យោងតាម C N A យ៉ាងហោចណាស់មានសិស្សសាលាចំនួន ១១នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាស និងការបាញ់ប្រហារទៅលើភូមិមួយក្នុងប្រទេសមីយ៉ាន់ម៉ា។ របបយោធាភូមាបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅក្រុមឧទ្ទាមលាក់ខ្លួននៅក្នុងតំបន់នោះ។ រាយការណ៍ដោយ……….
ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់កុមារ(UNICEF) បានថ្កោលទោសចំពោះហេតុការណ៍កាលពីថ្ងៃសុក្រ ថ្ងៃទី ១៦ ខែកញ្ញា នៅសង្កាត់ Depeyin ក្នុងតំបន់Sagaing ។អង្គការយូនីសេហ្វបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា “កាលពីថ្ងៃទី 16 ខែកញ្ញា យ៉ាងហោចណាស់មានកុមារចំនួន 11 នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាស និងការបាញ់ប្រហារដោយមិនរើសមុខនៅក្នុងភូមិជនស៊ីវិលរស់នៅ”។របាយការណ៍បានបន្ថែមថាសាលារៀនត្រូវតែមានសុវត្ថិភាព និងមិនមែនជាគោលដៅវាយប្រហារនោះទេ។
អង្គការ UNICEF បានអោយដឹងថា«យ៉ាងហោចណាស់មានកុមារ ១៥ នាក់មកពីសាលាជាមួយគ្នាបានបាត់ខ្លួន និងបានអំពាវនាវឲ្យមានការដោះលែងកុមារជាសិស្សសាលាទាំងនោះជាបន្ទាន់និងដោយសុវត្ថិភាព។
ខ្សែវីដេអូដែលទទួលបានពីសហគមន៍មូលដ្ឋានបង្ហាញពីថ្នាក់រៀនមានឈាមនៅលើកំរាលឥដ្ឋ ខូចខាតដំបូលសាលា និងម្តាយជនរងគ្រោះយំស្រក់ទឹកភ្នែកលើសាកសពកូនប្រុសរបស់ខ្លួន។
របបយោធាបានបញ្ជាក់ថា ពួកគេបានបញ្ជូនទាហានតាមឧទ្ធម្ភាគចក្រទៅកាន់តំបន់នោះ បន្ទាប់ពីបានទទួលព័ត៌មានថា យុទ្ធជនមកពីកងទ័ពឯករាជ្យ Kachin ជាក្រុមឧទ្ទាមជនជាតិភាគតិច និងកងជីវពល
តស៊ូប្រឆាំងរដ្ឋប្រហារ កំពុងចល័តកងកម្លាំងនៅក្នុងតំបន់នោះ។ក្រុមយោធាបានចោទប្រកាន់ក្រុមឧទ្ទាមថា បានប្រើប្រាស់ជនស៊ីវិលធ្វើជាខែលការពារ ហើយបាននិយាយថា ខ្លួនបានរឹបអូសគ្រាប់មីន និងគ្រឿងផ្ទុះមួយចំនួនពីក្នុងភូមិនោះ។
តំបន់ Sagaing ភាគពាយ័ព្យរបស់ប្រទេសនេះ មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបំផុត។ ចំពេលមានការប៉ះទង្គិចគ្នារវាងក្រុមប្រឆាំងរដ្ឋប្រហារ និងយោធា ភូមិទាំងមូលត្រូវបានដុតបំផ្លាញ។
លោក Hassan Noor នាយកប្រចាំតំបន់នៃអង្គការ Save the Children Asia បានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ហើយបាននិយាយថា សាលារៀនគួរតែត្រូវបានបិទ ហើយសុវត្ថិភាពរបស់សិស្សត្រូវបានការពារ។«តើមានឧប្បត្តិហេតុបែបនេះប៉ុន្មានទៀតដែលនឹងកើតឡើងមុនពេលមានចំណាត់ការ? លោក Noor បាននិយាយដោយជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាត់វិធានការឱ្យបានឆាប់រហ័ស។ រហូតមកដល់ពេលនេះ អាស៊ានបានដឹកនាំប្រជុំកម្រិតការទូតក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលពុំទទួលបានលទ្ធផលនៅឡើយ។មេដឹកនាំអាស៊ាននឹងជួបប្រជុំគ្នានៅទីក្រុងភ្នំពេញក្នុងខែវិច្ឆិកា ដើម្បីពិភាក្សាអំពីវឌ្ឍនភាពលើផែនការសន្តិភាពរបស់ភូមា។
មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុន ដោយជនស៊ីវិលជិត 2,300 នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបលើក្រុមប្រឆាំង នេះបើយោងតាមក្រុមឃ្លាំមើលក្នុងស្រុកមួយ។
ប្រភព៖ C N A ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២២