រូបភាពៈឯកសារ
ភ្នំពេញ៖ តាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលវិទ្យុស្រ្តីទទួលបាននៅថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ថ្មីៗនេះ ក្រុមឆបោកបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបោកប្រាស់តាម ប្រព័ន្ធទូរសព្ទ ក៏ដូចជាប្រព័ន្ធទូរគមនាគមន៍ផ្សេងៗ ដើម្បីឱ្យអ្នកផ្ទេរប្រាក់ ឬចែករំលែកទិន្នន័យសំខាន់ៗមួយចំនួន ដោយ ក្លែងបន្លំជាការសន្ទនាសំឡេង រូបភាព ឬវីដេអូដែលមានមុខមាត់ពិតដូចសមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា ដែលធ្វើឱ្យពិបាកក្នុងការកំណត់អត្តសញ្ញាណថាពិត ឬក្លែងក្លាយ។
ចំពោះមុខបញ្ហានេះ និងដើម្បីការពារខ្លួនពីក្រុមឆបោក ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បោកប្រាស់តាម ប្រព័ន្ធទូរសព្ទ ក៏ដូចជាប្រព័ន្ធទូរគមនាគមន៍ផ្សេងៗទាំងនោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានណែនាំនូវគន្លឹះមួយចំនួនសម្រាប់ការពារខ្លួន។
ក្នុងនោះត្រូវធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គលនោះឱ្យបានច្បាស់លាស់ ដោយពិនិត្យលេខទូរសព្ទ ឬរូបភាពគណនី និងតម្រូវឱ្យបុគ្គលនោះបើកកាមេរ៉ាវីដេអូបង្ហាញមុខភ្លាមៗ។ វិធីសាស្រ្តនេះអាចជួយអ្នកបានពិនិត្យផ្ទៀងផ្ទាត់អាកប្បកិរិយារបស់បុគ្គលនោះថា ដូចប្រក្រតី ឬប្លែកពីអ្នកដែលយើងស្គាល់ និង សួរសំណួរផ្ទាល់ខ្លួន ឬសកម្មភាពដែលបានទាក់ទងគ្នាចុងក្រោយដែលគិតថាត្រូវតែដឹង។
នៅក្នុងសេចក្តីជូនដំណឹងនេះដែរ ក្រសួងប្រៃសណីយ៍ ក៏បានណែនាំសាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះការចែករំលែកព័ត៌មាន សំឡេង រូបភាព ឬវីដេអូ របស់អ្នកជាសាធារណៈ ព្រោះការចែករំលែកជាសាធារណៈអាចឱ្យជនខិលខូចយកមាតិកាទាំងនោះទៅក្លែងបន្លំជាអ្នក ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ។ មួយទៀតដែល មិនត្រូវផ្តល់ទិន្នន័យផ្ទាល់ខ្លួន ជាអាទិ៍ លេខកូដសម្ងាត់គណនីធនាគារ លេខកូដបណ្ដាញទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗ ទៅជនដែលសង្ស័យ ជាដាច់ខាត៕