ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងទេសចរណ៍បានឱ្យដឹងថា ខួបទី១០ឆ្នាំនៃព្រឹត្តិការណ៍ អង្គរសង្រ្កាន នៅក្នុងឆ្នាំ២០២៣នេះ មានគម្រោងធំៗជាច្រើននឹងកើតមានឡើង។ ក្នុងនោះគម្រោង(ភូមិខ្ញុំ) នឹងត្រូវបើកបង្ហាញខ្លួនទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយចូលទស្សនានៅថ្ងៃចូលឆ្នាំថ្មី ទី១៤-១៥-១៦ ខែមេសា នាពេលខាងមុខនេះ។
ប្រធានគម្រោងភូមិខ្ញុំ ភូមិសុខសាន្ត ឯកឧត្ដម សុខ សង្វារ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះភូមិខ្ញុំគ្រោងរៀបចំអោយមាន៨ទស្សនីយភាពធំៗ រួមមាន ផ្ទះមរតកដូនតា ផ្ទះនំខ្មែរ សាលាឆទាន ផ្សារខ្មែរ ឆាកធំ រោង DJ វត្ថុយក្ស និង រោងសិប្បកម្ម ។ លោកបន្តថា គម្រោងធំៗទាំងនេះត្រូវបានជួយលើកតម្កើនដល់វប្បធម៌ខ្មែរ ជាពិសេសជួយដល់សេដ្ឋកិច្ចបងប្អូនដែលរស់នៅខេត្តសៀមរាបផងដែរ មិនត្រឹមតែប៉ុណ្ណោះជួយថែរក្សាទំនៀមទម្លាប់ខ្មែរយើង និងផ្តល់អោយមហាគ្រួសារខ្មែរទាំងមូលក្នុងឱកាសចូលឆ្នាំបានជួបជុំគ្នា សប្បាយជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះបើតាមការឱ្យដឹងតាមរយៈក្រសួងទេសចរណ៍ដដែល។
គួររំឭកផងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ធ្វើឡើងក្នុងបំណង អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជាបង្ហាញពីការចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាបផងដែរ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានលេចឡើងជាលើកដំបូងក្នុងឆ្នាំ២០១៣ ដោយមានការគាំទ្រពីក្រសួងវប្បធម៌ ក្រសួងធម្មការ ក្រសួងអប់រំ ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តសៀមរាប៕
