រដ្ឋមន្ត្រីក្រសួងបរិស្ថានអះអាងនៅថ្ងៃពុធនេះថា ក្រសួងនឹងយកដីឧទ្យានជាតិទូទាំងប្រទេសមកអភិរក្សឡើងវិញ ដើម្បីការពារធនធានធម្មជាតិ និងកាត់បន្ថយការបំពុលដោយឧស្ម័នផ្ទះកញ្ចក់។ មន្ត្រីបរិស្ថាន នៃអង្គការសង្គមស៊ីវិលសាទរចំពោះបំណងនេះ ដោយលើកឡើងថា ជាការប្រសើរ ដើម្បីរារាំងឈ្មួញចូលកាប់បំផ្លាញព្រៃឈើ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយ សំអាល់ អះអាងនៅថ្ងៃពុធនេះថា ក្រសួងនឹងយកដីឧទ្យានជាតិធំៗមកអភិរក្សឡើងវិញ ដើម្បីការពារធនធានធម្មជាតិ និងកាត់បន្ថយការបំពុលដោយឧស្ម័នផ្ទះកញ្ចក់។ លោកសាយ សំអាល់ បានមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន ដៃគូអភវិឌ្ឍន៍ និងដៃគូពាក់ព័ន្ធ អំពីរាយការណ៍នៃការចូលរួមចំណែករបស់កម្ពុជា ក្នុងការអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ ដែលរៀបចំធ្វើនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៥ នេះ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ «យើងនឹងរៀបចំតំបន់អភិរក្សឡើងវិញ នេះជាការឆ្លើយតបសំខាន់មួយនូវការប្រែប្រួសអាកាសធាតុ។ យើងពង្រីកវិសាលភាពតំបន់អភិរក្សរបស់យើងឡើងវិញ មាន៣ដែលយើងហៅថា របៀងធំៗគឺ ទី១ របៀងនៅឦសាន្តនេះ យើងចង់ផ្សារភ្ជាប់តំបន់អភិរក្សរបស់ឡាវ ចុះពីវីរៈជ័យតាមដងទន្លេមេគង្គ ដែលវាអាចមានព្រៃ មានតំបន់វាលស្មៅ តំបន់ដីសើម រួមទាំងតំបន់រុំាសារជារបៀងមួយមានជីវៈចម្រុះនៅឦសាន្ត។ ទី២ ឧទ្យានភាគខាងជើងនៃបឹងទន្លេរសាប គឺក្រសួងមានបំណង់អភិរក្សទាំងជីវៈចម្រុះ និងអភិរក្សមរតកវប្បធម៌ មានព្រៃឈើ និងប្រាសាទបុរាណនានា។ ទី៣ ក្រសួងនឹងអភិរក្សតំបន់ភាគខាងត្បូងបឹងទន្លេរសាបចាប់ពីរម្យមរណីដ្ឋានគិរីរម្យ បូកគោ ក្រវ៉ាញ រហូតដល់ខេត្តកោះកុង»។
ជុំវិញបញ្ហានេះ លោក តិក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាដែលបានចូលរួមកម្មវិធីនេះដែរ បានសារទរចំពោះចំណាត់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលមានគម្រោងចង់ អភិរក្សឧទ្យានជាតិនេះឡើងវិញ។ លោកបន្តថា ការអភិរក្សឧទ្យានជាតិរបស់រដ្ឋាភិបាលនេះគឺ ជាផ្នែកមួយក្នុងការពារធនធាតុធម្មជាតិ។
គួររំឭកផងដែរថា កាលពីខែ សីហា ឆ្នាំ២០១៥នេះ របាយការណ៍មួយមានកម្រាស់ជាង១០០ទំព័រ របស់ក្រុមអ្នកស្រាវជ្រាវឯករាជ្យ ដែលរបាយការណ៍នោះ មានឈ្មោះថា «ការកាប់ឈើ និងបរិបាលកិច្ច ការកាប់ឈើខុសច្បាប់ជាប្រព័ន្ធ និងការបំផ្លាញព្រៃឈើរដ្ឋ និងតំបន់ការពារនៅក្នុងខេត្តរតនគីរី និងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា បានរកឃើញថាផ្លូវជាច្រើនដែលគេបានប្រើប្រាស់សម្រាប់ដឹកឈើប្រណិតត្រូវបានរកឃើញនៅក្នុងតំបន់ការពារឧទ្យាជាតិរីវៈជ័យដែលលាតសន្ធឹងដល់ព្រំដែនឡាវ។ យ៉ាងណាមិញទីប្រឹក្សា ក្រសួងបរិស្ថាន បានច្រានចោលនូវរបាយការណ៍នោះ ដោយលើកឡើងថា គ្មានការកាប់បំផ្លាញព្រៃឈើនៅឧទ្យានជាតិវីរៈជ័យ ដូចរបាយការណ៍របស់ ក្រុមអ្នកស្រាវជ្រាវឯករាជ្យ ឡើយ ៕