អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិនៃប្រទេសកូរ៉េខាងត្បូងដែលស្រង់មកចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មានBBC បានឱ្យដឹងថា រហូតមកដល់ពេលនេះរបបទីក្រុងព្យុងយ៉ាងនៅមិនទាន់ឆ្លើយតបជាផ្លូវការអំពីជំនួបរវាងលោកត្រាំ និងលោក គីម ជុងអ៊ុន។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា កូរ៉េខាងត្បូងបានផ្ដល់ព័ត៌មានថា លោកត្រាំចង់មានជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន នៅចុងខែឧសភា ប្រសិនបើរបៀបវារៈផ្ដោតទៅលើការរំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
កាលពីសប្ដាហ៍មុន លោកត្រាំដែលបានជួបជាមួយប្រេសិតកូរ៉េខាងត្បូងអំពីឆន្ទៈរបស់កូរ៉េខាងជើងចង់ចរចានោះ គឺលោកត្រាំបានសម្រេចថា នឹងជួបជាមួយលោក គីម ជុងអ៊ុន នៅចុងខែឧសភានៅឆ្នាំ២០១៨នេះ តែលោកមិនបានប្រាប់ថា ជំនួបនេះត្រូវធ្វើឡើងនៅប្រទេសណានោះទេ។
ការប្រកាសរបស់លោកត្រាំបាននាំអោយមានការភ្ញាក់ផ្អើលជាខ្លាំងដោយទទួលបានការសាទរពីប្រទេសរុស្ស៊ី កូរ៉េខាងត្បូង ជប៉ុន និងចិន។
មកដល់ពេលនេះទីក្រុងប៉េកាំងស្ថិតនៅក្នុងស្ថានភាពស្ងប់ស្ងាត់នៅឡើយ ខណៈអាមេរិក និងកូរ៉េខាងត្បូងមានផែនការធ្វើសមយុទ្ធយោធាមួយលើកទៀតនៅដើមខែមេសា ដែលករណីទំនងធ្វើអោយទីក្រុងព្យុងយ៉ាងមានភាពស្ទាក់ស្ទើរ ។យ៉ាងណាក៏ដោយលោកត្រាំបានដាក់លក្ខខ័ណ្ឌជាមុនថា ការចរចា គឺនិយាយតែមួយគត់ការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕ BBC