loader

ក្រសួងកសិកម្ម​ស្នើ​ប្រធាន​គណៈកម្មការ​ចម្រុះ​រាជធានី​ ផ្អាក​ចរាចរ​សត្វ​បក្សី​ពី​ភូមិ​ភ្នំពេញ​ថ្មី​បណ្ដោះអាសន្ន​

​ភ្នំពេញ​ ៖​ លិខិត​របស់​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ ចុះ​ថ្ងៃ​ទី​១១​ ខែមករា​ កន្លង​មក​ទៅ​នេះ​ បាន​ស្នើ​ដល់​ប្រធាន​គណៈកម្មការ​ចម្រុះ​រាជធានី​ភ្នំពេញ​ ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​ជំងឺផ្ដាសាយបក្សី​ ដោយ​ផ្អាក​ការ​ធ្វើ​ចរាចរ​សត្វ​បក្សី​ និង​ផលិតផល​ពី​បក្សី​ ពី​ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ជា​បណ្ដោះអាសន្ន​។

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

លិខិត​របស់​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខ​ប្រមាញ់​ និង​នេសាទ​ បាន​ដាក់​ជូន​ប្រធាន​គណៈកម្មការ​ចម្រុះ​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​លទ្ធផល​វិភាគ ​របស់​វិទ្យាស្ថាន​ជាតិ​ ស្រាវជ្រាវ​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ បង្ហាញ​លទ្ធផល​ សំណាក​សត្វ​មាន់​ចំនួន​ ០៣​ក្បាល​ ពី​ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ថា​ មាន​ផ្ទុក​ជំងឺផ្ដាសាយបក្សី​ ដែល​បង្ក​ដោយ​វីរុស​ក្នុង​អនុ​ក្រុម​ A1​ (H5N1)​។​

​តាម​លិខិត​ដដែល​នេះ​ រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ ស្នើ​ដល់​ប្រធាន​គណៈកម្មការ​ចម្រុះ​ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ ផ្ដល់​កិច្ចសហការ​ក្នុង​ការ​អនុវត្ដ​វិធានការ​បច្ចេកទេស​របស់​មន្ដ្រី​ជំនាញ​ ក្នុង​ការ​ពង្រឹង​ការ​ទប់ស្កាត់​ ចលនា​បក្សី​ និង​ផលិតផល​មាន​ដើម​កំណើត​ពី​បក្សី​ជា​បណ្ដោះអាសន្ន​ ចេញពី​តំបន់​ផ្ទុះ​ជំងឺឆ្លង​ខាងលើ​ ក្នុង​រង្វង់​កាំ​ ០៣​ គីឡូម៉ែត្រ​ ដើម្បី​អនុវត្ដ​វិធាន​បច្ចេកទេស​ បសុពេទ្យ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។​

​ជុំវិញ​ករណី​រក​ឃើញ​មាន​សត្វ​មាន់​ឆ្លង​ជំងឺផ្ដាសាយបក្សី​ H5N1​ នេះ​ លោក​ សៀង​ បូ​រិ​ន​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ រាជធានី​ភ្នំពេញ​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ នៅ​ថ្ងៃ​ទី​១៤​ មក​រា ​នេះ​ ថា​ គិត​មក​ដល់​ថ្ងៃនេះ​កម្លាំង​ចម្រុះ​រាជធានី​ភ្នំពេញ​ បាន​ចុះ​អនុវត្ដ​វិធា​នប​ច្ចេស​ បាញ់ថ្នាំ​សម្លាប់​មេរោគ​ និង​សម្លាប់សត្វ​មាន់​ ទា​ ដែល​ត្រូវ​បាន​សង្ស័យ​ថា​ ឆ្លង​ជំងឺផ្ដាសាយបក្សី​ H5N1​ចំនួន​ ២៩២​ក្បាល​។​ ដោយឡែក​កម្លាំង​ចម្រុះ​រាជធានី​ ដែល​រួម​មាន​មន្ទីរ​សុខាភិបាល​ មន្ទីរ​កសិកម្ម​ ចៅសង្កាត់​ និង​អភិបាល​ខណ្ឌ​ សែន​សុខ​ នៅ​តែ​បន្ដ​តាមដាន​សុខភាព​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ ពិនិត្យ​មើល​សត្វ​មាន់​ ទា​ ក្នុង​តំបន់​នេះ​ជា​បន្ដ​ ដោយ​មិន​អាច​កំណត់​ថា​ ពេល​ណា​នឹង​អនុញ្ញាត​ឲ្យ​មានការ​ចរាចរ​សត្វ​មាន់​ ទា​ ពី​តំបន់​នេះនោះ​ទេ​។​

​បន្ថែម​លើ​នេះ​ ប្រធាន​មន្ទីរ​កសិកម្ម​ រាជធានី​ភ្នំពេញ​ បន្ដ​ថា​ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ ប្រសិនបើ​មាន​អាការ​ក្ដៅខ្លួន​ ត្រូវ​ផ្ដល់​ដំណឹង​ជា​បន្ទាន់​ដល់​មន្ទីរ​សុខាភិបាល​ ដើម្បី​ឲ្យ​មន្ទីរ​ចុះ​មក​បូម​ឈាម​យក​ទៅ​ពិនិត្យ​។​

​លោក​ សៀង​ បូ​រិ​ន​ ៖«​បាន​សេចក្ដី​ថា​ បើសិនណា​ជា​ មាន​មនុស្ស​ក្ដៅខ្លួន​ មាន​ក្មេង​អី​ក្ដៅខ្លួន​ បាន​សេចក្ដី​ថា​ មន្ទីរ​សុខាភិបាល​ចុះ​មក​បូម​ឈាម​របស់​គាត់​យក​ទៅ​ពិនិត្យ​ ហើយ​បើ​គ្មាន​មេរោគ​ H5N1​ នោះ​ទេ​ បាន​សេចក្ដី​ថា​ គាត់​ទុក​រយៈពេល​មនុស្ស​ដែល​ក្ដៅខ្លួន​ហ្នឹង​ តាមដាន​រយៈពេល​ ១៤​ថ្ងៃ​ តាមដាន​ជា​ប្រចាំ​»​។​

​លើស​ពី​នេះ​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខ​ប្រមាញ់​ និង​នេសាទ​ រាជធានី​ភ្នំពេញ​ បន្ដ​ថា​ បើ​ទោះជា​កម្លាំង​ចម្រុះ​រាជធានី​ បាន​រួម​គ្នា​តាមដាន​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ នៃ​ជំងឺផ្ដាសាយបក្សី​នេះ​យ៉ាងណា​ក្ដី​ តែ​ខាង​មន្ទីរ​កសិកម្ម​ នៅ​តែ​មាន​ក្ដី​បារម្ភ​ពី​ភាព​ខ្វះចន្លោះ​ដោយ​យថាហេតុ​ណាមួយ​។​ លោក​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ចុងភៅ​ ប្រសិនជា​យក​សត្វ​បក្សី​មក​ធ្វើ​ម្ហូប​ គឺ​ត្រូវធ្វើ​យ៉ាងណា​ចម្អិន​សាច់​នោះ​ឲ្យ​បាន​ឆ្អិន​ល្អ​មុន​នឹង​បរិភោគ​។​ ជាង​នេះ​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹមសត្វ​ មាន់​ ទា​ ជា​លក្ខណៈ​គ្រួសារ​ក្ដី​ ជា​កសិដ្ឋាន​ក្ដី​ ប្រសិនបើ​មាន​ករណី​ សត្វ​មាន់​ ទា​ ឈឺ​ ឬ​សំកុក​ ត្រូវ​ប្រញាប់​ផ្ដល់​ដំណឹង​ទៅ​កាន់​មន្ទីរ​ក​សិ​ម្មក​ ជា​បន្ទាន់​ ដើម្បី​ឲ្យ​មន្ដ្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​សត្វ​បក្សី​ទាំងនោះ​។​

​លោក​ សៀង​ បូ​រិ​ន​ ៖«​ខ្ញុំ​ចង់​ផ្ដាំផ្ញើ​ថា​ គ្រែង​ឡូ​វា​មាន​ខ្វះចន្លោះ​ បាន​សេចក្ដី​ថា​ គាត់​ទៅ​ទិញ​មាន់​ ទា​ បក្សី​នៅ​ហ្នឹង​កន្លែង​លក់​ហ្នឹង​ ត្រូវ​គាត់​ស្ងោរ​ឲ្យ​បាន​ឆ្អិន​មែនទែន​ ដើម្បី​កុំ​ឲ្យ​វា​ប៉ះពាល់​។​ ហ្នឹង​ការ​ផ្ដាំផ្ញើ​របស់​ខ្លុំ​មាន​ប៉ុណ្ណឹង​ ហើយ​ទីណា​ដែល​មាន​មាន់​ ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ហ្នឹង​ មាន​សំកុក​ មានអី​ ត្រូវ​រាយការណ៍​មក​មន្ទីរ​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ជា​បន្ទាន់​»​។​

​ពលរដ្ឋ​ដែល​មាន​រោគ​សញ្ញា​គ្រុនក្ដៅ​ លើស​ពី​ ៣៨.៥​អង្សារ​សេ​ និង​មាន​រោគ​សញ្ញា​ ក្អក​ ឬ​ឈឺ​ក​ ឬ​ក៏​ដកដង្ហើម​ហត់​ ហើយ​មាន​ប្រវត្ដិ​ ធ្លាប់​ប៉ះពាល់​ជាមួយ​សត្វ​បក្សី​ ឈឺ​ ឬ​ងាប់​ ក្នុងអំឡុងពេល​ ៧​ថ្ងៃ​ មុន​ពេល​ចេញ​រោគ​សញ្ញា​ គឺ​ចាត់​ទុក​ថា​ ជា​ករណី​សង្ស័យ​ឆ្លង​ជំងឺផ្ដាសាយបក្សី​។​ ពលរដ្ឋ​ត្រូវ​រួត​រះ​ បញ្ជូន​អ្នកជំងឺ​ ទៅ​កាន់​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​ ដែល​នៅ​ជិត​បំផុត​ដើម្បី​ធ្វើការ​តាមដាន​ និង​ព្យាបាល​ ។​ ប្រជាពលរដ្ឋ​ត្រូវ​ ប្រញាប់​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ដែល​នៅ​ជិត​បំផុត​ ឬ​ហៅ​ទួ​រ​ស័ព្ទ​ទៅ​កាន់​លេខ​ ១១៥​ ដើម្បី​រាយការណ៍​ជំងឺ​រា​ត្បា​ត​ផ្សេងៗ​។​

​គួរ​ជម្រាប​ថា​ ករណី​មាន់ឆ្លង​ជំងឺផ្ដាសាយបក្សី​នៅ​ភូមិ​ភ្នំពេញ​ថ្មី​នេះ​ គឺជា​ករណី​ទី​៤​ហើយ​ ដែល​កាល​ចុងឆ្នាំ​២០១៧​ ករណី​មាន់​ឆ្លង​ជំងឺផ្ដាសាយបក្សី​បាន​កើតឡើង​ចំនួន​ ២​ ករណី​នៅ​ខេត្ដកំពង់ចាម​ និង​មួយ​ករណី​កើតឡើង​នៅ​ខេត្ដកំពង់ធំ​៕​

ព័ត៌មានទាក់ទង

សម្តេច ហ៊ុន សែន គ្រោងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួគី

សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ [...]

ខេត្តកំពតប្រមូលផលស្រូវ បាន ៣៨៧៥៥តោន លើសផែនការរំពឹងទុក

កំពត៖តាមរបាយការណ៍សង្ខេបរបស់ក្រសួងកសិកម្ម រុក្[...]

សម្ដេច ហ៊ុន សែន៖ សក្ដានុពលសេដ្ឋកិច្ចកម្ពុជាគឺជាខ្លាសេដ្ឋកិច្ចថ្មីនៅតំបន់អាស៊ី(មានសំឡេង)

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ថ្លែងថា សក្តានុពលសេដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត