កូរ៉េខាងត្បូង៖ នៅទីបំផុតសភាដ៏មានអំណាចនៃប្រទេសកូរ៉េខាងត្បូង បានបោះឆ្នោតចោទលោកស្រី ប៉ាក គុនហេ ក្នុងសំណុំរឿងអាស្រូវពុករលួយ និងបំពានអំណាចរដ្ឋដែលនាំឲ្យលោកស្រីត្រូវតុលាការរដ្ឋធម្មនុញ្ញបើកជំនុំជម្រះក្ដីនៅពេលខាងមុខ។
នៅក្នុងការបោះឆ្នោតសម្ដែងការទុកចិត្ដកាលពី រសៀលម៉ោងបីនៅថ្ងៃសុក្រ ទី០៩ ធ្នូ សមាជិកសភាដែលប្រឆាំងលោកស្រីមានចំនួន ២៣៤ រូបហើយ ៥៦ រូប មិនគាំទ្រដែលចំនួននេះគឺលើសពី ២ភាគ៣ ទៅទៀតដែលតម្រូវឲ្យលោកស្រីស្ថិតក្នុងស្ថានភាពមិនអាចប្រើប្រាស់អំណាចប្រធានាធិបតីបានទៀតឡើយ។ មានន័យថា អំណាចទាំងអស់ត្រូវធ្លាក់ទៅនាយករដ្ឋមន្ដ្រី។
នៅក្នុងការបោះឆ្នោតសម្ដែងការទុកចិត្ដព្រឹកមិញនេះប្រធានរដ្ឋសភា ជុង ស៊ីឃ្យុង បានប្រកាសថា ចាប់ពីថ្ងៃនេះតទៅលោកស្រី ប៉ាក គុនហេ មានរឿងអាស្រូវ ហើយកិច្ចការរបស់រដ្ឋទាំងអស់លោកស្រីមិនអាចពាក់ព័ន្ធបានទៀតឡើយ ទោះបីមិនទាន់ដកហូតតំណែងពីលោកស្រីក៏ដោយ។
ការដែលសភាបោះឆ្នោតសម្ដែងការទុកចិត្ដប្រឆាំងនឹងលោកស្រី គឺមានន័យថា រយៈពេលយ៉ាងយូ ៦ខែទៀតលោកស្រី ប៉ាក គុនហេ អាចនឹងបាត់បង់អំណាចទាំងស្រុងប្រសិនបើតុលាការព្រហ្មទណ្ឌ រកកំហុសលោកស្រីឃើញ។ យ៉ាងណាក៏ដោយលោកស្រី ត្រូវឆ្លងកាត់ការជំនុំជម្រះក្ដីពីតុលាការធម្មនុញ្ញជាមុនសិន មុននឹងរដ្ឋអាជ្ញាធ្វើការចោទប្រកាន់លោកស្រីក្នុងសំណុំរឿងនេះ។ អ្វីដែលនាំឲ្យលោកស្រីប្រឈមមុខដូចនេះគឺដោយសារមិត្ដភក្ដិគឺលោកស្រី ឆន ឈុនស៊ីល ប្រើប្រាស់ឥទ្ធិពលរបស់លោកស្រីជាប្រធានាធិបតី ទៅអង្គាសប្រាក់មូលិធិដែលជាទង្វើខុសច្បាប់។ ករណីនេះនាំឲ្យជំនួយការរបស់លោកស្រី ប៉ាក គុនហេ បីនាក់ត្រូវរដ្ឋអាជ្ញាចាប់ឃុំខ្លួន៕ ប្រភព៖ BBC