មន្ត្រីបាននិយាយកាលពីថ្ងៃពុធទី១៦ ខែកញ្ញា ឆ្នាំ២០១៥ថា ក្នុងការប៉ះទង្គិចជាបន្តបន្ទាប់ចុងក្រោយបំផុត ទៅលើផែនការបង្កើតសហប្រព័ន្ធមួយ ប៉ូលីសនេប៉ាល់បានបាញ់គ្រាប់កាំភ្លើងជ័រទៅក្នុងហ្វូងបាតុករ បណ្ដាលឲ្យមនុស្សបួននាក់ស្លាប់ ក្នុងនោះមានទាំងក្មេងប្រុសអាយុបួនឆ្នាំម្នាក់ផងដែរ។
យោងតាមព័ត៌មានពី Channel News Asia បានផ្សាយកាលពីម្សិលមិញ ឲ្យដឹងថា មានមនុស្សជាង ៤០ នាក់ ក្នុងនោះភាគច្រើនជាក្រុមអ្នកតវ៉ា ត្រូវបានសម្លាប់ចាប់តាំងពីសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីមួយ ត្រូវបានបង្ហាញនៅក្នុងខែសីហា ដែលក្រុមជនជាតិភាគតិចនៅតំបន់ទំនាបភាគខាងត្បូង ប្រឆាំង
នឹងផែនការនោះ ដែលវាអាចនឹងបែងចែកទឹកដីកំណើតរបស់ពួកគេ។
រដ្ឋធម្មនុញ្ញ ដែលគេបានរង់ចាំអស់រយៈពេលយ៉ាងយូរនោះ អាចនឹងត្រូវអនុម័តនៅព្រឹកថ្ងៃអាទិត្យខាងមុខនេះ ។ ក្រុមអ្នកគាំទ្ររដ្ឋធម្មនុញ្ញនិយាយថា វានឹងតម្រូវឲ្យមានស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច ដើម្បីឲ្យប្រទេសជាតិនេះរើខ្លួនឡើងវិញចេញពីសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ ហើយនិងការបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីពីរបន្តបន្ទាប់គ្នាកាលពីពេលថ្មីៗនេះ។
ប៉ុន្តែនៅតែបន្តមានការប្រឆាំងជំទាស់យ៉ាងខ្លាំងនឹងផែនការនេះ ដែលវាអាចបង្កើតជាប្រព័ន្ធសហព័ន្ធមួយ ហើយបំបែកក្រវាត់ទំនាបភាគខាងត្បូង បញ្ចូលទៅក្នុងខេត្តធំៗជាមួយនឹងជនជាតិភាគតិចផ្សេងៗទៀត។
កាលពីល្ងាចថ្ងៃអង្គារ អភិបាលស្រុកម្នាក់ បានថ្លែងថា បាតុករនៅស្រុកភាគខាងត្បូង បានគប់ដុំថ្ម និងដបសាំងទៅលើក្បួនរថយន្តដឹកទំនិញ ដែលការពារដោយនគបាល។
អភិបាលស្រុករូបនោះបានឱ្យដឹងថា ប៉ូលីសបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុការ ប៉ុន្តែមិនបានជោគជ័យ ទើបពួកគេបាញ់គ្រាប់កាំភ្លើងជ័រវិញម្ដង។
ក្មេងប្រុសអាយុបួនឆ្នាំម្នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានេះ ហើយក្រុមអ្នកតវ៉ាបីនាក់ស្លាប់ ហើយអ្នកតវ៉ាប្រាំនាក់ផ្សេងទៀងរងរបួស និង ប៉ូលីសបានរងរបួស២០ នាក់ផងដែរ៕