ភ្នំពេញ៖ ក្រសួងទេសចរណ៍ ជំរុញឱ្យម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវអនុវត្តតាមការណែនាំ ស្តីពីបរិស្ថានគ្មានផ្សែងបារីដោយព្រមានថា បើពុំដូចនេះទេម្ចាស់មូលដ្ឋានអាជីកម្មទាំងនោះ នឹងត្រូវទទួលពិន័យរដ្ឋបាលដែលបានកំណត់។ ក្រសួងបានព្រមានដូចនេះ ដោយសំអាងទៅលើសេចក្តីណនាំរបស់ខ្លួនកន្លង ដែលប្រកាសឱ្យប្រើជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០១៦។ កញ្ញា ឆេង ណាតា រាយការណ៍ព័ត៌មាននេះ៖
លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងបែបនេះធ្វើឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ នាថ្ងៃទី ២០ខែកក្កដា នេះ។
លោកថ្លែងបន្តថា សេចក្តីណែនាំនេះគឺជាបញ្ញតិ្តមួយដែលលោករំពឹង ថាបន្ទាប់ពីសេចក្តីណែនាំ បានដាក់ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ម្ចាស់អាជីកម្មទាំងអស់ នឹងការនុវត្តឱ្យបានល្អ។
លោកបន្តថា ក្នុងករណីដែលម្ចាស់ជីវកម្មសេវាកម្មទេសចរណ៍ មិនអនុវត្តសេចក្តីណែនាំដែលបានកំណត់ ក្រសួងទេសចរណ៍ដែលជាក្រសួងគ្រប់គ្រងអាជ្ញាប័ណ្ណទេសចរណ៍ នឹងមិនបន្ត ឬផ្តល់អាជ្ញាប័ណ្ឌដល់ម្ចាស់អាជីវកម្មទាំងនោះឡើយ។
លោក ហោ សារុន៖ «ដូចខ្ញុំបានលើកឡើងហើយថាទន្ទឹមនិងការអនុវត្តយើង គឺយើងប្រើនូវវិធាការណ៍ដែលហៅថាវិធានការរដ្ឋបាល។ ប៉ុន្តែមុននឹងចូលដល់វិធានការរដ្ឋបាលយើងប្រើវិធានការអប់រំសិន គឺបានន័យថាយើងត្រូវទុករយៈពេលដើម្បីឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិធ្វើការផ្សព្វផ្សាយ។ ទាមទារពេលវេលានៃការផ្សព្វផ្សាយ ដើម្បីកោះប្រជុំម្ចាស់អាជីវកម្ម សេវាកម្មទាំងអស់ហ្នឹងមកជុំគ្នា ដើម្បីឱ្យគាត់យល់ដឹងពី ខ្លឹមសារបរិស្ថានគ្មានផ្សែងបារី…»។
សេចក្តីណែនាំ ស្តីពីបរិស្ថានគ្មានផ្សែងបារីដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងទេសចរណ៍ បានកំណត់ថាម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ត្រូវបិទផ្សាយ ឬដាក់បម្រាមអំពីការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងសាធារណៈ ដែលឱ្យសាធារណៈជនអាចមើលឃើញ។
ដោយមិនត្រូវដាក់តាំង ឬបង្ហាញប្រដាប់គោះបារីនៅកន្លែងហាមឃាត់មិនឱ្យជកបារី។ ត្រូវបង្គាប់មិនឱ្យជក់ ឬអង្គុយបង្ហុយផ្សែងផលិតផលថ្នាំជក់ ចំពោះជនណាដែលមិនអនុវត្ត តាមស្លាកបម្រាមហាមជក់ និងត្រូវសហការជាមួយសមត្ថកិច្ចដើម្បីចាត់វិធានការឱ្យទាន់ពេលវេលា។ មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ក្នុងបរិវេណមូលដ្ឋានរបស់ខ្លួនទោះក្នុងទម្រង់ណាក៏ដោយ។
លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាបដែលបានមកចូលរួម ក្នុងសិក្ខាសាលានៅព្រឹកនេះ មានប្រសាសន៍ថា លោកស្រីនឹងជំរុញការផ្សព្វផ្សាយសេចក្តីណែនាំ ឱ្យបានទូលំទូលាយ ទៅតាមភោជនីយដ្ឋានសណ្ឋាគារក្នុងខេត្ត។
លោកស្រីបានឱ្យដឹងផងដែរថា កន្លងមកខេត្តសៀមរាបក៏ធ្លាប់ ផ្សព្វផ្សាយទៅកាន់ម្ចាស់អាជីកម្ម សេវាកម្មទេសចរណ៍មួយចំនួនក្នុងខេត្តសៀមរាប។ លោកស្រីបន្តថា បន្ទាប់ពីធ្វើការផ្សព្វផ្សាយរួច ឃើញថាម្ចាស់អាជីវកម្ម មានការយកចិត្តទុកដាក់ចំពោះបរិស្ថានគ្មានផ្សែងបារីនេះ ប៉ុន្តែនៅមានតំបន់មួយចំនួនដែលនៅតែមានអ្នកជក់នៅក្នុងភោជនីយដ្ឋាន និងសណ្ឋាគារនៅឡើយ។
លោកស្រីប្រាប់បន្ថែមថា៖«ទេសចរណ៍គ្មានផ្សែងបារី គឺវាមានសារៈសំខាន់ណាស់ ចំពោះបញ្ហាសុខភាពគឺផ្នែកមួយដ៏សំខាន់នៅក្នុងវិស័យទេសចរណ៍ ហើយបើសិនជាគ្មានផ្សែងបារី នោះសុខភាពរបស់ភ្ញៀវ ធម្មតាភ្ញៀវដែលមក មិនថាទាំងក្នុងប្រទេសយើង ទាំងក្រៅប្រទេស ភាគច្រើនក៏មានភាគច្រើនភ្ញៀវដែលមិនពិសារបារី អញ្ចឹងវាធ្វើឱ្យមានផលប៉ះពាល់ទៅដល់ភ្ញៀវដែលមិនពិសារបារី។….ប្រសិនបើតំបន់ទេសចរណ៍គ្មានផ្សេងបារី ខ្ញុំគិតថាវាអាចទាក់ទាញភ្ញៀវបានកាន់តែច្រើន»។
តាមលទ្ធផលស្រាវជ្រាវមួយ របស់ក្រសួងផែនការកាលពីឆ្នាំ២០១៤ ប្រទេសដែលជាសមាជិកអាស៊ាន គឺកម្ពុជាមានអាត្រាស្រូបផ្សែងបារី នៅក្នុងភោជនីយដ្ឋានខ្ពស់ជាងគេ។
លោកបន្តថា ប្រជាពលរដ្ឋកម្ពុជា ៧៦% ស្រូបផ្សែងបារីពីគេនៅភោជនីយដ្ឋាន និងអាហារដ្ឋាន ៤៩% ក្នុងអាគារធ្វើការរបស់រដ្ឋ ៣៤%នៅក្នុងមធ្យោបាយធ្វើដំណើរសាធារណៈ ២២%នៅក្នុងគ្រឹះស្ថានសុខាភិបាល។
ក្នងនោះដែរ ប្រជាពលកម្ពុជា៨៤% គាំទ្រការហាមជក់បារី ក្នុងភោជនីយដ្ឋាន និងអាហារដ្ឋាន ៨៧%គាំទ្រហាមជក់ក្នុងមធ្យោបាយធ្វើដំណើរសាធារណៈ និង៨៣%នៅក្នុងវត្តអារាមនិងកន្លែងធ្វើការ៕