ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែតុលា នេះ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្ដាលកម្មការិនីចំនួន ២នាក់រងរបួសធ្ងន់ បុរសវ័យចំណាស់ម្នាក់បាក់ជើង ។ នេះបើតាមការឲ្យដឹងពី នាយការិយាល័យចរាចរណ៍ ខេត្ដកំពង់ស្ពឺ។
លោក លៀ ស៊ីណា ជូនសេចក្ដីរាយការណ៍ ៖
រថយន្ដដឹកកម្មករ បានរេចង្កូតទៅបុករូបសំណាក់មុខក្លោងទ្វារវត្ដ ស្ថិតនៅភូមិ តាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បន្ទាប់ពីរថយន្ដនោះព្យាយាមបើកគេម៉ូតូគ្រឿង ដែលបើកកាត់ផ្លូវ។ គ្រោះថ្នាក់ចរារណ៍នេះ បណ្ដាលឲ្យអ្នកនៅក្នុងរថយន្ដចំនួន ៦នាក់រងរបួសស្រាល និង ០២នាក់រងរបួសធ្ងន់។
បន្ថែមលើនេះ លោក ស៊ិន សុវណ្ណធី នាយការិយាល័យចរាចរណ៍ខេត្ដកំពង់ស្ពឹ បានប្រាប់ថា រថយន្ដ និងម៉ូតូ គឺបើកបរក្នុងទិសដៅស្របគ្នា។ ម៉ូតូបានបត់ឆ្លងថ្នល់ បំណងចូលទៅវត្ដ ខណៈរថយន្ដក៏កំពុងបើកក្នុងល្បឿនលឿន ទើបគេចមិនទាន់បណ្ដាលគ្រោះថ្នាក់ដូច្នេះ ៖«តាមរបាយការណ៍របស់មូលដ្ឋានហ្នឹង អ្នករបួសធ្ងន់បីនាក់។ ទី១ តាហ្នឹងគឺបាក់ជើង ហើយកម្មករ ពីរនាក់ស្រីៗហ្នឹង គាត់ទង្គិចក្បាលនិងឡាន ពេលឡានប៉ះនិងតោនៅមាត់ផ្លូវហ្នឹង។ អញ្ចឹងក៏របួស ហើយអ្នកតៃកុងឡានក៏របួសដែរ»។
នាយការិយាល័យចរាចរណ៍ខេត្ដកំពង់ស្ពឹ បន្ដទៀតថា ខេត្ដនេះតែងតែមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ពីព្រោះតែផ្លូវបានចាក់កៅស៊ូស្អាត និងមួយវិញទៀតអ្នកបើកបរភាគច្រើន ខ្វះការអធ្យាស្រ័យគ្នា។
យ៉ាងណាជុំវិញករណីនេះគ្រោះថ្នាក់ចរាចរណ៍នេះ បេឡាជាតិរបបសន្ដិសុខសង្គម ហៅកាត់ថា ប.ស.ស បានចេញសេចក្ដីប្រកាសព័ត៌មានថា កម្មករដែលរងរបួសទាំងអស់ រាល់ការចំណាទាំងការដឹកជញ្ជូន និងសម្រាកព្យាបាល ប.ស.ស គឺជាអ្នករាប់រង រហូតដល់ពួកគាត់ជាសះស្បើយ។
ទាក់ទិនបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ប.ស.ស កាលពីថ្ងៃទី០១ តុលា បានចេញសេចក្ដីអំពាវនាវមួយ ដោយស្នើឲ្យអ្នកបើកយានយន្ដដឹកកម្មករ និងកម្មករនិយោជិតទាំងអស់ ត្រូវធ្វើដំណើប្រកបដោយការប្រយុងប្រយ័ត្ន ពិសេសគឺពេលធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ប.ស.ស ស្នើឲ្យអ្នកបើកបរយានយន្ដដឹកកម្មករ និងកម្មករនិយោជិតទាំងអស់ នៅពេលបើកបរ ត្រូវតែបើកបរឲ្យបានត្រឹមត្រូវ ពាក់មួកសុវត្ថិភាព និងខ្សែក្រវាត់សុវត្ថិភាពជាប់ជានិច្ច។ លើសពីនេះត្រូវបើកបរដោយប្រកាន់ស្ដាំជានិច្ច ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដកុំធ្វេសប្រហែស និងត្រូវប្រុងប្រយ័ត្នគ្រប់ពេល។ ទន្ទឹមគ្នានេះ គឺមិនត្រូវបើកបរលើល្បឿនកំណត់ មិនត្រូវបើកក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬគ្រឿងញៀនឡើយ៕