en     km
en     km

ក្រសួងទេសចរណ៍ហាមមិនឱ្យនារីផ្សព្វផ្សាយផលិតផលថ្នាំជក់ នៅតាមទីតាំងសេវាកម្មទេសចរណ៍

Share

ភ្នំពេញ៖ ក្រសួងទេសចរណ៍ មិនអនុញ្ញាតឱ្យ ផ្សព្វផ្សាយផលិតផលថ្នាំជក់ តាមរយៈបុគ្គលិកផ្នែកផ្សព្វផ្សាយជាស្ត្រី នៅតាមភោជនីយដ្ឋាននានា ឬនៅតាមសណ្ឋាគារដែលជាទីតាំងសេវាកម្មទេសចរណ៍។ នេះតាមការបញ្ជាក់ពីលោកហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍។ លោកបន្តថា ទីតាំងសេវាកម្មទេសចរណ៍ទាំងនោះ រួមមានភោជនីយដ្ឋាន ហាងកាហេ្វ ក្លឹបរាត្រី និងមណ្ឌលកំសាន្តនានា ។ អ្នកស្រីវ៉ាយ វត្តីជូនសេចក្តីរាយការណ៍

ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការពង្រឹងការអនុវត្តបរិស្ថានគ្មានផ្សែងផលិតផលថ្នាំជក់ និងវិធានការហាមឃាត់ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ដែលរៀបចំឡើងក្រសួងទេសចរណ៍កាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២៥ លោកហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារបរិស្ថានគ្មានផ្សេងបារីក្នុងវិស័យទេសចរណ៍បានមានប្រសាសន៍ថា កន្លងមកក្រសួងទេសចរណ៍ធ្លាប់បានចេញអនុក្រឹត្យ និងសេចក្តីណែនាំចំនួន២លើករួចមកហើយក្នុងឆ្នាំ២០១៦ ស្តីពីវិធានការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈនិងឆ្នាំ២០២០ស្តីពីបរិស្ថានគ្មានផ្សែងបារីដល់អ្នកគ្រប់គ្រងឬ ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ទូទាំងប្រទេស។ លោក ហោ សារុន​ បានឱ្យដឹងទៀតថា ក្រោយពីមានអនុក្រឹត្យ និងសេចក្តីណែនាំ ឃើញថា កម្ពុជាទទួលបានជោគជ័យក្នុងការទំលាក់ផ្ទាំងប៉ាណូផ្សព្វផ្សាយអំពីថ្នាំជក់។

ដោយឡែកសម្រាប់សេចក្តីណែនាំចុងក្រោយនេះគឺវិធានការហាមឃាត់ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ទាក់ទងនឹងការផ្សាយពាណិជ្ជកម្ម ថ្នាំជក់ ឬដាក់តាំងបង្ហាញសម្ភារៈ មានឈ្មោះម៉ាកផលិតផលថ្នាំជក់ តាមផ្ទាំងរូបភាព ខិតបណ្ណផ្សព្វផ្សាយ ឆ័ត្រ នាឡិកា ប្រអប់ដាក់ក្រដាសអនាម័យ ប្រដាប់គោះបារីទាំងក្នុងបរិវេណ និងក្រៅបរិវេណទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍។ មិនឱ្យមានការរៀបចំកម្មវិធីចាប់ឆ្នោតដោយក្រុមហ៊ុនថ្នាំជក់ និងមិនអនុញ្ញាតឱ្យផ្សព្វផ្សាយផលិតផលថ្នាំជក់តាមរយៈនារីស្រស់ស្អាតតាមភោជនីយដ្ឋាន នានា ជាដើម។

តាមសេចក្តីណែនាំថ្មីនេះ លោក ហោ សារុន បានជំរុញដល់មន្រ្តី អាជ្ញាធរខេត្ត មន្ទីរទេចរណ៍ រាជធានី​ ខេត្ត ក្រុងទាំង២៥ ធ្វើការណែនាំដល់ដល់ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍យល់ដឹងអំពីខ្លឹមសារឱ្យបានច្បាស់ ព្រោះថា នៅក្នុងសេចក្តីណែនាំនេះ​ ក្នុងករណីដែលម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងឡាយណាមិនចូលរួមអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាល និងទោសអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោក ហោ សារុន៖ «យើងមិនរៀបចំកម្មវិធីចាប់ឆ្នោតដែលរៀបចំដោយក្រុមហ៊ុនថ្នាំជក់ និងមិនអនុញ្ញាតឱ្យផ្សព្វផ្សាយផលិតផលថ្នាំជក់តាមរយៈនារីស្រស់ស្អាតតាមភោជនីយដ្ឋាននានា ខ្ញុំបាទសូមស្នើ ឯកឧត្តម លោកជំទាវដែលជាអភិបាលរងទទួលបន្ទុកវិស័យទេសចរណ៍ និងមន្ទីរទេសចរណ៍ទាំងអស់ លោកធ្វើការណែនាំដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន កុំឱ្យមាននូវករណីនេះ ព្រោះករណីនេះផ្ទុយពីច្បាប់គ្រប់គ្រងផលិតផលថ្នាំជក់​ និងផ្ទុយពីអនុក្រឹត និងបទដ្ឋានគតិយុទ្ធផ្សេងៗនានាផងដែរ»។

មានភស្តុតាងជាច្រើនបានបង្ហាញថាផលិតផលថ្នាំជក់ផ្ដល់ផលប៉ះពាល់ និងគំរាមកំហែងយារយី ដល់សុខុមាលភាពប្រជាពលរដ្ឋ សេដ្ឋកិច្ច បរិស្ថាន និងសង្គម។

លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបង្ហាញឲ្យឃើញថា ថ្នាំជក់សម្លាប់មនុស្សច្រើនជាង ៨លាននាក់ជារៀងរាល់ឆ្នាំនៅលើពិភពលោក។ ដោយឡែក ពលរដ្ឋកម្ពុជាចំនួន ១៥០.០០នាក់ ស្លាប់ ជារៀងរាល់ឆ្នាំ ដោយការប្រើប្រាស់ថ្នាំជក់ ហើយ ៣៣ភាគរយ នៃករណីស្លាប់នេះ កើតឡើងក្នុងចំណោមអ្នកដែលមានប្រាក់ចំណូលទាបបំផុត។

លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ៖« ដោយឡែកនៅប្រទេសកម្ពុជាយើង មានមនុស្សប្រមាណ១ម៉ឺន៥ពាន់នាក់ ត្រូវបានបាត់បង់ជីវិតជារៀងរាល់ឆ្នាំពីការប្រើប្រាស់ថ្នាំជក់ គិតក្នុងមួយថ្ងៃមាន៤១នាក់ បាត់បង់ជីវិត យើងមើលឃើញអ្នកដែលស្លាប់នោះដោយសារជំងឺមហារីសួត មហារីកទូទៅ មហារីកដោះ ជំងឺដាច់សរសៃឈាមខួរក្បាល។​ ប្រទេសកម្ពុជាក្នុងមួយឆ្នាំៗត្រូវបាត់បង់លុយ ៦៦៣លានដុល្លារ ដោយសារការប្រើប្រាស់ថ្នាំជក់នេះ បើគិតGDP យើងបាត់៣ភាគរយ នៃGDP ច្រើនជាងថវិការបស់ក្រសួងសុខាភិបាល ដោយសារប្រជាពលរដ្ឋប្រើប្រាស់ថ្នាំជក់»

ប្រទេសកម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់របស់អង្គការសុខភាពពិភពលោក នៅក្នុងឆ្នាំ២០០៥ ជាឆ្នាំតែមួយដែលអនុសញ្ញានេះបានចូលជាធរមាន។ នៅក្នុងក្របខណ្ឌរបស់ខ្លួន កម្ពុជា ក៏បានអនុម័តច្បាប់ស្ដីពី “ការត្រួតពិនិត្យផលិតផលថ្នាំជក់” នៅខែឧសភា ឆ្នាំ២០១៥ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធផ្សេងៗទៀត។ ក្នុងឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលមានសមាសភាពចូលរួមទាំងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះក្រសួងទេសចរណ៍ ក៏ជាសមាជិកនៅក្នុងគណៈកម្មាធិការនេះផងដែរ៕

ប្រភពរូប៖វត្តី

 

Share

ព័ត៌មានទាក់ទង