ភ្នំពេញ៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី០២ តុលា ឆ្នំា ២០១៧នេះបានសម្រេចលុបឈ្មោះគណបក្សនយោបាយចំនួន២០ក្នុងចំណោមគណបក្សប្រមាណ៥០ចេញពីបញ្ជីដោយសារមិនគោរពល័ក្ខខ័ណ្ឌនៅក្រសួង។
យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃត្រូវបានចេញផ្សាយនៅថ្ងៃទី២ ខែតុលានេះ សម្រេចលុបឈ្មោះគណបក្សនយោបាយទាំងនេះ ស្របតាមមាត្រា១៩ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មស្តីពីគណបក្សនយោបាយនិងមាត្រា២០នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ក្នុងសេចក្តីសម្រេចចុះហត្ថលេខាដោយ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេច លុប ឈ្មោះ គណបក្សទំាងនោះរួមមានគណបក្សខ្មែរឯករាជ្យ គណបក្សខ្មែរអព្យាក្រឹត គណបក្សជាតិខ្មែរ គណបក្សប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា គណបក្សសេរីភាព គណបក្សសន្តិភាពប្រជាធិបតេយ្យ គណបក្សអភិវឌ្ឍន៍ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យខ្មែរ គណបក្សជំនាន់ថ្មី គណបក្សព្រះសិរអាមេត្រីយ៍ស្រីពោធិសត្វ គណបក្សសាធារណៈរដ្ឋខ្មែរ គណបក្សសេរីប្រជាធិបតេយ្យ គណបក្សខ្មែរសាមគ្គី គណបក្សកម្ពុជាសេរីភាព គណបក្សខ្មែរដើម្បីខ្មែរ គណបក្សសម្លេងជាតិខ្មែរ គណបក្សកម្លំាងស្មារតីកុលបុត្រខ្មែរ គណបក្សអភិវឌ្ឍន៍ភូមិឃុំ និងគណបក្សខេមរៈពន្លឺជាតិខ្មែរ។
លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនំាពាក្យក្រសួងមហាផ្ទៃ បានឲ្យវិទ្យុស្ត្រីដឹងថាក្រសួងមហាផ្ទៃសម្រេបគណបក្សនយោបាយទំាងព្រោះគណបក្សទំាងនោះមិនគោរពតាមល័ក្ខខ័ណ្ឌចុះបញ្ជីនៅក្រសួងមហាផ្ទៃនិងគ្មានសកម្មភាពឬទីស្នាក់ការគណបក្សច្បាស់លាស់។
លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ បញ្ជាក់ថា ក្រសួងមហាផ្ទៃនឹងលុបគណបក្សនយោបាយផ្សេងទៀតប្រសិនបើមិនគោរពតាមច្បាប់។
មាត្រា១៩ថ្មីស្តីពីគណបក្សនយោបាយបានចែងថា ក្នុងរយៈពេលយ៉ាងយូរ១៨០ថ្ងៃ បន្ទាប់ពីគណបក្សនយោបាយត្រូវបានបង្កើតឡើងស្របតាមមាត្រា៩នៃច្បាប់ គណបក្សនយោបាយត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គលដោយត្រូវមានសមាជិកយ៉ាងតិច៤ពាន់នាក់និងត្រូវបំពេញបែបបទ និងលក្ខខណ្ឌដូចមានចែកនៅមាត្រា២០នៃច្បាប់នេះ។គណបក្សនយោបាយដែលមិនទទួលបានការចុះបញ្ចី ស្របតាមបទបញ្ញាត្តិនៃជំពូកនេះ មិនអាចធ្វើសកម្មភាពនយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឡើយ៕