
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្មេងស្រីតូចម្នាក់ដែលមានអាយុត្រឹមតែ ៦ ឆ្នាំ ប៉ុន្តែមានភាពប៉ិនប្រសប់ក្នុងការគូរគំនូរលើដីបានយ៉ាងល្អ។
បើតាមបទកិច្ចសម្ភាសន៍របស់ទូរទស្សន៍ក្នុងស្រុកមួយបានឲ្យដឹងថា ក្មេងស្រីដ៏មានទេពកោសល្យរូបនេះមានឈ្មោះថា ស្រីណុច រស់នៅក្នុងភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំខេត្តសៀមរាប។ ស្រីណុចតែងតែទៅគូរគំនូរលើដីនៅមុខប្រាសាទព្រះខ័នខាងលិច ជាមួយបងស្រីអាយុ ១២ ឆ្នាំ ដែលចេះគូរគំនូរដូចគ្នា ក្នុងបំណងបង្ហាញពីស្នាដៃគូររបស់ខ្លួនទៅកាន់ភ្ញៀវទេសចរ ដើម្បីទទួលបានប្រាក់ឧបត្ថមខ្លះៗយកទៅជួយផ្គត់ផ្គង់ជីវភាពគ្រួសារ។
កំពុងអង្គុយញញឹម ហើយដៃស្តាំកាន់ឈើគូររូបអប្សារាលើដី ស្រីណុចបានរៀបរាប់ឲ្យដឹងថា៖ «ខ្ញុំចេះគូរពីបងស្រីរបស់ខ្ញុំតាំងពីអាយុ៥ឆ្នាំ និងរៀនដោយខ្លួនឯងផង។ ទៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាជាងគំនូរម្នាក់»។ ក្មេងស្រីដែលនិយាយរដឺនៗដ៏ពីរោះស្តាប់តាមបែបអ្នកសៀមរាបរូបនេះបានឲ្យដឹងទៀតថា នាងចង់ចូលរៀននៅសាលាសិល្បៈ តែងមិនដឹងថាបានរៀននៅទីនោះអត់ឫទេ ព្រោះគ្រួសារមានជីវភាពក្រីក្រ ហើយមានបងប្អូនច្រើន។
ស្រីណុច មានបងប្អូន៧ នាក់ ដែលមានឪពុកជាសន្តិសុខ និងម្តាយជាអ្នកលក់ដូរបន្តិចបន្តួចក្នុងបរិវេណតំបន់អង្គរ។ កុមារីវ័យ៦ ឆ្នាំរូបនេះរៀននៅសាលាបឋមសិក្សាដូនឪ ក្នុងខេត្តសៀមរាប ហើយក្នុងឆ្នាំសិក្សាថ្មីនាងនឹងចូលរៀនថ្នាក់ទី២។
សូមបញ្ជាក់ថា ក្រោយពីមានគេបង្ហោះ និងចែកចាយរូបភាពក្មេងស្រីដ៏មានទេពកោសល្យរូបនេះកំពុងអង្គុយគូររូបអប្សរានៅលើដីមុខប្រាសាទព្រះខ័នខាងលិច លើបណ្តាញសង្គមហ្វេសប៊ុកមក នាងត្រូវបានគេកោតសរសើរ និងចាត់ទុកថាក្មេងស្រីដែលពោរពេញដោយទេពកោសល្យម្នាក់ដ៏គួរឲ្យកោតសរសើរ។ ក្រៅពីគូររូបអប្សរា ស្រីណុចក៏មានសមត្ថភាពគូររូបមនុស្សបានយ៉ាងស្អាតផងដែរ៕