដំណឹងរបស់ក្រសួងមហាផ្ទៃ និងក្រសួងការងារ៕