ភ្នំពេញ៖ របាយការណ៍របស់ធនាគារពិភពលោក បានលើកឡើងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថា នឹងថយចុះបន្តិចមកត្រឹម ៦,៩ ភាគរយ នៅក្នុងឆ្នាំ ២០១៥ ។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែត្រូវបាននាំមុខ ដោយវិស័យសំណង់ ការនាំចេញសម្លៀកបំពាក់ និងវិស័យទេសចរណ៍។
របាយការណ៍របស់ ធនាគារពិភពលោក បានចេញផ្សព្វផ្សាយនៅព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៥ នេះបានឱ្យដឹងថា វិស័យសំណង់ បានក្លាយជាក្បាលម៉ាស៊ីន ដ៏សំខាន់បំផុតនៃកំណើនសេដ្ឋកិច្ចកម្ពុជា ដោយសារតែកម្ពុជា មានស្ថិរភាពនយោយបាយល្អប្រសើរឡើងវិញ និងតម្រូវការនៃប្រើប្រាស់សម្ភារៈសំណង់មានការកើនឡើងវិញ។ ក៏ប៉ុន្តែគេសង្កេតឃើញ មានសញ្ញាណមួយចំនួននៃការបន្តធ្លាក់ចុះ ជាពិសេសលើវិស័យទេសចរណ៍ និងវិស័យកសិកម្ម ដែលវាផ្អែកទៅលើតម្រូវការពីខាងក្រៅ និងតម្លៃផលិតផលអន្តរជាតិ។ ជាលទ្ធផលកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថា នឹងថយចុះបន្តិចមកត្រឹម ៦,៩ ភាគរយ នៅក្នុងឆ្នាំ ២០១៥ ។
លោក លី សូដេត អ្នកសេដ្ឋកិច្ចរបស់ធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា កំណើននៃការនាំចេញ សម្លៀកបំពាក់បានថយចុះ ក្នុងកំលុងពេលឆមាសទីមួយនៃឆ្នាំ ២០១៥ នេះ។ ដូច្នេះ ការកែខៃអត្ថប្រយោជន៍ ប្រកួតប្រជែងរបស់កម្ពុជា គឺជាអាទិភាពមួយ។
លោក សូដេត បានបន្តថា កំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់នៅក្នុងរយៈពេលពីរ បីឆ្នាំកន្លងទៅ បានធ្វើឱ្យសុខុមាលភាព របស់ប្រជាពលរដ្ឋកម្ពុជាមានការកើនឡើង ធ្វើឱ្យយកម្រិតជីវភាពរបស់ពលរដ្ឋកម្ពុជាមានភាពល្អបង្គួរ។ និន្នាការនេះ នឹងបន្តនៅក្នុងឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ជាពិសេសនៅតំបន់ទីប្រជុំជន ដែលសំបូរដោយវិស័យសំណង់ និងវិស័យសេវាកម្ម មានភាពរឹងមាំ។
ទន្ទឹមគ្នានេះដែរ លោក អាកសែល វ៉ាន់ ត្រុតសេនប៊ើគ អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បាននិយាយថា កំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅតែបន្តមានភាពរឹងមាំ ប៉ុន្តែនិន្នាការនៃការថយចុះនេះ បានប្រាប់ដល់អ្នកតាក់តែងគោលនយោបាយនានានៅក្នុងតំបន់នេះឱ្យបន្តផ្តោតការយកចិត្តទុកដាក់ លើការធ្វើកំណែទម្រង់រចនាសម្ព័ន្ធដែលជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច រយៈពេលវែង និងលើគ្រប់វិស័យប្រកបដោយចីរភាព។
អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិករូបនេះ បានបន្តទៀតថា កំណែទម្រង់ទាំងនេះ រួមមាន ការកែលម្អលិខិតបទដ្ឋាន លើផ្នែកហិរញ្ញវត្ថុ ទីផ្សារការងារនិងផលិតផល ព្រមទាំងវិធានការនានា ដែលលើកកម្ពស់តម្លាភាព និងគណនេយ្យភាព។ គោលនយោបាយទាំងនេះ នឹងជួយកសាងទំនុកចិត្តដល់អ្នកវិនិយោគ និងគាំទ្រដល់ទីផ្សារ ហើយនឹងជួយទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ច ដែលអាចជួយប្រជាពលរដ្ឋ រួចចាកផុតពីក្រីក្របាន។
សូមបញ្ជាក់ថា ក្នុងរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃនេះ បានព្យាករណ៍ថា នៅកម្ពុជាទិន្នផលកសិកម្ម ចុះទាបជាងមុន កំពុងតែធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន ទោះបីជាកំណើននេះ នៅរក្សាបានក្នុងកម្រិត ៦,៩ ភាគរយដដែលក៏ដោយក្នុងឆ្នាំនេះ៕