ភ្នំពេញ៖ក្រសួងកិច្ចការនារីអំពាវនាវឱ្យយុវជនកម្ពុជាគោរពឱ្យបានខ្ជាប់ខ្ជួន ប្រពៃណីទំនៀមទំលាប់របស់ស្ដ្រីខ្មែរ ស្របពេលដែលទិវានៃក្ដីស្រឡាញ់នឹងចូលមកដល់នៅថ្ងៃទី ១៤កុម្ភៈ សប្ដាហ៍ក្រោយ ។
ការអំពាវនាវរបស់រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានធ្វើឡើងតាមលិខិតរបស់លោកស្រី ផ្ញើជូនាយិការមជ្ឈមណ្ឌលព័ត៌មានស្ដ្រីកម្ពុជា នៅថ្ងៃទី១០ កុម្ភៈនេះ ដើម្បីធ្វើការផ្សព្វផ្សាយការអប់រំទាក់ទិននឹងទិវា នៃក្ដីស្រឡាញ់ ។
លិខិតរបស់លោកស្រីរដ្ឋមន្ដ្រីបានបញ្ជាក់ដូចនេះថា ក្រសួងកិច្ចការនារីនឹងធ្វើសកម្មភាពផ្សព្វផ្សាយមួយចំនួននៅថ្ងៃ ១៤កុម្ភៈ ដូចជាការធ្វើវេទិកានៅតាមសាលារៀន នឹងតាមកម្មវិធីអប់រំផ្សេៗទៀតដើម្បីអប់រំយុវវ័យ ឱ្យយល់ពីអត្ថន័យពិតនៃក្ដីស្រឡាញ់ និងទប់ស្កាត់ការប្រព្រឹត្តិសកម្មភាពពុំគប្បីដែលប្រាកចាសពីសីលធម៌ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរ ។
លិខិតរបស់លោកស្រីរដ្ឋមន្ដ្រីបានបញ្ជាក់ទៀតថា ការផ្សព្វផ្សាយតាមរយៈការផ្ញើសារនេះ គឺជា វិធីសាស្ដ្រមួយដែលមានប្រសិទ្ធិភាព ដើម្បី ពញ៉ាក់អារម្មណ៍ និងក្រែនរំលឹកយុវវ័យឱ្យផ្លាស់ប្ដូរឥរិយាបថ ដោយកែប្រែសេចក្ដីស្រឡាញ់ពីគូរសង្សា ទៅជាថ្ងៃដែលត្រូវបង្ហាញក្ដីស្រឡាញ់សម្រាប់ក្រុមគ្រូសារ អ្នកគ្រូ លោកគ្រូ និងមិត្តភ្ភក្ដិជាដើម ។
លិខិតរបស់រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ចប់សេចក្ដីដោយពាក្យណែនាំបីចំនុចសំខាន់ៗ ៖
ទី១. ១៤កុម្ភៈ កុំលះបង់កិត្តិយស ព្រោះផ្កាមួយទង
ទី២. ១៤កុម្ភៈ បុរសល្អផ្ដល់តម្លៃឱ្យស្ដ្រី
ទី៣. ១៤កុម្ភៈ រក្សាភាពថ្លៃថ្នូររបស់ខ្លួនឯង គ្រួសារ និងសង្គមជាតិ
ស្របពេលថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ជិតឈានចូលមកដល់នេះដែរ ស្ដ្រីដែលជាប្រធានអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បានផើ្ញសាររំលឹកទៅដល់យុវជន និងយុវនារីខ្មែរ កុំភ័ន្ដច្រឡំចំពោះអត្ថន័យនៃថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ឬ Valentine’s day។ ពួកគាត់រំលឹកថា Valentine’s day ជាការបង្ហាញនៃក្ដីស្រឡាញ់ ប៉ុន្ដែមិនមែនជាការលះ បង់ខ្លួនប្រាណនោះទេ។
ជុំវិញរឿងនេះដែរ កាលពីថ្ងៃចន្ទ័ ទី៦កុម្ភៈ ក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ក្រសួងសង្កេតឃើញថា នៅថ្ងៃទី ១៤ ខែកុម្ភៈ ដែលជាទិវាបុណ្យនៃក្តីស្រលាញ់ ជាឱកាសមួយធ្វើឱ្យសិស្សានុសិស្សយល់ច្រលំថា បុណ្យនេះជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ទៅវិញ។
ដោយមើលឃើញដូចនេះ ក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីរបស់ស្សិក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់មួយចំនួន ក្នុងនោះមានដូចជា គ្រឹះស្ថានសិក្សាសាធារណៈជន និងឯកជនទូទៅត្រូវចូលរួមផ្សព្វផ្សាយអំពីអត្ថន័យពិតនៃក្ដីស្រឡាញ់ ហើយគ្រឹះស្ថានសិក្សាទាំងអស់ត្រូវពង្រឹងដល់បទបញ្ជាផ្ទៃក្នុងទៅដល់សិស្សានុសិស្សឱ្យបានម៉ឺងម៉ាត់ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យ ហើយបូករួមទាំងការតាមដានអវត្តមានរបស់សិស្សានុសិស្សផងដែរ ៕