ភ្នំពេញ៖ ក្រសួងបរិស្ថានអះអាងថា ដីដែលហូរចូលសមុទ្រ ធ្វើឱ្យមានភាពល្អក់កករទឹកនៅតាមឆ្នេរសមុទ្រមួយចំនួន រួមទាំងឆ្នេរព្រែកត្រែង មិនបានបង្កបញ្ហាធ្ងន់ធ្ងរនោះទេ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងបរិសា្ថននៅថ្ងៃទី១៣ កញ្ញាម្សិលមិញ។
តាមការចុះផ្សាយនេះបញ្ជាក់ថា ការបង្កឱ្យមានដីហូរចូលសមុទ្របែបនេះ គឺដោយសារសកម្មភាពអភិវឌ្ឍន៍នៅតំបន់នោះ។
យ៉ាងណាមិញ ក្រសួងបញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍច្រើន ហើយប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើនឥតឈប់ឈរហូរនាំយកដីចូលទៅក្នុងសមុទ្រ ទើបនាំឲ្យមានបញ្ហាទាំងនេះតែម្តង។ ប៉ុន្តែបញ្ហានេះ មិនមានអ្វីដែលព្រួយបារម្ភនិងប៉ះពាល់ដល់ទឹកសមុទ្រទេ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនបង្ហាញការភ្ញាក់ផ្អើលដោយឃើញទឹកសមុទ្រនៅប៉ុន្មានថ្ងៃនេះ បានប្រែជាល្អក់កករដោយសារតែដីហូរចូលជាពិសេសនៅឆ្នេរព្រែកត្រែងតែម្តង។ ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងខ្លាចស្ថានភាពនេះនាំឲ្យខូចទឹកនិងឆ្នេរសមុទ្ររបស់ខ្មែរដែលជាប់ជាឆ្នេរស្អាតនៅលើពិភពលោក។
យ៉ាងណាក្ដី ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ជាពិសេសនៅតំបន់ព្រែកត្រែងតែម្ដងបានប្រតិកម្មយ៉ាងខ្លាំងលើរឿងក្រុមហ៊ុនវិនិយោគមួយបានចាក់ដីលុបឆ្នេរព្រែកត្រែង ហើយដីនេះក៏បានហូរចូលទៅសមុទ្រផងដែរ។
មិនតែប៉ុណ្ណោះ លោក សុខ វណ្ណៈវឌ្ឍនាសាពង្ស ឬលោក វីលា្លម ហ្គង់ ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនឹងផ្ដល់យោបល់បានសរសេរក្នុងគណនីហ្វេសបុកលោកថា ក្រុមហ៊ុនវិនិយោគត្រូវបញ្ឈប់ការចាក់ដីចូលទៅក្នុងព្រែកត្រែងនោះឱ្យខានតែបាន។ លោកថា ស្ថាប័នពាក់ព័ន្ធមុននឹងចេញឱ្យប័ណ្ណឱ្យក្រុមហ៊ុនវិនិយោគណាមួយត្រូវសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន។
ឆ្នេរសមុទ្រខ្មែរក្នុងខេត្តព្រះសីហនុនោះ នាពេលបច្ចុប្បន្នកំពុងតែល្បាញល្បី និងជាទីចាប់អារម្មណ៍ខ្លាំងសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយសារតែភាពស្រស់ស្អាតនៃឆ្នេរតាមរយៈទឹកសមុទ្រដ៏ថ្លា៕