ភ្នំពេញ៖ កីឡាការិនីកូនកាត់ខ្មែរមានសញ្ជាតិអាមេរិកឈ្នះមេដាយមាសក្នុងការប្រកួតកីឡាជឺជីតស៊ូជាប្រទេសកីការបោកចំបាប់ប្រេស៊ីលកំពុងមានភាពល្បីល្បាញក្នុងព្រឹត្តិការប្រកួតកីឡាអាស៊ីនៅប្រទេសឥណ្ឌូនេស៊ី។ កីឡាការិនីវ័យក្មេងកំពុងបង្ហាញសមត្ថិភាពស្ត្រីខ្លាំងក្នុងការលើកកម្ពស់សមភាពយ៉ែនឌ័រលើឆាកអន្តរជាតិ។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកទី ១៨ ឆ្នាំ ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី(18th Asian Games) កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនី ៤៣នាក់ ក្នុងចំណោមប្រភេទកីឡា ១៣ ប្រភេទផ្សេងគ្នា។ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីឆ្នាំនេះមានកីឡាករកីឡាការិនីចូលរួមប្រកួងមកពី៤៥ប្រទេសជុំវិញពិភពលោក។
កញ្ញា ខាន់ ចេសា ជាកីឡាការិនីកូនកាត់ដែលម្តាយមានសញ្ញាតិអាមេរិកដើមកំណើតខ្មែរនិងឪពុកជាជនជាតិម៉ិកស៊ិចកូកំពុងរស់នៅសហរដ្ឋអាមេរិក។
កីឡាការិនី ខាន់ ចេសា បានដណ្តើមមេដាយមាសមួយគ្រឿងក្នុងការប្រកួតប្រភេទកីឡាជឺជីតស៊ូ ក្នុងទម្ងន់ ៤៩គីឡូក្រាម ក្រោយផ្តួលកីឡាការិនីអារ៉ាប់រួមក្នុងលទ្ធពិន្ទុ១០០ទល់០នៅវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការប្រកួតកីឡាអាស៊ីនៅទីក្រុងហ្សាកាតា។
អង្គការសង្គមស៊ីវិលបម្រើការងារក្នុងកិច្ចការលើកកម្ពស់សមភាពយ៉េនឌ័របង្ហាញការសាទរចំពោះកីឡាការិនីវ័យ១៦ឈ្នះមេដាយមាសទី១សម្រាប់ប្រទេសកម្ពុជាក្នុងការកសាងកិត្តិយសលើកកម្ពស់ស្ត្រីនៅក្នុងវិស័យកីឡារ។
លោកស្រី រស់ សុភាព នាយិកាអង្គការយ៉េនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជាហៅកាត់ថាGAD’C មានប្រសាសន៍ថា កីឡាការិនី ខាន់ ចេសា បានដណ្តើមមេដាយមាសមួយគ្រឿងក្នុងព្រឹត្តិការប្រកួតកីឡាអាស៊ីនៅប្រទេសឥណ្ឌូនេស៊ីជាភស្តុតាងមួយបញ្ជាក់ថាស្ត្រីក៏មានសមត្ថិភាពដូចបុរសដែរ។
លោកស្រី រស់ សុភាព៖ «ខ្ញុំបានមើលឃើញថា ជាក់ស្តែងស្រ្តីវ័យក្មេងម្នាក់នោះគាត់បានចូលប្រកួតកីឡាគឺបង្ហាញអំពីលក្ខណនៃការចូលរួមរបស់ស្រ្តីនៅក្នុងគ្រប់វិស័យទំាងអស់ទំាងអស់ អញ្ចឹងការយល់ដឹងអំពីបញ្ហាយ៉េនឌ័រវាអាចមានការីកចម្រើនបើយើងប្រៀបធៀបកាលពីកន្លងមក»។
ក្នុងចំណោមកីឡាករ-កីឡាការិនីចំនួន ៤៣ នាក់ ក្នុងនោះកីឡាការិនីមានចំនួន១៥នាក់ក្នុងប្រភេទកីឡា តេក្វាន់ដូ ហែលទឹក គុនដាវ ចំបាប់ សូហ្វតិន្និស អត្តពលកម្ម និងជឺ ជីត ស៊ូ។
ទោះបីជាកីឡាការិនីមានចំនួនតិចជាងកីឡាករចូលរួមប្រកួតកីឡាអាស៊ីឆ្នាំនេះក៏ដោយ លោកស្រី រស់ សុភាព យល់ថា ការបង្ហាញសមត្ថភាពស្ត្រីក្នុងវិស័យកីឡាជាសារមួយសម្រាប់ជំរុញលើកទឹកស្ត្រីវ័យក្មេងផ្សេងទៀតឱ្យចាប់អារម្មណ៍អាជីពក្នុងវិស័យកីឡា ហើយក៏ជាសារមួយសម្រាប់អ្នកម្តាយទាំងអស់ជួយជំរុញលើកទឹកកូនស្រីគាត់ដែលស្រលាញ់និងមានទេពកោសលក្នុងវិស័យកីឡាផងដែរ។
លោកស្រី រស់ សុភាព៖«យើងមើលឃើញថាស្រ្តីអាចធ្វើបានគ្រប់វិស័យទំាងអស់អញ្ចឹងចង់ឱ្យសង្គមកុំមើលរំលង ហើយវាជាសារដល់មាតាបីតារបស់ស្រ្តីនិងក្មេងស្រីផងដែរ ដើម្បីឱ្យគាត់នឹងលើកទឹកចិត្តកូនរបស់គាត់ ប្រសិនបើកូនរបស់គាត់មានលក្ខណពូកែទៅលើអ្វីមួួយសូមឱ្យជួយជំរុញ កុំរារំាងគាត់ នៅពេលយើងជំរុញគាត់ គាត់នឹងទទួលបានជោគជ័យព្រោះមនុស្សយើងកាលណាកើតមកមានលក្ខណផ្សេងៗគ្នា អ្នកខ្លះចូលចិត្តកីឡា អ្នកខ្លះចូលចិត្តដេរប៉ាក់ អ្នកខ្លះចូលចិត្តធ្វើជាសាស្រ្តាចារ្យ អ្នកចូលចិត្តបច្ចេកទេស អញ្ចឹកកាលពីមុនមកសង្គមយើងរើសអើងយើងគិតថាមានតែបុរសទេធ្វើអាហ្នឹងបាន»។
ម្ចាស់មេដាយមាសតេក្វាន់ដូរឆ្នាំ ២០១៤ កញ្ញា ស៊នសៀវម៉ី ក៏បង្ហាញវត្តមានក្នុងព្រឹត្តិការប្រកួតកីឡាអាស៊ីឆ្នាំនេះដែរ ប៉ុន្តែកញ្ញាខនខានឈ្នះមេដាយព្រោះកញ្ញាធ្លាក់នៅក្នុងវគ្គជម្រុះ៨នាក់ចុងក្រោយក្នុងទម្ងន់៦៧គីឡូក្រាម។
ស្ត្រីក្នុងវិស័យកីឡាកម្ពុជាបានកសាងភាពល្បីល្បាញនៅលើឆាកអន្តរជាតិមិនចាញ់បុរសប៉ុន្មាននោះទេ។
ជាក់ស្តែង កីឡាការិនី កែ ឡេង ជាម្ចាស់មេដាមាសពិពភលោកបីជំនាន់នៅឆ្នាំ ២០១៣ ២០១៥ និង លើកចុងក្រោយ វីរៈកីឡាការិនី កែ ឡេង បានចាប់ដៃគូជាមួយកីឡាការិនី អ៊ុក ស្រីមុំ វាយឈ្នះកីឡាការិនីថៃក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមបានមេដាយមមាសពិពភលោកក្នុងការប្រកួតដណ្តើមជើងឯក«កីឡាប៉េតង់ស្ត្រីពិពភលោក» នៅទីក្រុង ខាយហ៊រ (Kaihua) ប្រទេសចិន កាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៧។
លើសពីនេះ កីឡាការិនី ស្រួង ភារី ដែលជាអ្នកលេងកីឡាស្នូកឃ័រ ឬកីឡាប៊ីយ៉ា លំដាប់ពិភពលោក មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ប៉ុន្តែនាងរស់នៅជាមួយស្វាមីនៅប្រទេសកូរ៉េខាងត្បូង។
បច្ចុប្បន្នកីឡាការិនីរូបនេះកំពុងហ្វឹកហាត់លេងកីឡាស្នូកឃ័រតំណាងឱ្យកម្ពុជា។នាងធ្លាប់បានបដិសេធជាច្រើនដងក្នុងការទទួលយកសញ្ញាតិកូរ៉េ ព្រោះនាងចង់តំណាងកីឡារការិនីឱ្យកម្ពុជា។ កីឡាការិនីស្នូកឃ័រលំដាប់ពិភពលោករូបនេះធ្លាប់ឈ្នះជើងឯកនៅកូរ៉េ និងជើងឯករងពិភពលោកនៅសហរដ្ឋអាមេរិកឆ្នាំ ២០១៧ និងឈ្នះមេដាសមាសយ៉ាងតិច១២គ្រឿង។
ទោះបីយ៉ាងណា កីឡាករកម្ពុជាប្រភេទម៉ួតូទឹកបានឈ្នះមេដាយមាសមួយគ្រឿងនៅថ្ងៃនេះ នៅប្រទេសម៉ាឡេស៊ី។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដាក់ក្តីរំពឹងថា កម្ពុជានឹងទទួលបានមេដាយមាសយ៉ាងតិចពីរគ្រឿងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីនលើកទី១៨នេះ។
ក្នុងព្រឹត្តិការប្រកួតកីឡាអាស៊ីនៅប្រទេសឥណ្ឌូនេស៊ី កម្ពុជាឈ្នះមេដាមាសចំនួនពីរ គិតមកត្រឹមថ្ងៃទី ២៥ សីហានេះ ដែលនាំកម្ពុជារំកិលឡើងឈរក្នុងលំដាប់លេខទី១៦ ក្នុងចំណោមប្រទេស៣០ឈ្នះមេដាយ៕