en     km
en     km

ក្រសួងការងារអំពាវនាវដល់កម្មករនិយោជិតយកចិត្តទុកដាក់ថែទាំសុខភាព និងប្រយ័ត្នចំពោះជំងឺមិនឆ្លង

Share

ភ្នំពេញ៖ ដោយសារតែជំងឺមិនឆ្លង ជាជំងឺលាក់មុខមួយ តែវាប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាព មនុស្សទូទៅ ដែលត្រូវយកចិត្តទុកដាក់ ហេតុនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រោមកិច្ចសហការជាមួយក្រសួងសុខាភិបាល បានបើកយុទ្ធការផ្សព្វផ្សាយដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ដល់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស ឱ្យបានយល់ដឹង និងជំរុញការថែទាំសុខភាពរបស់កម្មករនិយោជិតដែលបានអនុវត្តន៍កាលពីម្សិលមិញនេះ ។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

លោក កតា្ត អន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់កម្មករនិយោជិត ដែលបច្ចុប្បន្នមានជាង៩២ម៉ឺននាក់ កំពុងបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាសវិស័យកាត់ដេរជាង១៥០០សហគ្រាស ឱ្យយកចិត្តទុកដាក់ ថែរក្សាសុខភាព ពិសេសកាត់បន្ថយការបរិភោគ អាហារដែលមានសារជាតិផ្អែម  ប្រៃ និងខ្លាញ់ច្រើន រួមទាំង គ្រឿងស្រវឹង គ្រឿងប៉ូវកម្លាំង និងបារី ។លោកថា តាមរកឃើញ អ្នកបរិភោគផ្អែមខ្លាំង ប្រៃខ្លាំង និងខ្លាញ់ច្រើន ទាំងនោះ អាចប្រឈមកើតជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម លើសឈាម ពុកធ្មេញ គាំងបេះដូង ជាដើម។

អ្នកនាំពាក្យក្រសួងការងារ រូបនោះបានឱ្យដឹងបន្ថែមថា  ដោយមើលឃើញពីភាពចាំបាច់ លើការថែទាំសុខភាពកម្មករនិយោជិត ទើបក្រសួងការងារបានរៀបចំផ្សព្វផ្សាយដើម្បីការពារទប់ស្កាត់ជំងឺមិនឆ្លងនេះ ដល់កម្មករនិយោជិត ក្រោមកិច្ចសហការជាមួយក្រសួងសុខាភិបាល។

លោក កតា្ត អន ៖« កម្មវិធីផ្សព្វផ្សាយជំងឺមិនឆ្លងដល់កម្មករនិយោជិតសហគ្រាសគឺជាកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាលនៅក្នុងការធានាលើកកម្ពស់ក៏ដូចជាការការពារជំងឺមិនឆ្លងដល់បងប្អូនកម្មករនិយោជិត ព្រោះថាកិច្ចការនេះយើងមិនត្រឹមតែធ្វើនៅរាជធានីភ្នំពេញទេ យើងនឹងធ្វើទៅតាមបណ្តាខេត្តផ្សេងៗទៀតដើម្បីឱ្យបងប្អូននិយោជិត សហជីព ក៏ដូចជានិយោជក ក៏ដូចជាប្រជាពលរដ្ឋបានជ្រួតជ្រាបអំពីវិបត្តិ ឬផលប៉ះពាល់ដែលកើតឡើងពីជំងឺមិនឆ្លងនេះ»។

ក្នុងនាមប្រធានសម្ព័ន្ធសហជីពចលនាកម្ពុជា លោក ប៉ាវ ស៊ីណា បានគាំទ្រខ្លាំងចំពោះយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ជំងឺមិនឆ្លងដល់កម្មករនិយោជិត លោកយល់ថា​ វាមានសារៈសំខាន់ខ្លាំងក្នុងការផ្សព្វផ្សាយឱ្យកម្មករ និយោជិត យល់ដឹង និងជំរុញការថែទាំសុខភាពរបស់ពួកគេកាន់តែល្អឡើង។ ព្រោះកន្លងមកលោកមើលឃើញថា ការបរិភោគរបស់កម្មករនិយោជិតភាគច្រើន ប្រឈមនឹងអាហារខ្វះគុណភាព និងខ្វះអនាម័យដែលបានទិញនៅតាមមុខរោចក្រ ដែលវាអាចប៉ះពាលសុខភាព ជាពិសេសធ្វើឱ្យកម្មករនិយោជិតមិនសូវមានកម្លាំង និងខ្វះអាហារូបត្ថម្ភផ្សេងៗ។

លោក ប៉ាវ ស៊ីណា៖«ខ្ញុំសំណូមពរទៅដល់ក្រសួងការងារ រួមទាំងក្រសួងសុខាភិបាល និងភាគីពាក់ពន្ធសុំបន្តការចុះផ្សព្វផ្សាយ បន្តនូវសកម្មភាពយុទ្ធនាការនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេស គឺផ្សព្វផ្សាយឱ្យគាត់ ញាំអាហារណាដែលអាចជំនួយដល់សុខភាព មានជីវជាតិគ្រប់គ្រាន់ក៏ដូចជាមានអនាម័យដែរ ដើម្បីឱ្យសុខភាពពួកគាត់ល្អប្រសើរ»។

សម្រាប់កម្មការិនី រោងចក្រកាត់ដេរ អ្នកស្រី នយ សារ៉ាន់ បានប្រាប់វិទ្យុស្រ្តីថា កន្លងមករោងចក្រអ្នកស្រី មិនទាន់មានការចុះផ្សព្វផ្សាយពីជំងឺមិនឆ្លងនេះនៅឡើយទេ ហើយអ្វីដែលអ្នកស្រីបានដឹង ខ្លះៗនោះគឺការដឹងតាមរយៈការនិយាយតៗគ្នាតែប៉ុណ្ណោះ។  ដូច្នេះអ្នកស្រីយល់ថា បើមានការចុះផ្សព្វផ្សាយពីជំងឺមិនឆ្លងដល់កម្មករផ្ទាល់ នោះគឺជារឿងដែលល្អប្រសើរ។

អ្នកស្រី នយ សារ៉ាន់៖ «សម្រាប់ខ្ញុំផ្ទាល់ចង់ឱ្យមានការផ្សព្វផ្សយ ចុះមកដល់កន្លែងពួកខ្ញុំផ្ទាល់ បើពួកគាត់ចុះមកផ្សព្វផ្សាយផ្ទាល់ ខ្ញុំគិតថាល្អ សម្រាប់ពួកខ្ញុំបានយល់ដឹងអ៊ីចឹង»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អន សង្ឃឹមថា​កម្មវិធីផ្សព្វផ្សាយជំងឺមិនឆ្លងដល់កម្មករនិយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ទូទាំងប្រទេសនេះ នឹងចូលរួមកាត់បន្ថយ ការកើតជំងឺផ្សេងៗ ដែលបណ្តាលមកពីការបរិភោគ សារធាតុផ្អែម គ្រឿងកំប៉ុង ប៉ូវកម្លាំង ក៏ដូចជា ការបរិភោគ អំបិល ខ្លាញ់ច្រើន គ្រឿងស្រវឹង និងការជក់បារីជាដើម។ ទន្ទឹមនឹងនោះ លោក អំពាវនាវដល់កម្មករនិយោជិតទាំងអស់ថែរក្សាសុខភាព ឱ្យបានល្អ បំពេញការងារនៅតាមរោងចក្រ សហគ្រាសដើម្បីរកចំណូលជួយជីវភាព គ្រួសារឱ្យកាន់តែរុងរឿងថែមទៀត៕

 

 

 

 

Share

ព័ត៌មានទាក់ទង