ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករ ៤៣៤ ៨០៧ តោន ក្នុងរយៈពេល ១០ ខែដំបូងក្នុងឆ្នាំ២០១៨ ដែលចំនួននេះបានធ្លាក់ចុះ ១៣,២០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ផ្លូវការណ៍ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ។

យ៉ាងណាអ្នករកស៊ីក្នុងវិស័យស្រូវអង្ករលើកឡើងថា ការធ្លាក់ចុះការនាំចេញអង្ករ ដោយសារតែកង្វះស្រូវស្តុកទុកដើម្បីផ្គត់ផ្គង់ឧស្សាហកម្មនេះ។
យោងតាមរបាយការណ៍ដដែរ សមាជិកសភាអឺរ៉ុបនាំអង្ករចូលពីកម្ពុជាមានចំនួន ២១២ ៥១៣តោន ប្រទេសចិនមានចំនួន ១១៣ ៥៣៧តោន និងសមាជិកអាស៊ានរួមមាន ប្រ៊ុយណេ វៀតណាម និងសឹង្ហបុរី មានចំនួន ៤៥ ៥២៦តោន។
ផ្អែកតាមតួលេខនេះសហភាពអឺរ៉ុបបានឈរលំដាប់លេខមួយក្នុងការនាំអង្ករពីកម្ពុជា បន្ទាប់មកគឺប្រទេសចិន។
កាលពីដើមខែកញ្ញាឆ្នាំ២០១៨ គណៈកម្មាការអឺរ៉ុបបានទទួលយកសំណើរបស់កសិករអ៊ីតាលីថា នឹងពិនិត្យឡើងវិញលើការអនុគ្រោះពន្ធនាំចូលអង្ករពីប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ព្រោះការលើកលែងពន្ធនាំចូលអង្ករពីកម្ពុជាបានប៉ះពាល់ដល់ទីផ្សារអង្កររបស់កសិករអ៊ីតាលី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានគណៈកម្មាការអឺរ៉ុប។
កាលពីថ្ងៃទី ១៦ មិនា គណៈកម្មាការអឺរ៉ុបបានធ្វើការស៊ើបអង្កេតចំពោះការនាំចូលអង្ករកម្ពុជាទៅសហភាពអឺរ៉ុបថា តើមានភាពស្មើគ្នាចំពោះកសិករនៅអឺរ៉ុបដែរឬយ៉ាងណា។ ការស៊ើបអង្កេតនេះធ្វើឡើងតាមសំណើរបស់ប្រទេសអ៊ីតាលីស្នើសុំឱ្យមានវិធានការរឹតបន្តឹងលើការនាំចូល និងគិតអត្រាពន្ធអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា។
ជុំវិញបញ្ហានេះមន្ត្រីក្រសួងកសិកម្មសុំមិនធ្វើការអត្ថាធិប្បាយចំពោះវិធានការគណៈកម្មការអឺរ៉ុបគ្រោងពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងអនុគ្រោះពន្ធលើទំនិញនាំចេញអង្ករពីកម្ពុជាទេ។
សូមជម្រាបថា កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេស បានជាង៦៣ម៉ឺនតោនកាលពីឆ្នាំ២០១៧ ។
កម្ពុជាទើបនឹងគ្រងពានរង្វាន់អង្ករល្អជាងគេបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ ២០១៨នេះ ក្នុងសន្និសីទស្រូវអង្ករពិភពលោកលើកទី១០ នៅប្រទេសវៀតណាម។
អង្ករកម្ពុជានាំទៅទីផ្សារអឺរ៉ុបបានកើនឡើងជាបន្តបន្ទាប់ចាប់ពី ១៣ ភាគរយ កាលពីឆ្នាំ ២០១៣ និងកើនឡើងរហូតដល់ ២១ ភាគរយ កាលពីឆ្នាំ ២០១៧។ ប៉ុន្តែទីផ្សារអង្កររបស់កសិករអឺរ៉ុបបានធ្លាក់ចុះពី ៥២ ភាគរយ មកនៅត្រឹម ៣០ ភាគរយក្នុងរយៈពេលដូចគ្នា៕