ភ្នំពេញ៖ ថ្ងៃកាន់បិណ្ឌ១៥ថ្ងៃ ពុទ្ធបរិស័ទប្រុសស្រីបាននាំគ្នាយកចង្ហាន់ រួមមានម្ហូបអាហារជាដើមនោះ យកទៅប្រគេនព្រះសង្ឃក្នុងបំណង ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនដែលបានចែកឋានទៅ។ បរិមាណនៃម្ហូបអាហារដ៏ច្រើនសន្ធឹកសន្ធាប់ដែលពុទ្ធបរិស័ទបាននាំមកនោះ ជានិច្ចជាកាលព្រះសង្ឃមិនដែលឆាន់អស់នោះទេ។ ឆ្លៀតក្នុងឱកាសសម្បូរចំណីអាហារបែបនេះ ព្រះសង្ឃក៏បានរៀបចំម្ហូបអាហារមួយចំនួនផ្តល់ដល់អ្នកក្រីក្រទទួលទានផងដែរ។
ម៉ោងប្រមាណជាង ១១ ថ្ងៃត្រង់ សំឡេងព្រះធម៌បង្សុកូលរបស់ព្រះសង្ឃវត្តបុទុមវត្តីបានបន្លឺឡើង ប្រៀបបានសំឡេងតូរ្យតន្ត្រីបំពេអារម្មណ៍ពុទ្ធបរិស័ទយ៉ាងពីរោះរណ្ដំ។ ប៉ុន្តែវាគ្មានន័យអ្វីបន្តិចសោះឡើយសម្រាប់អ្នកក្រីក្រមានទាំងក្មេង ទាំងចាស់ដែលកំពុងឈរនៅមាត់ក្លោងទ្វារ ភ្នែកទាំងគូរំពៃមើលទៅចានម្ហូប ដែលដាក់ត្រៀបត្រាលើតុពីមុខព្រះសង្ឃ ដោយសេចក្តីស្រេកឃ្លាន។នេះជាសំឡេងរបស់កុមារដែលកំពុងញុំាបាយក្នុងវត្តបុទុមវត្តី ក្រោយពីព្រះសង្ឃបានឆាន់រួចរាល់។
ជាកុមារក្រីក្រមួយរូប ប្អូនប្រុស សុធា អាយុ ១២ឆ្នាំ និយាយថា ប្អូនជាអ្នកខេត្តកំពុងស្ពឺ ប្អូនមកភ្នំពេញស្នាក់នៅក្នុងវត្តបុទុមវត្តីជាមួយនឹងលោកយាយ។ ប្អូនប្រុសរូបនេះថា លោកយាយមាននាទីជួយរៀបចំទុកដាក់សម្ភារៈក្នុងវត្ត ចំណែកប្អូនលក់ដូរគ្រឿងសក្ការៈបូជាបន្តិចបន្តួច គ្រាន់បានកម្រៃខ្លះផ្គត់ផ្គង់ការរៀនសូត្រ។ កុមារា សុធា បន្តថា នៅពេលព្រះសង្ឃឆាន់រួច ជាពេលដែលប្អូនត្រូវទៅសុំអាហារទាំងនោះពីព្រះសង្ឃដើម្បីទទួលទាន។ សុធា បន្ថែមទៀតថា ម្ហូបអាហារទាំងនោះមានរសជាតិឆ្ងាញ់ និងមានមុខម្ហូបខ្លះប្អូនមិនដែលបានទទួលទានពីមុនមកនោះទេ ព្រោះដោយសារតែគ្រួសារគ្មានលទ្ធភាពចម្អិនឲ្យញុំា។កុមារាសុធា៖ «ខ្ញុំមករកលុយ! មកជាមួយយាយរបស់ខ្ញុំ។ ខ្ញុំជាអ្នកលក់សណ្តែកដាក់ក្នុងសំពៅរំដោះកម្ម រំដោះពៀរ។ ពេលខ្លះមានគេមកបង្សុកូលនៅចេតដិអញ្ចឹង គេចែកលុយជួនណាបាន៥ពាន់ ពេលណាមានមនុស្សច្រើនអញ្ចឹងរកលុយបាន ១ម៉ឺន ២ម៉ឺនដែរ។ ពេលព្រះសង្ឃឆាន់រួច ខ្ញុំចូលទៅញុំាបាយ តែពេលព្រះសង្ឃឲ្យចូលបានពួកយើងហ៊ានចូល»។
មិនខុសពីសុធានោះទេ កុមារា ឌេវិត ដែលកំពុងញុំាបាយក្នុងវត្តនាគវ័ន្តនិយាយថា រហូតមកដល់ពេលនេះ ប្អូនមកញុំាបាយនៅវត្តចំនួនប្រាំបីថ្ងៃមកហើយ។ នេះក៏ដោយសារជីវភាពគ្រួសារខ្សត់ខ្សោយ គាប់ជួននៅរដូវបុណ្យភ្ជុំបិណ្ឌបែបនេះ នៅតាមវត្តអារាមនៅភ្នំពេញតែងតែមានចំណីអាហារច្រើន ប្អូនក៏មកសុំម្ហូបអាហារព្រះសង្ឃដើម្បីទទួលទាន។កុមារា ឌេវិត៖ «ខ្ញុំមកញុំាំបាយនៅវត្តបាន៨ថ្ងៃហើយ ព្រោះដោយសារគ្រួសារក្រីក្រ និងមិនសូវមានម្ហូបអាហារឆ្ញាញ់ៗញុំាំនោះទេ ឆ្លៀតនៅវត្តមានម្ហូបនំចំណីច្រើន ខ្ញុំក៏មកសុំលោកញុំាំបាយ ហើយព្រះសង្ឃក៏មានចិត្តអនុញ្ញាតដល់ក្មេងៗក្រីក្រសុំទានចូលញុំាបាយ»។
ខុសពីអាហារប៊ូហ្វេក្នុងភោជនីយដ្ឋានទំនើបៗ ដែលត្រកូលអភិជន អ្នកមានជីវភាពធូរធារអាចជ្រើសរើសមុខម្ហូបមកញុំាំដោយសេរីនោះ អ្នកក្រីក្រដែលមកអាស្រ័យម្ហូបអាហារនៅវត្តនាថ្ងៃកាន់បិណ្ឌ មិនអាចជ្រើសរើសមុខម្ហូប ឬចល័តទៅមកយកម្ហូបអាហារញុំាំបានតាមសេចក្តីត្រូវការនោះទេ។
ជាកម្មករសំណង់ម្នាក់ទៀត បងស្រី ទេស ម៉ៅ និយាយថា ការងារជាកម្មករបានប្រាក់តិចតួច ឆ្លៀតពេលរដូវបុណ្យកាន់បិណ្ឌនៅវត្តមានបាយ សម្ល នំ ចំណីសម្បូរបែបផងនោះ បងស្រីក៏មកសុំបាយសម្លខ្លះពីព្រះសង្ឃដើម្បីទទួលទាន គ្រាន់បានបន្ធូរបន្ថយការចំណាយលើការហូបចុកប្រចាំថ្ងៃបានមួយគ្រាៗដែរ ។ បងស្រី ទេស ម៉ៅ៖ «ចាសបង ! ខ្ញុំមកញុំាំបាយវត្តអញ្ចឹងវាបានបន្ថូរបន្ថយថ្លៃចំណាយលើម្ហូបអាហារខ្លះ ព្រោះខ្ញុំធ្វើការសំណង់អញ្ចឹង មិនមានលទ្ធភាពទិញម្ហូបឆ្ញាញ់ញុំាំនោះទេ។ ពេលញុំារួចខ្ញុំក៏ឆ្លៀតច្រកទុកខ្លះសម្រាប់ប្តីនៅឯផ្ទះបានញុំាំផងដែរ»។
មិនមែនមានត្រឹមតែអ្នកទីទ័លក្រនោះទេ ដែលមកអាស្រ័យម្ហូបអាហារនៅវត្ត ក៏មានផងដែរកុមារមកពីមជ្ឈមណ្ឌលកុមារកំព្រា បានមកសម្តែងសិល្បៈ ដើម្បីស្វែងរកថវិកានិងញុំាបាយវត្តផងដែរ។
ជាអ្នកដឹកនាំក្រុមកុមារកំព្រាមកពីសមាគមរស្មីកុមារកម្ពុជា អ្នកស្រី កែវ សុភ័ណ្ឌ និយាយថា អ្នកស្រីបាននាំក្មេងៗប្រមាណ ១០នាក់ មកសម្តែងរបាំងត្រុដិនៅតាមវត្តមួយចំនួនក្នុងរាជធានីភ្នំពេញ បំណងដើម្បីប្រមូលថវិកាពីពុទ្ធបរិស័ទ ដែលជាសប្បុរសជនទៅផ្គត់ផ្គង់ការចំណាយរបស់សមាគម។ អ្នកស្រី សុភ័ណ្ឌ បន្តថា មានតែការឆក់ឱកាសនៅរដូវបុណ្យទានដូច្នេះទេ ទើបអាចរកថវិកាមកជួយទប់ទល់នឹងការចំណាយប្រចាំថ្ងៃរបស់កុមារបាន។ អ្នកស្រី កែវ សុភ័ណ្ឌ ៖ «នៅខែបុណ្យទានអញ្ចឹង! យើងមកសុំព្រះសង្ឃ ព្រះសង្ឃក៏អាណិតអនុញ្ញាតដល់ពួកយើងបានរាំត្រុដិដើម្បីយកថវិកា ពីព្រះសង្ឃ និងពុទ្ធបរិស័ទដែលបានមកធ្វើបុណ្យ គ្រាន់បានលុយខ្លះជួយដល់សមាគមកុមារកំព្រា»។
ព្រះសង្ឃក្នុងវត្តបុទុមវត្តី ព្រះតេជគុណព្រះនាម ង៉ែត រ៉ាល់ មានសង្ឃដីកាថា ជារៀងរាល់ថ្ងៃកាន់បិណ្ឌ វត្តបុទុមវត្តីតែងតែរៀបចំបាយសម្លនំចំណីដល់អ្នកក្រីក្រទទួលទានក្រោយពីព្រះសង្ឃឆាន់រួម។ ជាងនេះទៅទៀតព្រះអង្គបន្តថា នៅពេលព្រឹក ព្រះសង្ឃវត្តបុទុមវត្តីក៏មានរៀបចំម្ហូបអាហារមួយមួយចំនួនយកទៅចែកជូនអ្នកជំងឺនៅមន្ទីរពេទ្យផងដែរ។ព្រះតេជគុណ ង៉ែត រ៉ាល់ ៖ «ជាទូទៅពេលព្រះសង្ឃឆាន់រួច យើងចែកជូនដល់អ្នកក្រីក្រពិសារ ។ ចំណែកនៅពេលព្រឹកអាត្មាឲ្យព្រះសង្ឃរៀបមួយម្ហូបអាហារមួយចំណែកទៅចែកជូនប្រជាជនដែលនាំកូនមកព្យាបាលនៅពេទ្យគន្ធាបុប្ផា»។
លើសពីនេះទៅទៀត ព្រះតេជគុណ ង៉ែត រ៉ាល់ បន្តសង្ឃដីកាថា រាល់ឆ្នាំវត្តនៅក្នុងរាជធានីភ្នំពេញតែងតែរក្សានំអន្សម និងនំគមទុក ដើម្បីយកទៅចែកជូនដល់អ្នកទោសនៅពន្ធនាគារពិសានៅថ្ងៃឆ្លងបុណ្យភ្ជុំបិណ្ឌ។ ព្រះតេជគុណ ង៉ែត រ៉ាល់បន្តសង្ឃដីកាបន្ថែមថា៖ «នៅថ្ងៃចុងក្រោយ អាធ្មារៀបនំអន្សុមមួយចំណែកទៅឲ្យព្រះមេគុនដែលជាអ្នកដឹកនាំព្រះសង្ឃក្នុងរាជធានីភ្នំពេញ យកនំអន្សុមទៅចែកជូនអ្នកជាប់ពន្ធនាគារនៅឯគុកព្រៃសទទួលទាន»។
ពុទ្ធបរិស័ទមួយរូបអ្នកស្រី ម៉ម ផល្លា ដែលជាអ្នករស់នៅរាជធានីភ្នំពេញបានប្រាប់ថា អ្នកស្រីបាននាំយកចង្ហាន និងប្រាក់កាសខ្លះទៅប្រគេនព្រះសង្ឃបានចំនួន ៨ វត្ត ដែលជាវត្តនៅភ្នំពេញ។ តាមការសង្កេត អ្នកស្រីលើកឡើងថា វត្តអារាមទាំងអស់នោះ បានរៀបចំទុកដាក់បាយសម្លដែលព្រះសង្ឃបានឆាន់រួច ផ្តល់ដល់អ្នកក្រីក្រដើម្បីបានទទួលទាន។ អ្នកស្រី ផល្លា បន្តថា អ្នកស្រីសប្បាយចិត្តយ៉ាងខ្លាំងពេលដែលបានដឹងថា ម្ហូបអាហារដែលបានយកទៅប្រគេនព្រះសង្ឃនោះ បានដល់ជនក្រីក្រទទួលទាន ដែលនាំឲ្យបុណ្យកុសលរឹតតែកើនទ្វេដង។អ្នកស្រី ម៉ម ផល្លា៖ «ជាប្រការមួយល្អណាស់ដែលយើងបានធ្វើទានចំពោះព្រះសង្ឃហើយ ចង្ហាន់យើងបានធ្វើទានដល់ជនក្រីក្រអនាថាទៀត គឺផលវារឹតតែបានពេលបរិបូរណ៍។ សូម្បីតែអាហារដែលយើងនៅសល់ហ្នឹង យើងយកទៅឲ្យសត្វតរិច្ឆាន ក៏យើងបានបុណ្យដែរ»។
បុណ្យភ្ជុំបិណ្ឌជាពិធីដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរធ្វើបុណ្យដាក់ទាន ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃបិណ្ឌទី១៤ ហើយថ្ងៃទី ១៥ គេហៅថាជាថ្ងៃភ្ជុំបិណ្ឌ ឬថ្ងៃភ្ជុំធំ។ ប្រជាពលរដ្ឋខ្មែរនៅតាមភូមិនីមួយៗ តែងតែចែកវេណគ្នាធ្វើបាយម្ហូប ជាចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់ញាតិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅ។ ប្រជាជនកម្ពុជាមានជំនឿថា កុសលផលបុណ្យដែលគេបានធ្វើតាមរយៈការប្រគេនម្ហូបអាហារដល់ព្រះសង្ឃនោះ នឹងបានដល់ញាតិការទាំងប្រាំពីរសន្ដាន ដែលបានបាក់បែកចែកឋានទៅលោកខាងមុខ។ ទង្វើដែលជាកុសលនេះ បានធ្វើឲ្យពុទ្ធបរិស័ទសប្បាយរីករាយក្នុងចិត្ត។ តែអ្វីដែលរឹតតែធ្វើឲ្យពុទ្ធបរិស័ទជ្រះថ្លាសប្បាយចិត្តជាងនេះទៅទៀតនោះ គឺដោយបានដឹងថាចំណីអាហារដែលគេបានធ្វើ បានដល់ព្រះសង្ឃឆាន់ផង ជាពិសេសគឺបានជាម្ហូបអាហារដល់អ្នកក្រីក្របានទទួលចម្អែតក្រពះផង៕